នៅក្នុងជំពូកនេះ គេចាប់ផ្តើមសិក្សាពីបញ្ញត្តិនៃអនុគមន៍អិចស្ប៉ូណង់ស្យែល សង់ក្រាបតាងអនុគមន៍ ដោះស្រាយសមីការ និងវិសមីការអិចស្ប៉ូណង់ស្យែល ដែលជាមធ្យោបាយសំខាន់សម្រាប់សិក្សាពីបញ្ញត្តិ ក្រាប សមីការ និងវិសមីការលោការីត ។ បន្ទាប់ពីទទួលបានបញ្ញត្តិអនុគមន៍អិចស្ប៉ូណង់ស្យែលនិងលោការីត សិស្សអាចយកចំណេះដឹងនិងបំណិនទៅដោះស្រាយចំណោទបញ្ហាដែលទាក់ទងនឹងការប្រាក់ កំណើនភ្ញៀវទេសចរដែលចូលមកទស្សនាប្រាសាទអង្គរវត្ត កំណើនប្រជាជន និងសម្រាប់ដោះស្រាយចំណោទបញ្ហាផ្សេងទៀតដែលជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃ ។
សង់ក្រាបនៃអនុគមន៍អិចស្ប៉ូណង់ស្យែល
ដោះស្រាយសមីការនិងវិសមីការអិចស្ប៉ូណង់ស្យែល ។
អនុគមន៍អិចស្ប៉ូណង់ស្យែល
និយមន័យនៃអិចស្ប៉ូណង់ស្យែល
គេឱ្យកន្សោមស្វ័យគុណដូចខាងក្រោម ៖
\((-3)^x\), \(1^x\), \(0^x\)
\(3^x\) ហៅថា អិចស្ប៉ូណង់ស្យែល ។
\(\left(\dfrac{1}{3}\right)^{2x+1}\) ហៅថា អិចស្ប៉ូណង់ស្យែល ។
អិចស្ប៉ូណង់ស្យែលគឺជាកន្សោមស្វ័យគុណដែលមាននិទស្សន្តជាអថេរ និងមានគោលជាចំនួនវិជ្ជមានខុសពី \(1\) ។
និយមន័យនៃអនុគមន៍អិចស្ប៉ូណង់ស្យែល
គេឱ្យទំនាក់ទំនងដូចខាងក្រោម ៖
\(f(x) = (-3)^x\)
\(f(x) = 1^x\)
\(f(x) = 0^x\)
\(f(x) = 3^x\) ទំនាក់ទំនងនេះហៅថា អនុគមន៍អិចស្ប៉ូណង់ស្យែល ។
\(f(x) = 3^{-x+1}\) ទំនាក់ទំនងនេះហៅថា អនុគមន៍អិចស្ប៉ូណង់ស្យែល ។
អនុគមន៍អិចស្ប៉ូណង់ស្យែលគឺជាអនុគមន៍ស្វ័យគុណដែលមានអថេរឯករាជ្យជានិទស្សន្ត និងមានគោលជាចំនួនវិជ្ជមានខុសពី \(1\) ។
ក្រាបនៃអនុគមន៍អិចស្ប៉ូណង់ស្យែល
គេសង់ក្រាបនៃអនុគមន៍ \(f(x) = 2^x\), \(g(x) = (1.5)^x\), \(h(x) = 1^x\), \(k(x) = (0.5)^x\) ក្នុងតម្រុយតែមួយ ។
តារាងតម្លៃត្រូវគ្នានៃ \(x\) និង \(y\)
តាមក្រាបយើងសង្កេតឃើញថា គ្រប់ក្រាបរបស់អនុគមន៍អិចស្ប៉ូណង់ស្យែលដែលមានរាង \(y = a^x\) កាត់តាមចំណុចដែលមានកូអរដោនេ \((0, 1)\) ជានិច្ច ។
បើ \(x > 0\) នោះ \((1.5)^x < 2^x\) ។ ដូច្នេះ ក្នុងកាដ្រង់ទី \(1\) ក្រាបនៃអនុគមន៍ \(g(x) = (1.5)^x\) ស្ថិតនៅក្រោមក្រាបនៃអនុគមន៍ \(f(x) = 2^x\) ។
អនុគមន៍ \(h(x) = 1^x\) មានក្រាបជាបន្ទាត់ស្របនឹងអ័ក្សអាប់ស៊ីស និងនៅពីលើអ័ក្សអាប់ស៊ីសចំនួន \(1\) ឯកតា ចំពោះគ្រប់តម្លៃ \(x\) ។
បើ \(x > 0\) នោះ \((0.5)^x < 1\) ។ ដូច្នេះ បើ \(x\) យកតម្លៃកើនធំឡើងៗ នោះ \(k(x) = (0.5)^x\) មានតម្លៃចុះតូចទៅៗ ហើយខិតទៅរក \(0\) ។
បើ \(x < 0\) នោះ \((0.5)^x\) មានតម្លៃធំឡើងៗគ្មានកំណត់ ។
អនុគមន៍អិចស្ប៉ូណង់ស្យែល \(y = a^x\) មានក្រាប
បើ \(a > 1\) ក្រាបនៃ \(y = a^x\) កើនពីឆ្វេងទៅស្តាំ គេថា \(y = a^x\) ជាអនុគមន៍កើន
បើ \(0 < a < 1\) ក្រាបនៃ \(y = a^x\) ចុះពីឆ្វេងទៅស្តាំ គេថា \(y = a^x\) ជាអនុគមន៍ចុះ
អនុគមន៍ \(y = a^x\) វិជ្ជមានជានិច្ច \(\forall x \in \mathbb{R}\) បើ \(a\) ជាចំនួនពិតវិជ្ជមាននិងខុសពី \(1\)
ក្រាបនៃអនុគមន៍ \(y = a^x\) កាត់អ័ក្សអរដោនេត្រង់ \((0, 1)\) ជានិច្ច ។
សង់ក្រាប ក. \(y = 4^x\) ខ. \(y = \left(\dfrac{1}{4}\right)^x\) ។
ក. តារាងតម្លៃត្រូវគ្នានៃ \(x\) និង \(y\)
ខ. តារាងតម្លៃត្រូវគ្នានៃ \(x\) និង \(y\)
សង់ក្រាបអនុគមន៍ ក. \(y = 10^x\) ខ. \(y = \left(\dfrac{1}{10}\right)^x\) ។
លក្ខណៈក្រាបនៃអនុគមន៍អិចស្ប៉ូណង់ស្យែល
សង់ក្រាបនៃអនុគមន៍ \(y = 2^x + 1\) ។
តារាងតម្លៃត្រូវគ្នានៃ \(x\) និង \(y\)
តាមក្រាបគេសង្កេតឃើញថា ដើម្បីសង់ក្រាប \(y = 2^x + 1\) ដំបូងគេសង់ក្រាប \(y = 2^x\) រួចរំកិលចំនួនមួយឯកតាឡើងលើស្របអ័ក្ស \((oy)\) គេបានក្រាប \(y = 2^x + 1\) ។
សង់ក្រាបនៃអនុគមន៍ \(y = 2^{x+1}\) ។
តារាងតម្លៃត្រូវគ្នានៃ \(x\) និង \(y\)
តាមក្រាប គេសង្កេតឃើញថា ដើម្បីសង់ក្រាប \(y = 2^{x+1}\) ដំបូងគេសង់ក្រាប \(y = 2^x\) រួចរំកិលចំនួនមួយឯកតាទៅខាងឆ្វេងស្របអ័ក្ស \((ox)\) គេបានក្រាប \(y = 2^{x+1}\) ។
សង់ក្រាបនៃអនុគមន៍ \(y = 2^{x-2}\) ។
តារាងតម្លៃត្រូវគ្នានៃ \(x\) និង \(y\)
តាមក្រាប គេសង្កេតឃើញថា ដើម្បីសង់ក្រាប \(y = 2^{x-2}\) ដំបូងគេសង់ក្រាប \(y = 2^x\) រួចរំកិលចំនួនពីរឯកតាទៅខាងស្តាំស្របអ័ក្ស \((ox)\) គេបានក្រាប \(y = 2^{x-2}\) ។
សង់ក្រាបនៃអនុគមន៍ \(y = -2^x\) ។
តារាងតម្លៃត្រូវគ្នានៃ \(x\) និង \(y\)
តាមក្រាប គេសង្កេតឃើញថា ដំបូងគេសង់ក្រាប \(y = 2^x\) រួចគូសក្រាបឆ្លុះគ្នាធៀបនឹងអ័ក្ស \((ox)\) គេបានក្រាប \(y = -2^x\) ។
ដើម្បីសង់ក្រាបនៃអនុគមន៍ \(y = a^x + q\) គេត្រូវសង់ក្រាប \(y = a^x\) រួចធ្វើបម្លែងកិលក្រាបស្របអ័ក្ស \((oy)\) ចំនួន \(q\) ឯកតាឡើងលើបើ \(q > 0\) ហើយចំនួន \(q\) ឯកតាចុះក្រោមបើ \(q < 0\) ។
ដើម្បីសង់ក្រាបនៃអនុគមន៍ \(y = a^{(x-p)}\) គេត្រូវសង់ក្រាប \(y = a^x\) រួចធ្វើបម្លែងកិលក្រាបស្របអ័ក្ស \((ox)\) ចំនួន \(p\) ឯកតាទៅខាងស្តាំបើ \(p > 0\) ហើយចំនួន \(p\) ឯកតាទៅខាងឆ្វេងបើ \(p < 0\) ។
ដើម្បីសង់ក្រាបនៃអនុគមន៍ \(y = -a^x\) គេត្រូវសង់ក្រាប \(y = a^x\) រួចគូសក្រាបឆ្លុះធៀបនឹងអ័ក្ស \((ox)\) គេបានក្រាប \(y = -a^x\) ។
សង់ក្រាបអនុគមន៍
\(y = 3^x - 3\)
\(y = 3^x + 1\)
\(y = (1.5)^{x-2}\)
\(y = (1.5)^{x+3}\)
\(y = -5^x\) ។
សមីការនិងវិសមីការអិចស្ប៉ូណង់ស្យែល
សមីការអិចស្ប៉ូណង់ស្យែល
គេឱ្យសមភាពដូចខាងក្រោម ៖
\((-3)^x = -2187\)
\(1^x = 1\)
\(0^x = 0\)
\(3^x = 2187\) សមភាពដែលមាននិទស្សន្តជាអញ្ញាត និងមានគោលជាចំនួនវិជ្ជមានខុសពី \(1\) ហៅថា សមីការអិចស្ប៉ូណង់ស្យែល ។
សមីការអិចស្ប៉ូណង់ស្យែលគឺជាសមីការស្វ័យគុណដែលមាននិទស្សន្តជាអញ្ញាត និងមានគោលជាចំនួនវិជ្ជមានខុសពី \(1\) ។
ដោះស្រាយសមីការ
\(2^{3x+5} = 128\)
\(5^{x-3} = \dfrac{1}{25}\)
\(\left(\dfrac{1}{9}\right)^x = 81^{x+4}\)
\(49^x = 7^{x^2-15}\)
\(36^{2x} = 216^{x-1}\)
\(10^{x-1} = 100^{2x-3}\) ។
\(2^{3x+5} = 128\), \(2^{3x+5} = 2^7\), \(3x + 5 = 7\) នាំឱ្យ \(x = \dfrac{2}{3}\)
\(5^{x-3} = \dfrac{1}{25}\), \(5^{x-3} = 5^{-2}\), \(x - 3 = -2\) នាំឱ្យ \(x = 1\)
\(\left(\dfrac{1}{9}\right)^x = 81^{x+4}\), \(9^{-x} = 9^{2(x+4)}\), \(-x = 2x + 8\) នាំឱ្យ \(x = -\dfrac{8}{3}\)
\(49^x = 7^{x^2-15}\), \(7^{2x} = 7^{x^2-15}\), \(2x = x^2 - 15\) នាំឱ្យ \(x = 5\), \(x = -3\)
\(36^{2x} = 216^{x-1}\), \(6^{2(2x)} = 6^{3(x-1)}\), \(4x = 3x - 3\) នាំឱ្យ \(x = -3\)
\(10^{x-1} = 100^{2x-3}\), \(10^{x-1} = 10^{2(2x-3)}\), \(x - 1 = 4x - 6\) នាំឱ្យ \(x = \dfrac{5}{3}\) ។
\(5^x \cdot 2^{\frac{2x-1}{x+1}} = 50\)
\(3^{4x+8} - 4 \cdot 3^{2x+5} + 27 = 0\)
\(27^x + 12^x = 2 \cdot 8^x\)
\(3^{2x^2-6x+3} + 6^{x^2-3x+1} = 2^{2x^2-6x+3}\) ។
មើលចម្លើយ
\(x = 2\), \(x = -1 - \log_5 2\)
\(x = -1\), \(x = -\dfrac{3}{2}\)
\(x = 0\)
\(x = 1\), \(x = 2\) ។
វិសមីការអិចស្ប៉ូណង់ស្យែល
ដោះស្រាយវិសមីការ
\(2^x < 2^3\) គេបាន \(x < 3\) ជាចម្លើយរបស់វិសមីការព្រោះតម្លៃ \(x < 3\) ផ្ទៀងផ្ទាត់ឱ្យវិសមីការ ។
\(\left(\dfrac{1}{2}\right)^x < \left(\dfrac{1}{2}\right)^3\) គេបាន \(x > 3\) ជាចម្លើយរបស់វិសមីការ ព្រោះតម្លៃ \(x > 3\) ផ្ទៀងផ្ទាត់ឱ្យវិសមីការ ។
វិសមីការអិចស្ប៉ូណង់ស្យែលមានទម្រង់ \(a^x > a^y\)
បើ \(a > 1\) វិសមីការ \(a^x > a^y\) សមមូល \(x > y\) ហើយវិសមីការ \(a^x < a^y\) សមមូល \(x < y\) ។
បើ \(0 < a < 1\) វិសមីការ \(a^x > a^y\) សមមូល \(x < y\) ហើយវិសមីការ \(a^x < a^y\) សមមូល \(x > y\) ។
ដោះស្រាយវិសមីការ
\(25^{2x} \le 5\sqrt{5}\)
\(\left(\dfrac{2}{3}\right)^{-3x} > \dfrac{16}{81}\)
\(5^x > -7\)
\((0.1)^x > 10\)
\(27^x \cdot 3^{1-x} < \dfrac{1}{3}\)
\(2^{9x-x^3} < 1\)
\(\left(\dfrac{1}{3}\right)^{\frac{2}{x}} + 3\left(\dfrac{1}{3}\right)^{\frac{1}{x}+1} > 12\) ។
\(25^{2x} \le 5\sqrt{5}\), \(5^{4x} \le 5^{\frac{3}{2}}\), \(x \le \dfrac{3}{8}\) ។
\(\left(\dfrac{2}{3}\right)^{-3x} > \dfrac{16}{81}\), \(\left(\dfrac{2}{3}\right)^{-3x} > \left(\dfrac{2}{3}\right)^4\), \(-3x < 4\), \(x > -\dfrac{4}{3}\) ។
\(5^x > -7\), \(5^x\) វិជ្ជមានជានិច្ច, \(-7\) អវិជ្ជមានជានិច្ច ដូច្នេះ វិសមីការមានចម្លើយចំពោះ \(\forall x \in \mathbb{R}\) ។
\((0.1)^x > 10\), \(10^{-x} > 10\), \(-x > 1\), \(x < -1\) ។
\(27^x \cdot 3^{1-x} < \dfrac{1}{3}\), \(3^{3x} \cdot 3^{1-x} < 3^{-1}\), \(3^{2x+1} < 3^{-1}\), \(2x + 1 < -1\) ឬ \(x < -1\) ។
\(2^{9x-x^3} < 1\), \(2^{9x-x^3} < 2^0\), \(9x - x^3 < 0\), \((9 - x^2)x < 0\), \(-3 < x < 0\) ឬ \(x > 3\) ។
\(\left(\dfrac{1}{3}\right)^{\frac{2}{x}} + 3\left(\dfrac{1}{3}\right)^{\frac{1}{x}+1} > 12\), \(\left[\left(\dfrac{1}{3}\right)^{\frac{1}{x}}\right]^2 + \left(\dfrac{1}{3}\right)^{\frac{1}{x}} - 12 > 0\), \((x \ne 0)\) ។
តាង \(t = \left(\dfrac{1}{3}\right)^{\frac{1}{x}}\), \(t > 0\) យើងបាន \(t^2 + t - 12 > 0\), \(t < -4\), \(t > 3\) ។
ដោយ \(t > 0\) នោះចម្លើយរបស់វិសមីការគឺ \(t > 3\) ឬ \(\left(\dfrac{1}{3}\right)^{\frac{1}{x}} > 3 = \left(\dfrac{1}{3}\right)^{-1}\) ។
ដោយ \(\dfrac{1}{3} < 1\) នោះ \(\dfrac{1}{x} < -1\) ឬ \(-1 < x < 0\) ដូច្នេះវិសមីការមានចម្លើយ \(-1 < x < 0\) ។
ដោះស្រាយវិសមីការ
\(7^{3x+1} > 49\)
\(\left(\dfrac{1}{5}\right)^x < \sqrt[3]{0.04}\)
\(3^x < \dfrac{1}{9\sqrt{3}}\)
\(3^x \le -3\)
\((0.2)^x > 25\)
\((0.1)^{4x^2-2x-2} < (0.1)^{2x-3}\) ។
មើលចម្លើយ
\(x > \dfrac{1}{3}\)
\(x > \dfrac{2}{3}\)
\(x < -\dfrac{5}{2}\)
វិសមីការគ្មានចម្លើយ
\(x < -2\)
\(x \in \mathbb{R} - \left\{\dfrac{1}{2}\right\}\) ។
ការអនុវត្តអនុគមន៍អិចស្ប៉ូណង់ស្យែល
ពូសុខទិញប័ណ្ណសន្សំប្រាក់ពីធនាគារតម្លៃ \(50\,000\) រៀល ដោយទទួលបានអត្រាការប្រាក់ \(6\%\) ក្នុងមួយឆ្នាំ ។ បើគាត់បន្តទុកប្រាក់នោះនៅធនាគារបាន \(3\) ឆ្នាំ តើប្រាក់របស់គាត់សរុបត្រូវជាប៉ុន្មាន?
ដូច្នេះ បើតាង \(P\) ជាចំនួនប្រាក់ដើម ហើយ \(i\) ជាអត្រាការប្រាក់ប្រចាំឆ្នាំ នោះ
ចំនួនការប្រាក់នៃឆ្នាំទី \(1\) គឺ \(iP\)
ចំនួនប្រាក់សរុបនៃឆ្នាំទី \(1\) គឺ \(P + iP = P(1 + i)\)
ចំនួនប្រាក់សរុបនៃឆ្នាំទី \(2\) គឺ \(P(1 + i) + P(1 + i)i = P(1 + i)^2\)
ចំនួនប្រាក់សរុបនៃឆ្នាំទី \(3\) គឺ \(P(1 + i)^2 + P(1 + i)^2i = P(1 + i)^3\)
\(\qquad{}\vdots\)
ចំនួនប្រាក់សរុបនៃឆ្នាំទី \(t\) គឺ \(P(1 + i)^t\) ។
បើតាង \(P\) ជាប្រាក់ដើម \(i\) ជាអត្រាការប្រាក់ប្រចាំឆ្នាំ \(t\) ជាចំនួនឆ្នាំ នោះចំនួនប្រាក់សរុបគឺ \(A = P(1 + i)^t\) ។
រូបមន្ត \(A = P(1 + i)^t\) ប្រើបានតែក្នុងករណីទូទាត់ការប្រាក់មួយឆ្នាំម្តង ។
ករណីទូទាត់ការប្រាក់មួយឆមាសម្តង គេប្រើ \(A = P\left(1 + \dfrac{i}{2}\right)^{2t}\) ព្រោះមួយឆ្នាំទូទាត់ការប្រាក់ពីរដង នាំឱ្យ \(t\) ឆ្នាំទូទាត់ \(2t\) ហើយមួយឆ្នាំទទួលការប្រាក់ \(i\) នាំឱ្យមួយឆមាសទទួលអត្រាការប្រាក់ \(\dfrac{i}{2}\) ។
ករណីទូទាត់ការប្រាក់មួយត្រីមាសម្តង គេប្រើ \(A = P\left(1 + \dfrac{i}{4}\right)^{4t}\) ព្រោះមួយឆ្នាំទូទាត់ការប្រាក់បួនដង នាំឱ្យ \(t\) ឆ្នាំទូទាត់ \(4t\) ហើយមួយឆ្នាំទទួលការប្រាក់ \(i\) នាំឱ្យមួយត្រីមាស ទទួលការប្រាក់ \(\dfrac{i}{4}\) ។
បើ \(n\) ជាចំនួនដងនៃការទូទាត់ការប្រាក់ក្នុងមួយឆ្នាំ គេបានរូបមន្ត \(A = P\left(1 + \dfrac{i}{n}\right)^{nt}\) ។
នៅឆ្នាំ \(1987\) អ្នកវិនិយោគទុនម្នាក់បានទិញដីមួយកន្លែងថ្លៃ \(84\,000\) ដុល្លារ ហើយនៅឆ្នាំ \(2007\) គាត់បានលក់ដីនោះវិញដោយទទួលបានតម្លៃ \(49\) លានដុល្លារ ។ តើក្នុងមួយឆ្នាំអ្នកវិនិយោគទុននោះទទួលបានអត្រាការប្រាក់ចំណេញចំនួនប៉ុន្មាន បើប្រាក់របស់គាត់កើនពី \(84\,000\) ដុល្លារដល់ \(49\) លានដុល្លារក្នុងរយៈពេល \(20\) ឆ្នាំ ។
តាង \(i\) ជាអត្រាការប្រាក់ចំណេញ
ដូច្នេះ ក្នុងមួយឆ្នាំអ្នកវិនិយោគទុនទទួលបានអត្រាការប្រាក់ចំណេញ \(37.5\%\) ។
នៅឆ្នាំ \(1996\) មានសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួន \(3\,405\) នាក់ ហើយចំនួននេះមានការកើនឡើង \(30\%\) ជារៀងរាល់ឆ្នាំ ។
សរសេរសមីការដែលបង្ហាញចំនួនសិស្សប្រឡងជាប់នៅឆ្នាំ \(1996\) ។
តើនៅឆ្នាំ \(2006\) មានសិស្សប៉ុន្មាននាក់បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ។
សមីការសិស្សប្រឡងជាប់សញ្ញាបត្រនៅឆ្នាំ \(1996\) ។ ប្រើរូបមន្ត \(y = C(1 + r)^t\) ដែល \(C = 3\,405\) ចំនួនសិស្សប្រឡងជាប់, \(r = 30\% = 0.30\) អត្រាសិស្សប្រឡងជាប់, \(t\) ឆ្នាំដែលសិស្សប្រឡងជាប់, \(y\) ចំនួនសិស្សប្រឡងជាប់ ។
ចំនួនសិស្សប្រឡងជាប់នៅឆ្នាំ \(2006\) ។ តាមសមីការខាងលើ \(y = 3\,405(1.30)^t\) ដែល \(t = 2006 - 1996 = 10\) ។ គេបាន \(y = 3\,405(1.30)^{10} \approx 46\,941\) ។
ដូច្នេះ ចំនួនសិស្សដែលបានប្រឡងជាប់នៅឆ្នាំ \(2006\) គឺ \(46\,941\) នាក់ ។
កសិករម្នាក់ទិញត្រាក់ទ័រមួយគ្រឿងសម្រាប់ភ្ជួរស្រែក្នុងតម្លៃ \(50\,000\) ដុល្លារ ។ ត្រាក់ទ័រនោះចុះថ្លៃ \(10\%\) ជារៀងរាល់ឆ្នាំ ។ រកតម្លៃត្រាក់ទ័រក្នុងរយៈពេល \(7\) ឆ្នាំក្រោយ ។
ប្រើរូបមន្ត \(y = C(1 + r)^t\) ដែល \(C = 50\,000\) ជាតម្លៃទិញ, \(r = -10\% = -0.10\) ជាអត្រាចុះថ្លៃ, \(t = 7\) ជាចំនួនឆ្នាំ, \(y\) ជាតម្លៃលក់នៅឆ្នាំក្រោយពីចុះថ្លៃ ។
គេបាន \(y = 50\,000(1 - 0.10)^7 \approx 23\,914.85\) ។
ដូច្នេះ ក្នុងរយៈពេល \(7\) ឆ្នាំក្រោយ តម្លៃត្រាក់ទ័រនៅសល់ត្រឹមតែ \(23\,914.85\$\) ។
ពូស៊ុយបានយកប្រាក់មួយចំនួនទៅផ្ញើនៅធនាគារមួយ ដោយទទួលបានអត្រាការប្រាក់ \(9\%\) ក្នុងមួយឆ្នាំ ។ រយៈពេល \(5\) ឆ្នាំក្រោយមក គាត់បានដកប្រាក់ពីធនាគារនោះវិញ ដោយទទួលបានប្រាក់សរុបចំនួន \(1\,000\) ដុល្លារ ។ តើពូស៊ុយមានប្រាក់ដើមចំនួនប៉ុន្មាន?
មនុស្សម្នាក់មានអាយុ \(20\) ឆ្នាំ បានយកប្រាក់ \(1\,000\) ដុល្លារ ទៅផ្ញើនៅធនាគារមួយ ដោយទទួលបានអត្រាការប្រាក់ \(12\%\) ក្នុងមួយឆ្នាំ ។ តើគាត់មានប្រាក់សរុបចំនួនប៉ុន្មាន បើបច្ចុប្បន្នគាត់មានអាយុ \(60\) ឆ្នាំ?
មនុស្សម្នាក់បានទិញរថយន្តថ្មីមួយគ្រឿងម៉ាកតូយ៉ូតាកាម៉ារី ក្នុងតម្លៃ \(3\,900\) ដុល្លារ ។ រថយន្តនោះចុះថ្លៃ \(14\%\) ជារៀងរាល់ឆ្នាំ ។ រកតម្លៃរថយន្តក្នុងរយៈពេល \(10\) ឆ្នាំក្រោយ ។
ទំព័រសៀវភៅដើម
បើកមើលទំព័រសៀវភៅពុម្ព















លំហាត់អនុវត្តន៍
គណនាតម្លៃនៃកន្សោមខាងក្រោម ៖
\(\sqrt{16}\)
\(\sqrt{225}\)
\(\sqrt{144}\)
\(\sqrt[3]{0.008(y - 2)^3}\)
\(\sqrt{(-6x)^2}\)
\(\sqrt[3]{27}\)
\(-\sqrt[3]{64}\)
\(\sqrt[3]{-64x^3}\) ។
សរសេរកន្សោមខាងក្រោមជាទម្រង់អិចស្ប៉ូណង់ស្យែល
\(x = \sqrt[4]{10}\)
\(\sqrt[8]{56} = k\)
\(a = \sqrt[28]{500h}\)
\(b = \sqrt[x]{y}\) ។
សម្រួលកន្សោមខាងក្រោម ៖
\(\sqrt[4]{625}\)
\(\sqrt[5]{-1}\)
\(-\sqrt[5]{-32}\)
\(\sqrt[5]{-\dfrac{1}{32}}\)
\(\sqrt[6]{x^6}\)
\(\sqrt[4]{(7b)^4}\)
\(\sqrt[7]{y^7}\)
\(\sqrt[5]{(x - 2)^5}\) ។
រកដែនកំណត់នៃអនុគមន៍ខាងក្រោម ៖
\(f(x) = \sqrt{x}\)
\(f(x) = \sqrt[3]{x}\)
\(f(x) = \sqrt{2x + 8}\)
\(f(x) = \sqrt{4 - 3x}\)
\(f(x) = \sqrt{-3x^2}\)
\(f(x) = \sqrt{x^2 + 1}\)
\(f(x) = \dfrac{\sqrt{x}}{2x^2 - 3x - 5}\)
\(f(x) = \dfrac{\sqrt{x + 3}}{x^2 - x - 2}\)
\(f(x) = \dfrac{\sqrt{x + 1}}{x + |x|}\) ។
គណនាកន្សោមខាងក្រោម ៖
\(\sqrt{x}\)
\(\sqrt[3]{3} \times \sqrt[3]{5}\)
\(\sqrt[4]{8} \times \sqrt[4]{9} \times \sqrt[4]{72}\)
\(\sqrt{3a} \times \sqrt{10b}\)
\(\sqrt{x - a} \times \sqrt{x + a}\)
\(\sqrt{\dfrac{6}{x}} \times \sqrt{\dfrac{y}{5}}\) ។
សម្រួលកន្សោមខាងក្រោម ៖
\(\dfrac{2}{3}\sqrt{45} + \dfrac{3}{2}\sqrt[3]{16} + \dfrac{1}{4}\sqrt{72}\)
\(x\sqrt[3]{2y} - \sqrt[3]{16x^3y} + \dfrac{x}{3}\sqrt[3]{54y}\) ។
ប្រៀបធៀបកន្សោមខាងក្រោម ៖
\(5\sqrt[3]{2}\) និង \(2\sqrt[3]{31}\)
\(\sqrt[3]{2}\) និង \(\sqrt[12]{45}\)
\(\sqrt[6]{5}\) និង \(\sqrt[8]{8}\) ។
សម្រួលកន្សោមខាងក្រោម ៖
\(\dfrac{\sqrt[3]{c^3 + 3c^2d + 3cd^2 + d^3}}{\sqrt{c^2 - d^2} \times \sqrt{c^2 - d^2}}\)
\(\dfrac{\sqrt{x}}{\sqrt{x} - \sqrt{x + 1}}\)
\(\dfrac{\sqrt{p}}{\sqrt{3q^2 + 4pq + p^2}} \times \dfrac{\sqrt{p + 3q}}{\sqrt{p^2 + 6pq + 8q^2}} \div \dfrac{1}{\sqrt{p^2 + 3pq + 2q^2}}\) ។
សរសេរកន្សោមខាងក្រោមជាទម្រង់រ៉ាឌីកាល់
\(8^{\frac{1}{3}}\)
\(x^{\frac{1}{4}}\)
\(y^{\frac{1}{5}}\)
\((a^5t^3)^{\frac{1}{2}}\)
\((x^3y^3)^{\frac{1}{4}}\)
\((x^3y^5)^{\frac{1}{4}}\) ។
ដោះស្រាយសមីការខាងក្រោម ៖
\(2^x = 32\)
\((x + 1)^{x^2-4x+3} = 1\)
\((2 - \sqrt{3})^x + (2 + \sqrt{3})^x = 2\)
\(3^{(2^x)} = 6561\)
\(81^{(4^x)} = 9\)
\(3(4^x) + 2(9^x) - 5(6^x) = 0\)
\(3^{(3^x)} = 1\)
\(\left(\sqrt{2 + \sqrt{3}}\right)^x + \left(\sqrt{2 - \sqrt{3}}\right)^x = 4\) ។
ដោះស្រាយវិសមីការខាងក្រោម ៖
\(2^x > 1\)
\(3^x \le 1\)
\(2^{2x} \le \dfrac{1}{16}\)
\(16^x < 8^{x+1}\)
\(32^{5x+2} \ge 16^{5x}\)
\(4^{3x-1} > \dfrac{1}{256}\) ។
ដោះស្រាយវិសមីការខាងក្រោម ៖
\(16^x > 0.125\)
\(2^x > -8\)
\(27^x \times 3^{1-x} < \dfrac{1}{3}\)
\((0.2)^x \le 25\)
\(3^x \le \sqrt[3]{9}\)
\(\left(\dfrac{1}{2}\right)^x > \sqrt[3]{\dfrac{1}{4}}\) ។
មីងសយបានយកប្រាក់មួយចំនួនទៅផ្ញើនៅធនាគារមួយ ដោយទទួលបានអត្រាការប្រាក់ \(6\%\) ក្នុងមួយឆ្នាំ ។ រយៈពេល \(7\) ឆ្នាំក្រោយមក គាត់បានដកប្រាក់ពីធនាគារនោះវិញ ដោយទទួលបានប្រាក់សរុប ចំនួន \(300\) ដុល្លារ ។ តើមីងសយមានប្រាក់ដើមចំនួនប៉ុន្មាន?
មនុស្សម្នាក់មានអាយុ \(30\) ឆ្នាំបានយកប្រាក់ \(50\,000\) រៀល ទៅផ្ញើនៅធនាគារមួយដោយទទួលបានអត្រាការប្រាក់ \(4\%\) ក្នុងមួយឆ្នាំ ។ តើគាត់មានប្រាក់សរុបចំនួនប៉ុន្មាន បើបច្ចុប្បន្នគាត់មានអាយុ \(65\) ឆ្នាំ?
មនុស្សម្នាក់បានទិញរថយន្តថ្មីមួយគ្រឿងក្នុងតម្លៃ \(45\,000\) ដុល្លារ ។ រថយន្តនោះចុះថ្លៃ \(15\%\) ជារៀងរាល់ឆ្នាំ ។ រកតម្លៃរថយន្តក្នុងរយៈពេល \(7\) ឆ្នាំក្រោយ ។
សង់ក្រាបនៃអនុគមន៍ខាងក្រោមក្នុងតម្រុយតែមួយ ៖
\(f(x) = 2^x\), \(g(x) = 5^x\), \(h(x) = 10^x\)
\(f(x) = \left(\dfrac{1}{2}\right)^x\), \(g(x) = \left(\dfrac{1}{5}\right)^x\), \(h(x) = \left(\dfrac{1}{10}\right)^x\) ។
រកតម្លៃ \(a\) បើខ្សែកោងនៃ \(f(x) = a^x\) កាត់តាមចំណុចនីមួយៗដូចក្រោម ៖
\(A(3, 216)\)
\(B(5, 32)\)
\(C(3, 512)\)
\(D(4, 256)\)
\(E(-2, 64)\)
\(F\left(-3, \dfrac{1}{216}\right)\)
\(G(3, 343)\)
\(H\left(\dfrac{1}{3}, 3\right)\) ។
បង្ហាញថា បើ \(f(x) = a^x\) នោះ \(f(x)f(y) = f(x + y)\) ។
បើ \((x_1, y_1)\) និង \((x_2, y_2)\) ជាចំណុចពីរនៅលើខ្សែកោង \(f(x) = a^x\) នោះចំណុចទាំងពីរ \((x_1 + x_2, y_1y_2)\) និង \(\left(x_1 - x_2, \dfrac{y_1}{y_2}\right)\) ជាចំណុចនៅលើខ្សែកោង ។
បើ \((x_1, y_1)\) ជាចំណុចនៅលើខ្សែកោង \(f(x) = a^x\) នោះចំណុចទាំងពីរ \((2x_1, y_1^2)\) និង \(\left(-x_1, \dfrac{1}{y_1}\right)\) ជាចំណុចនៅលើខ្សែកោង \(f(x) = a^x\) ។
សង់ក្រាបនៃអនុគមន៍ \(f(x) = 2^x\) ។
សង់ក្រាបនៃអនុគមន៍នីមួយៗក្នុងតម្រុយតែមួយជាមួយក្រាបនៃអនុគមន៍ \(f(x) = 2^x\)
\(y = f(x) - 1\)
\(y = f(x - 1)\)
\(y = f(x + 1)\)
\(y = f(0.5x)\)
\(y = f(2x)\)
\(y = f(-x)\) ។
បើ \(a > 0\) ។ ចូររកតម្លៃ \(a\) និង \(x\) ដែលធ្វើឱ្យសមភាព និងវិសមភាពខាងក្រោមផ្ទៀងផ្ទាត់
\(a^x = 1\)
\(a^x > 1\)
\(0 < a^x < 1\) ។
សង់ក្រាបនៃអនុគមន៍
\(f(x) = 2^{|x|}\)
\(f(x) = x(2^x)\)
\(f(x) = x^x\) ។
សង់ក្រាបនៃអនុគមន៍ខាងក្រោម
\(y = 2^{x-1}\)
\(y = 2^{|x-1|}\)
\(y = 2^x + 2^{-x}\)
\(y = 2^{-x^2}\)
\(y = 3^{-|x+1|^2}\)
\(y = 2^{|x^2-8|}\) ។
ដោះស្រាយសមីការ
\(3^{x^2+4x} = \dfrac{1}{27}\)
\(3^{5x} \cdot 9^{x^2} = 27\)
\(4^{3x^2+2x+1} = 16\) ។
សំណួរពហុជ្រើសរើស
ជ្រើសរើសចម្លើយត្រឹមត្រូវតែមួយ រួចចុច «ពិនិត្យ»។ ចម្លើយរបស់អ្នកត្រូវបានរក្សាទុកក្នុងកុំព្យូទ័រនេះ។
✎ សំណួរទី ១–១០
✎ សំណួរទី ១១–២០
តេស្តសមត្ថភាព ៖ មេរៀនទី ៧ អនុគមន៍អិចស្ប៉ូណង់ស្យែល (វិទ្យាសាស្ត្រ) — ២០ សំណួរ · ៣៥ នាទី