1. ទំព័រដើម
  2. ថ្នាក់ទី ១១
  3. មេរៀនទី ៧
៧
ថ្នាក់វិទ្យាសាស្ត្រ · ជំពូកទី ២ អនុគមន៍អិចស្ប៉ូណង់ស្យែលនិងអនុគមន៍លោការីត · មេរៀនទី ៧ · គណិតវិទ្យាថ្នាក់ទី ១១

អនុគមន៍អិចស្ប៉ូណង់ស្យែល

ថ្នាក់វិទ្យាសាស្ត្រទំព័រ ៥៧–៧១

នៅក្នុងជំពូកនេះ គេចាប់ផ្តើមសិក្សាពីបញ្ញត្តិនៃអនុគមន៍អិចស្ប៉ូណង់ស្យែល សង់ក្រាបតាងអនុគមន៍ ដោះស្រាយសមីការ និងវិសមីការអិចស្ប៉ូណង់ស្យែល ដែលជាមធ្យោបាយសំខាន់សម្រាប់សិក្សាពីបញ្ញត្តិ ក្រាប សមីការ និងវិសមីការលោការីត ។ បន្ទាប់ពីទទួលបានបញ្ញត្តិអនុគមន៍អិចស្ប៉ូណង់ស្យែលនិងលោការីត សិស្សអាចយកចំណេះដឹងនិងបំណិនទៅដោះស្រាយចំណោទបញ្ហាដែលទាក់ទងនឹងការប្រាក់ កំណើនភ្ញៀវទេសចរដែលចូលមកទស្សនាប្រាសាទអង្គរវត្ត កំណើនប្រជាជន និងសម្រាប់ដោះស្រាយចំណោទបញ្ហាផ្សេងទៀតដែលជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃ ។

វត្ថុបំណង
  1. សង់ក្រាបនៃអនុគមន៍អិចស្ប៉ូណង់ស្យែល

  2. ដោះស្រាយសមីការនិងវិសមីការអិចស្ប៉ូណង់ស្យែល ។

អនុគមន៍អិចស្ប៉ូណង់ស្យែល

និយមន័យនៃអិចស្ប៉ូណង់ស្យែល

ឧទាហរណ៍

គេឱ្យកន្សោមស្វ័យគុណដូចខាងក្រោម ៖

  1. \((-3)^x\), \(1^x\), \(0^x\)

  2. \(3^x\) ហៅថា អិចស្ប៉ូណង់ស្យែល ។

  3. \(\left(\dfrac{1}{3}\right)^{2x+1}\) ហៅថា អិចស្ប៉ូណង់ស្យែល ។

និយមន័យ

អិចស្ប៉ូណង់ស្យែលគឺជាកន្សោមស្វ័យគុណដែលមាននិទស្សន្តជាអថេរ និងមានគោលជាចំនួនវិជ្ជមានខុសពី \(1\) ។

និយមន័យនៃអនុគមន៍អិចស្ប៉ូណង់ស្យែល

ឧទាហរណ៍

គេឱ្យទំនាក់ទំនងដូចខាងក្រោម ៖

  1. \(f(x) = (-3)^x\)

  2. \(f(x) = 1^x\)

  3. \(f(x) = 0^x\)

  4. \(f(x) = 3^x\) ទំនាក់ទំនងនេះហៅថា អនុគមន៍អិចស្ប៉ូណង់ស្យែល ។

  5. \(f(x) = 3^{-x+1}\) ទំនាក់ទំនងនេះហៅថា អនុគមន៍អិចស្ប៉ូណង់ស្យែល ។

និយមន័យ

អនុគមន៍អិចស្ប៉ូណង់ស្យែលគឺជាអនុគមន៍ស្វ័យគុណដែលមានអថេរឯករាជ្យជានិទស្សន្ត និងមានគោលជាចំនួនវិជ្ជមានខុសពី \(1\) ។

ក្រាបនៃអនុគមន៍អិចស្ប៉ូណង់ស្យែល

ឧទាហរណ៍

គេសង់ក្រាបនៃអនុគមន៍ \(f(x) = 2^x\), \(g(x) = (1.5)^x\), \(h(x) = 1^x\), \(k(x) = (0.5)^x\) ក្នុងតម្រុយតែមួយ ។

តារាងតម្លៃត្រូវគ្នានៃ \(x\) និង \(y\)

\[\begin{array}{|c|c|c|c|c|c|}\hline x & -2 & -1 & 0 & 1 & 2\\ \hline y = 1.5^x & 0.44 & 0.66 & 1 & 1.5 & 2.25\\ \hline \end{array}\]

តាមក្រាបយើងសង្កេតឃើញថា គ្រប់ក្រាបរបស់អនុគមន៍អិចស្ប៉ូណង់ស្យែលដែលមានរាង \(y = a^x\) កាត់តាមចំណុចដែលមានកូអរដោនេ \((0, 1)\) ជានិច្ច ។

  • បើ \(x > 0\) នោះ \((1.5)^x < 2^x\) ។ ដូច្នេះ ក្នុងកាដ្រង់ទី \(1\) ក្រាបនៃអនុគមន៍ \(g(x) = (1.5)^x\) ស្ថិតនៅក្រោមក្រាបនៃអនុគមន៍ \(f(x) = 2^x\) ។

  • អនុគមន៍ \(h(x) = 1^x\) មានក្រាបជាបន្ទាត់ស្របនឹងអ័ក្សអាប់ស៊ីស និងនៅពីលើអ័ក្សអាប់ស៊ីសចំនួន \(1\) ឯកតា ចំពោះគ្រប់តម្លៃ \(x\) ។

  • បើ \(x > 0\) នោះ \((0.5)^x < 1\) ។ ដូច្នេះ បើ \(x\) យកតម្លៃកើនធំឡើងៗ នោះ \(k(x) = (0.5)^x\) មានតម្លៃចុះតូចទៅៗ ហើយខិតទៅរក \(0\) ។

  • បើ \(x < 0\) នោះ \((0.5)^x\) មានតម្លៃធំឡើងៗគ្មានកំណត់ ។

ជាទូទៅ

អនុគមន៍អិចស្ប៉ូណង់ស្យែល \(y = a^x\) មានក្រាប

  • បើ \(a > 1\) ក្រាបនៃ \(y = a^x\) កើនពីឆ្វេងទៅស្តាំ គេថា \(y = a^x\) ជាអនុគមន៍កើន

  • បើ \(0 < a < 1\) ក្រាបនៃ \(y = a^x\) ចុះពីឆ្វេងទៅស្តាំ គេថា \(y = a^x\) ជាអនុគមន៍ចុះ

  • អនុគមន៍ \(y = a^x\) វិជ្ជមានជានិច្ច \(\forall x \in \mathbb{R}\) បើ \(a\) ជាចំនួនពិតវិជ្ជមាននិងខុសពី \(1\)

  • ក្រាបនៃអនុគមន៍ \(y = a^x\) កាត់អ័ក្សអរដោនេត្រង់ \((0, 1)\) ជានិច្ច ។

លំហាត់គំរូ ១

សង់ក្រាប ក. \(y = 4^x\) ខ. \(y = \left(\dfrac{1}{4}\right)^x\) ។

ដំណោះស្រាយ

ក. តារាងតម្លៃត្រូវគ្នានៃ \(x\) និង \(y\)

\[\begin{array}{|c|c|c|c|c|c|}\hline x & -2 & -1 & 0 & 1 & 2\\ \hline y = 4^x & 0.06 & 0.25 & 1 & 4 & 16\\ \hline \end{array}\]

ខ. តារាងតម្លៃត្រូវគ្នានៃ \(x\) និង \(y\)

\[\begin{array}{|c|c|c|c|c|c|}\hline x & -2 & -1 & 0 & 1 & 2\\ \hline y = (1/4)^x & 16 & 4 & 1 & 0.25 & 0.06\\ \hline \end{array}\]

ប្រតិបត្តិ

សង់ក្រាបអនុគមន៍ ក. \(y = 10^x\) ខ. \(y = \left(\dfrac{1}{10}\right)^x\) ។

លក្ខណៈក្រាបនៃអនុគមន៍អិចស្ប៉ូណង់ស្យែល

ឧទាហរណ៍ ក

សង់ក្រាបនៃអនុគមន៍ \(y = 2^x + 1\) ។

តារាងតម្លៃត្រូវគ្នានៃ \(x\) និង \(y\)

\[\begin{array}{|c|c|c|c|c|c|}\hline x & -2 & -1 & 0 & 1 & 2\\ \hline y = 2^x & 0.25 & 0.50 & 1 & 2 & 4\\ \hline y = 2^x + 1 & 1.25 & 1.50 & 2 & 3 & 5\\ \hline \end{array}\]

តាមក្រាបគេសង្កេតឃើញថា ដើម្បីសង់ក្រាប \(y = 2^x + 1\) ដំបូងគេសង់ក្រាប \(y = 2^x\) រួចរំកិលចំនួនមួយឯកតាឡើងលើស្របអ័ក្ស \((oy)\) គេបានក្រាប \(y = 2^x + 1\) ។

ឧទាហរណ៍ ខ

សង់ក្រាបនៃអនុគមន៍ \(y = 2^{x+1}\) ។

តារាងតម្លៃត្រូវគ្នានៃ \(x\) និង \(y\)

\[\begin{array}{|c|c|c|c|c|c|}\hline x & -2 & -1 & 0 & 1 & 2\\ \hline y = 2^x & 0.25 & 0.50 & 1 & 2 & 4\\ \hline y = 2^{x+1} & 0.50 & 1 & 2 & 4 & 8\\ \hline \end{array}\]

តាមក្រាប គេសង្កេតឃើញថា ដើម្បីសង់ក្រាប \(y = 2^{x+1}\) ដំបូងគេសង់ក្រាប \(y = 2^x\) រួចរំកិលចំនួនមួយឯកតាទៅខាងឆ្វេងស្របអ័ក្ស \((ox)\) គេបានក្រាប \(y = 2^{x+1}\) ។

ឧទាហរណ៍ គ

សង់ក្រាបនៃអនុគមន៍ \(y = 2^{x-2}\) ។

តារាងតម្លៃត្រូវគ្នានៃ \(x\) និង \(y\)

\[\begin{array}{|c|c|c|c|c|c|}\hline x & -2 & -1 & 0 & 1 & 2\\ \hline y = 2^x & 0.25 & 0.50 & 1 & 2 & 4\\ \hline y = 2^{x-2} & 0.06 & 0.12 & 0.25 & 0.5 & 1\\ \hline \end{array}\]

តាមក្រាប គេសង្កេតឃើញថា ដើម្បីសង់ក្រាប \(y = 2^{x-2}\) ដំបូងគេសង់ក្រាប \(y = 2^x\) រួចរំកិលចំនួនពីរឯកតាទៅខាងស្តាំស្របអ័ក្ស \((ox)\) គេបានក្រាប \(y = 2^{x-2}\) ។

ឧទាហរណ៍ ឃ

សង់ក្រាបនៃអនុគមន៍ \(y = -2^x\) ។

តារាងតម្លៃត្រូវគ្នានៃ \(x\) និង \(y\)

\[\begin{array}{|c|c|c|c|c|c|}\hline x & -2 & -1 & 0 & 1 & 2\\ \hline y = 2^x & 0.25 & 0.50 & 1 & 2 & 4\\ \hline y = -2^x & -0.25 & -0.50 & -1 & -2 & -4\\ \hline \end{array}\]

តាមក្រាប គេសង្កេតឃើញថា ដំបូងគេសង់ក្រាប \(y = 2^x\) រួចគូសក្រាបឆ្លុះគ្នាធៀបនឹងអ័ក្ស \((ox)\) គេបានក្រាប \(y = -2^x\) ។

ជាទូទៅ
  • ដើម្បីសង់ក្រាបនៃអនុគមន៍ \(y = a^x + q\) គេត្រូវសង់ក្រាប \(y = a^x\) រួចធ្វើបម្លែងកិលក្រាបស្របអ័ក្ស \((oy)\) ចំនួន \(q\) ឯកតាឡើងលើបើ \(q > 0\) ហើយចំនួន \(q\) ឯកតាចុះក្រោមបើ \(q < 0\) ។

  • ដើម្បីសង់ក្រាបនៃអនុគមន៍ \(y = a^{(x-p)}\) គេត្រូវសង់ក្រាប \(y = a^x\) រួចធ្វើបម្លែងកិលក្រាបស្របអ័ក្ស \((ox)\) ចំនួន \(p\) ឯកតាទៅខាងស្តាំបើ \(p > 0\) ហើយចំនួន \(p\) ឯកតាទៅខាងឆ្វេងបើ \(p < 0\) ។

  • ដើម្បីសង់ក្រាបនៃអនុគមន៍ \(y = -a^x\) គេត្រូវសង់ក្រាប \(y = a^x\) រួចគូសក្រាបឆ្លុះធៀបនឹងអ័ក្ស \((ox)\) គេបានក្រាប \(y = -a^x\) ។

ប្រតិបត្តិ

សង់ក្រាបអនុគមន៍

  1. \(y = 3^x - 3\)

  2. \(y = 3^x + 1\)

  3. \(y = (1.5)^{x-2}\)

  4. \(y = (1.5)^{x+3}\)

  5. \(y = -5^x\) ។

សមីការនិងវិសមីការអិចស្ប៉ូណង់ស្យែល

សមីការអិចស្ប៉ូណង់ស្យែល

ឧទាហរណ៍

គេឱ្យសមភាពដូចខាងក្រោម ៖

  1. \((-3)^x = -2187\)

  2. \(1^x = 1\)

  3. \(0^x = 0\)

  4. \(3^x = 2187\) សមភាពដែលមាននិទស្សន្តជាអញ្ញាត និងមានគោលជាចំនួនវិជ្ជមានខុសពី \(1\) ហៅថា សមីការអិចស្ប៉ូណង់ស្យែល ។

និយមន័យ

សមីការអិចស្ប៉ូណង់ស្យែលគឺជាសមីការស្វ័យគុណដែលមាននិទស្សន្តជាអញ្ញាត និងមានគោលជាចំនួនវិជ្ជមានខុសពី \(1\) ។

លំហាត់គំរូ ២

ដោះស្រាយសមីការ

  1. \(2^{3x+5} = 128\)

  2. \(5^{x-3} = \dfrac{1}{25}\)

  3. \(\left(\dfrac{1}{9}\right)^x = 81^{x+4}\)

  4. \(49^x = 7^{x^2-15}\)

  5. \(36^{2x} = 216^{x-1}\)

  6. \(10^{x-1} = 100^{2x-3}\) ។

ដំណោះស្រាយ
  1. \(2^{3x+5} = 128\),  \(2^{3x+5} = 2^7\),  \(3x + 5 = 7\) នាំឱ្យ \(x = \dfrac{2}{3}\)

  2. \(5^{x-3} = \dfrac{1}{25}\),  \(5^{x-3} = 5^{-2}\),  \(x - 3 = -2\) នាំឱ្យ \(x = 1\)

  3. \(\left(\dfrac{1}{9}\right)^x = 81^{x+4}\),  \(9^{-x} = 9^{2(x+4)}\),  \(-x = 2x + 8\) នាំឱ្យ \(x = -\dfrac{8}{3}\)

  4. \(49^x = 7^{x^2-15}\),  \(7^{2x} = 7^{x^2-15}\),  \(2x = x^2 - 15\) នាំឱ្យ \(x = 5\), \(x = -3\)

  5. \(36^{2x} = 216^{x-1}\),  \(6^{2(2x)} = 6^{3(x-1)}\),  \(4x = 3x - 3\) នាំឱ្យ \(x = -3\)

  6. \(10^{x-1} = 100^{2x-3}\),  \(10^{x-1} = 10^{2(2x-3)}\),  \(x - 1 = 4x - 6\) នាំឱ្យ \(x = \dfrac{5}{3}\) ។

ប្រតិបត្តិ
  1. \(5^x \cdot 2^{\frac{2x-1}{x+1}} = 50\)

  2. \(3^{4x+8} - 4 \cdot 3^{2x+5} + 27 = 0\)

  3. \(27^x + 12^x = 2 \cdot 8^x\)

  4. \(3^{2x^2-6x+3} + 6^{x^2-3x+1} = 2^{2x^2-6x+3}\) ។

មើលចម្លើយ
  1. \(x = 2\), \(x = -1 - \log_5 2\)

  2. \(x = -1\), \(x = -\dfrac{3}{2}\)

  3. \(x = 0\)

  4. \(x = 1\), \(x = 2\) ។

វិសមីការអិចស្ប៉ូណង់ស្យែល

ឧទាហរណ៍

ដោះស្រាយវិសមីការ

  1. \(2^x < 2^3\) គេបាន \(x < 3\) ជាចម្លើយរបស់វិសមីការព្រោះតម្លៃ \(x < 3\) ផ្ទៀងផ្ទាត់ឱ្យវិសមីការ ។

  2. \(\left(\dfrac{1}{2}\right)^x < \left(\dfrac{1}{2}\right)^3\) គេបាន \(x > 3\) ជាចម្លើយរបស់វិសមីការ ព្រោះតម្លៃ \(x > 3\) ផ្ទៀងផ្ទាត់ឱ្យវិសមីការ ។

ជាទូទៅ

វិសមីការអិចស្ប៉ូណង់ស្យែលមានទម្រង់ \(a^x > a^y\)

  • បើ \(a > 1\) វិសមីការ \(a^x > a^y\) សមមូល \(x > y\) ហើយវិសមីការ \(a^x < a^y\) សមមូល \(x < y\) ។

  • បើ \(0 < a < 1\) វិសមីការ \(a^x > a^y\) សមមូល \(x < y\) ហើយវិសមីការ \(a^x < a^y\) សមមូល \(x > y\) ។

លំហាត់គំរូ ៣

ដោះស្រាយវិសមីការ

  1. \(25^{2x} \le 5\sqrt{5}\)

  2. \(\left(\dfrac{2}{3}\right)^{-3x} > \dfrac{16}{81}\)

  3. \(5^x > -7\)

  4. \((0.1)^x > 10\)

  5. \(27^x \cdot 3^{1-x} < \dfrac{1}{3}\)

  6. \(2^{9x-x^3} < 1\)

  7. \(\left(\dfrac{1}{3}\right)^{\frac{2}{x}} + 3\left(\dfrac{1}{3}\right)^{\frac{1}{x}+1} > 12\) ។

ដំណោះស្រាយ
  1. \(25^{2x} \le 5\sqrt{5}\),  \(5^{4x} \le 5^{\frac{3}{2}}\),  \(x \le \dfrac{3}{8}\) ។

  2. \(\left(\dfrac{2}{3}\right)^{-3x} > \dfrac{16}{81}\),  \(\left(\dfrac{2}{3}\right)^{-3x} > \left(\dfrac{2}{3}\right)^4\),  \(-3x < 4\),  \(x > -\dfrac{4}{3}\) ។

  3. \(5^x > -7\),  \(5^x\) វិជ្ជមានជានិច្ច, \(-7\) អវិជ្ជមានជានិច្ច ដូច្នេះ វិសមីការមានចម្លើយចំពោះ \(\forall x \in \mathbb{R}\) ។

  4. \((0.1)^x > 10\),  \(10^{-x} > 10\),  \(-x > 1\),  \(x < -1\) ។

  5. \(27^x \cdot 3^{1-x} < \dfrac{1}{3}\),  \(3^{3x} \cdot 3^{1-x} < 3^{-1}\),  \(3^{2x+1} < 3^{-1}\),  \(2x + 1 < -1\) ឬ \(x < -1\) ។

  6. \(2^{9x-x^3} < 1\),  \(2^{9x-x^3} < 2^0\),  \(9x - x^3 < 0\),  \((9 - x^2)x < 0\),  \(-3 < x < 0\) ឬ \(x > 3\) ។

  7. \(\left(\dfrac{1}{3}\right)^{\frac{2}{x}} + 3\left(\dfrac{1}{3}\right)^{\frac{1}{x}+1} > 12\),  \(\left[\left(\dfrac{1}{3}\right)^{\frac{1}{x}}\right]^2 + \left(\dfrac{1}{3}\right)^{\frac{1}{x}} - 12 > 0\),  \((x \ne 0)\) ។

    តាង \(t = \left(\dfrac{1}{3}\right)^{\frac{1}{x}}\), \(t > 0\) យើងបាន \(t^2 + t - 12 > 0\),  \(t < -4\),  \(t > 3\) ។

    ដោយ \(t > 0\) នោះចម្លើយរបស់វិសមីការគឺ \(t > 3\) ឬ \(\left(\dfrac{1}{3}\right)^{\frac{1}{x}} > 3 = \left(\dfrac{1}{3}\right)^{-1}\) ។

    ដោយ \(\dfrac{1}{3} < 1\) នោះ \(\dfrac{1}{x} < -1\) ឬ \(-1 < x < 0\) ដូច្នេះវិសមីការមានចម្លើយ \(-1 < x < 0\) ។

ប្រតិបត្តិ

ដោះស្រាយវិសមីការ

  1. \(7^{3x+1} > 49\)

  2. \(\left(\dfrac{1}{5}\right)^x < \sqrt[3]{0.04}\)

  3. \(3^x < \dfrac{1}{9\sqrt{3}}\)

  4. \(3^x \le -3\)

  5. \((0.2)^x > 25\)

  6. \((0.1)^{4x^2-2x-2} < (0.1)^{2x-3}\) ។

មើលចម្លើយ
  1. \(x > \dfrac{1}{3}\)

  2. \(x > \dfrac{2}{3}\)

  3. \(x < -\dfrac{5}{2}\)

  4. វិសមីការគ្មានចម្លើយ

  5. \(x < -2\)

  6. \(x \in \mathbb{R} - \left\{\dfrac{1}{2}\right\}\) ។

ការអនុវត្តអនុគមន៍អិចស្ប៉ូណង់ស្យែល

ឧទាហរណ៍

ពូសុខទិញប័ណ្ណសន្សំប្រាក់ពីធនាគារតម្លៃ \(50\,000\) រៀល ដោយទទួលបានអត្រាការប្រាក់ \(6\%\) ក្នុងមួយឆ្នាំ ។ បើគាត់បន្តទុកប្រាក់នោះនៅធនាគារបាន \(3\) ឆ្នាំ តើប្រាក់របស់គាត់សរុបត្រូវជាប៉ុន្មាន?

\[\begin{array}{lll} \text{ឆ្នាំទី } 1 \text{ ៖ ការប្រាក់} & 50\,000 \times \dfrac{6}{100} = 3\,000 & \text{រៀល}\\[2mm] \quad{}\text{ប្រាក់សរុបក្នុងឆ្នាំទី } 1 & 50\,000 + 3\,000 = 53\,000 & \text{រៀល}\\[2mm] \text{ឆ្នាំទី } 2 \text{ ៖ ការប្រាក់} & 53\,000 \times \dfrac{6}{100} = 3\,180 & \text{រៀល}\\[2mm] \quad{}\text{ប្រាក់សរុបក្នុងឆ្នាំទី } 2 & 53\,000 + 3\,180 = 56\,180 & \text{រៀល}\\[2mm] \text{ឆ្នាំទី } 3 \text{ ៖ ការប្រាក់} & 56\,180 \times \dfrac{6}{100} = 3\,370.8 & \text{រៀល}\\[2mm] \quad{}\text{ប្រាក់សរុបក្នុងឆ្នាំទី } 3 & 56\,180 + 3\,370.8 = 59\,550.8 & \text{រៀល} \end{array}\]

ដូច្នេះ បើតាង \(P\) ជាចំនួនប្រាក់ដើម ហើយ \(i\) ជាអត្រាការប្រាក់ប្រចាំឆ្នាំ នោះ

  • ចំនួនការប្រាក់នៃឆ្នាំទី \(1\) គឺ \(iP\)

  • ចំនួនប្រាក់សរុបនៃឆ្នាំទី \(1\) គឺ \(P + iP = P(1 + i)\)

  • ចំនួនប្រាក់សរុបនៃឆ្នាំទី \(2\) គឺ \(P(1 + i) + P(1 + i)i = P(1 + i)^2\)

  • ចំនួនប្រាក់សរុបនៃឆ្នាំទី \(3\) គឺ \(P(1 + i)^2 + P(1 + i)^2i = P(1 + i)^3\)

  • \(\qquad{}\vdots\)

  • ចំនួនប្រាក់សរុបនៃឆ្នាំទី \(t\) គឺ \(P(1 + i)^t\) ។

ជាទូទៅ

បើតាង \(P\) ជាប្រាក់ដើម \(i\) ជាអត្រាការប្រាក់ប្រចាំឆ្នាំ \(t\) ជាចំនួនឆ្នាំ នោះចំនួនប្រាក់សរុបគឺ \(A = P(1 + i)^t\) ។

សម្គាល់
  • រូបមន្ត \(A = P(1 + i)^t\) ប្រើបានតែក្នុងករណីទូទាត់ការប្រាក់មួយឆ្នាំម្តង ។

  • ករណីទូទាត់ការប្រាក់មួយឆមាសម្តង គេប្រើ \(A = P\left(1 + \dfrac{i}{2}\right)^{2t}\) ព្រោះមួយឆ្នាំទូទាត់ការប្រាក់ពីរដង នាំឱ្យ \(t\) ឆ្នាំទូទាត់ \(2t\) ហើយមួយឆ្នាំទទួលការប្រាក់ \(i\) នាំឱ្យមួយឆមាសទទួលអត្រាការប្រាក់ \(\dfrac{i}{2}\) ។

  • ករណីទូទាត់ការប្រាក់មួយត្រីមាសម្តង គេប្រើ \(A = P\left(1 + \dfrac{i}{4}\right)^{4t}\) ព្រោះមួយឆ្នាំទូទាត់ការប្រាក់បួនដង នាំឱ្យ \(t\) ឆ្នាំទូទាត់ \(4t\) ហើយមួយឆ្នាំទទួលការប្រាក់ \(i\) នាំឱ្យមួយត្រីមាស ទទួលការប្រាក់ \(\dfrac{i}{4}\) ។

ជាទូទៅ

បើ \(n\) ជាចំនួនដងនៃការទូទាត់ការប្រាក់ក្នុងមួយឆ្នាំ គេបានរូបមន្ត \(A = P\left(1 + \dfrac{i}{n}\right)^{nt}\) ។

លំហាត់គំរូ ៤

នៅឆ្នាំ \(1987\) អ្នកវិនិយោគទុនម្នាក់បានទិញដីមួយកន្លែងថ្លៃ \(84\,000\) ដុល្លារ ហើយនៅឆ្នាំ \(2007\) គាត់បានលក់ដីនោះវិញដោយទទួលបានតម្លៃ \(49\) លានដុល្លារ ។ តើក្នុងមួយឆ្នាំអ្នកវិនិយោគទុននោះទទួលបានអត្រាការប្រាក់ចំណេញចំនួនប៉ុន្មាន បើប្រាក់របស់គាត់កើនពី \(84\,000\) ដុល្លារដល់ \(49\) លានដុល្លារក្នុងរយៈពេល \(20\) ឆ្នាំ ។

ដំណោះស្រាយ

តាង \(i\) ជាអត្រាការប្រាក់ចំណេញ

\[\begin{gathered} 84\,000(1 + i)^{20} = 49\,000\,000 \quad{} \text{ឬ}\\ (1 + i)^{20} = \frac{49\,000\,000}{84\,000} = \frac{49\,000}{84}\\ (\text{លើកឫសទី } 20) \end{gathered}\]
គេបាន \(1 + i \approx 1.375\) ឬ \(i \approx 0.375\) ។

ដូច្នេះ ក្នុងមួយឆ្នាំអ្នកវិនិយោគទុនទទួលបានអត្រាការប្រាក់ចំណេញ \(37.5\%\) ។

លំហាត់គំរូ ៥

នៅឆ្នាំ \(1996\) មានសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួន \(3\,405\) នាក់ ហើយចំនួននេះមានការកើនឡើង \(30\%\) ជារៀងរាល់ឆ្នាំ ។

  1. សរសេរសមីការដែលបង្ហាញចំនួនសិស្សប្រឡងជាប់នៅឆ្នាំ \(1996\) ។

  2. តើនៅឆ្នាំ \(2006\) មានសិស្សប៉ុន្មាននាក់បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ។

ដំណោះស្រាយ
  1. សមីការសិស្សប្រឡងជាប់សញ្ញាបត្រនៅឆ្នាំ \(1996\) ។ ប្រើរូបមន្ត \(y = C(1 + r)^t\) ដែល \(C = 3\,405\) ចំនួនសិស្សប្រឡងជាប់, \(r = 30\% = 0.30\) អត្រាសិស្សប្រឡងជាប់, \(t\) ឆ្នាំដែលសិស្សប្រឡងជាប់, \(y\) ចំនួនសិស្សប្រឡងជាប់ ។

  2. ចំនួនសិស្សប្រឡងជាប់នៅឆ្នាំ \(2006\) ។ តាមសមីការខាងលើ \(y = 3\,405(1.30)^t\) ដែល \(t = 2006 - 1996 = 10\) ។ គេបាន \(y = 3\,405(1.30)^{10} \approx 46\,941\) ។

    ដូច្នេះ ចំនួនសិស្សដែលបានប្រឡងជាប់នៅឆ្នាំ \(2006\) គឺ \(46\,941\) នាក់ ។

លំហាត់គំរូ ៦

កសិករម្នាក់ទិញត្រាក់ទ័រមួយគ្រឿងសម្រាប់ភ្ជួរស្រែក្នុងតម្លៃ \(50\,000\) ដុល្លារ ។ ត្រាក់ទ័រនោះចុះថ្លៃ \(10\%\) ជារៀងរាល់ឆ្នាំ ។ រកតម្លៃត្រាក់ទ័រក្នុងរយៈពេល \(7\) ឆ្នាំក្រោយ ។

ដំណោះស្រាយ

ប្រើរូបមន្ត \(y = C(1 + r)^t\) ដែល \(C = 50\,000\) ជាតម្លៃទិញ, \(r = -10\% = -0.10\) ជាអត្រាចុះថ្លៃ, \(t = 7\) ជាចំនួនឆ្នាំ, \(y\) ជាតម្លៃលក់នៅឆ្នាំក្រោយពីចុះថ្លៃ ។

គេបាន \(y = 50\,000(1 - 0.10)^7 \approx 23\,914.85\) ។

ដូច្នេះ ក្នុងរយៈពេល \(7\) ឆ្នាំក្រោយ តម្លៃត្រាក់ទ័រនៅសល់ត្រឹមតែ \(23\,914.85\$\) ។

ប្រតិបត្តិ
  1. ពូស៊ុយបានយកប្រាក់មួយចំនួនទៅផ្ញើនៅធនាគារមួយ ដោយទទួលបានអត្រាការប្រាក់ \(9\%\) ក្នុងមួយឆ្នាំ ។ រយៈពេល \(5\) ឆ្នាំក្រោយមក គាត់បានដកប្រាក់ពីធនាគារនោះវិញ ដោយទទួលបានប្រាក់សរុបចំនួន \(1\,000\) ដុល្លារ ។ តើពូស៊ុយមានប្រាក់ដើមចំនួនប៉ុន្មាន?

  2. មនុស្សម្នាក់មានអាយុ \(20\) ឆ្នាំ បានយកប្រាក់ \(1\,000\) ដុល្លារ ទៅផ្ញើនៅធនាគារមួយ ដោយទទួលបានអត្រាការប្រាក់ \(12\%\) ក្នុងមួយឆ្នាំ ។ តើគាត់មានប្រាក់សរុបចំនួនប៉ុន្មាន បើបច្ចុប្បន្នគាត់មានអាយុ \(60\) ឆ្នាំ?

  3. មនុស្សម្នាក់បានទិញរថយន្តថ្មីមួយគ្រឿងម៉ាកតូយ៉ូតាកាម៉ារី ក្នុងតម្លៃ \(3\,900\) ដុល្លារ ។ រថយន្តនោះចុះថ្លៃ \(14\%\) ជារៀងរាល់ឆ្នាំ ។ រកតម្លៃរថយន្តក្នុងរយៈពេល \(10\) ឆ្នាំក្រោយ ។

ទំព័រសៀវភៅដើម

បើកមើលទំព័រសៀវភៅពុម្ព
មេរៀននេះបង្ហាញជាទំព័រពីសៀវភៅពុម្ពគណិតវិទ្យាថ្នាក់ទី ១១ (ថ្នាក់វិទ្យាសាស្ត្រ) ទំព័រ ៥៧–៧១។
ទំព័រ ៥៧
ទំព័រ ៥៧
ទំព័រ ៥៨
ទំព័រ ៥៨
ទំព័រ ៥៩
ទំព័រ ៥៩
ទំព័រ ៦០
ទំព័រ ៦០
ទំព័រ ៦១
ទំព័រ ៦១
ទំព័រ ៦២
ទំព័រ ៦២
ទំព័រ ៦៣
ទំព័រ ៦៣
ទំព័រ ៦៤
ទំព័រ ៦៤
ទំព័រ ៦៥
ទំព័រ ៦៥
ទំព័រ ៦៦
ទំព័រ ៦៦
ទំព័រ ៦៧
ទំព័រ ៦៧
ទំព័រ ៦៨
ទំព័រ ៦៨
ទំព័រ ៦៩
ទំព័រ ៦៩
ទំព័រ ៧០
ទំព័រ ៧០
ទំព័រ ៧១
ទំព័រ ៧១

លំហាត់អនុវត្តន៍

១លំហាត់ទី ១

គណនាតម្លៃនៃកន្សោមខាងក្រោម ៖

  1. \(\sqrt{16}\)

  2. \(\sqrt{225}\)

  3. \(\sqrt{144}\)

  4. \(\sqrt[3]{0.008(y - 2)^3}\)

  5. \(\sqrt{(-6x)^2}\)

  6. \(\sqrt[3]{27}\)

  7. \(-\sqrt[3]{64}\)

  8. \(\sqrt[3]{-64x^3}\) ។

២លំហាត់ទី ២

សរសេរកន្សោមខាងក្រោមជាទម្រង់អិចស្ប៉ូណង់ស្យែល

  1. \(x = \sqrt[4]{10}\)

  2. \(\sqrt[8]{56} = k\)

  3. \(a = \sqrt[28]{500h}\)

  4. \(b = \sqrt[x]{y}\) ។

៣លំហាត់ទី ៣

សម្រួលកន្សោមខាងក្រោម ៖

  1. \(\sqrt[4]{625}\)

  2. \(\sqrt[5]{-1}\)

  3. \(-\sqrt[5]{-32}\)

  4. \(\sqrt[5]{-\dfrac{1}{32}}\)

  5. \(\sqrt[6]{x^6}\)

  6. \(\sqrt[4]{(7b)^4}\)

  7. \(\sqrt[7]{y^7}\)

  8. \(\sqrt[5]{(x - 2)^5}\) ។

៤លំហាត់ទី ៤

រកដែនកំណត់នៃអនុគមន៍ខាងក្រោម ៖

  1. \(f(x) = \sqrt{x}\)

  2. \(f(x) = \sqrt[3]{x}\)

  3. \(f(x) = \sqrt{2x + 8}\)

  4. \(f(x) = \sqrt{4 - 3x}\)

  5. \(f(x) = \sqrt{-3x^2}\)

  6. \(f(x) = \sqrt{x^2 + 1}\)

  7. \(f(x) = \dfrac{\sqrt{x}}{2x^2 - 3x - 5}\)

  8. \(f(x) = \dfrac{\sqrt{x + 3}}{x^2 - x - 2}\)

  9. \(f(x) = \dfrac{\sqrt{x + 1}}{x + |x|}\) ។

៥លំហាត់ទី ៥

គណនាកន្សោមខាងក្រោម ៖

  1. \(\sqrt{x}\)

  2. \(\sqrt[3]{3} \times \sqrt[3]{5}\)

  3. \(\sqrt[4]{8} \times \sqrt[4]{9} \times \sqrt[4]{72}\)

  4. \(\sqrt{3a} \times \sqrt{10b}\)

  5. \(\sqrt{x - a} \times \sqrt{x + a}\)

  6. \(\sqrt{\dfrac{6}{x}} \times \sqrt{\dfrac{y}{5}}\) ។

៦លំហាត់ទី ៦

សម្រួលកន្សោមខាងក្រោម ៖

  1. \(\dfrac{2}{3}\sqrt{45} + \dfrac{3}{2}\sqrt[3]{16} + \dfrac{1}{4}\sqrt{72}\)

  2. \(x\sqrt[3]{2y} - \sqrt[3]{16x^3y} + \dfrac{x}{3}\sqrt[3]{54y}\) ។

៧លំហាត់ទី ៧

ប្រៀបធៀបកន្សោមខាងក្រោម ៖

  1. \(5\sqrt[3]{2}\) និង \(2\sqrt[3]{31}\)

  2. \(\sqrt[3]{2}\) និង \(\sqrt[12]{45}\)

  3. \(\sqrt[6]{5}\) និង \(\sqrt[8]{8}\) ។

៨លំហាត់ទី ៨

សម្រួលកន្សោមខាងក្រោម ៖

  1. \(\dfrac{\sqrt[3]{c^3 + 3c^2d + 3cd^2 + d^3}}{\sqrt{c^2 - d^2} \times \sqrt{c^2 - d^2}}\)

  2. \(\dfrac{\sqrt{x}}{\sqrt{x} - \sqrt{x + 1}}\)

  3. \(\dfrac{\sqrt{p}}{\sqrt{3q^2 + 4pq + p^2}} \times \dfrac{\sqrt{p + 3q}}{\sqrt{p^2 + 6pq + 8q^2}} \div \dfrac{1}{\sqrt{p^2 + 3pq + 2q^2}}\) ។

៩លំហាត់ទី ៩

សរសេរកន្សោមខាងក្រោមជាទម្រង់រ៉ាឌីកាល់

  1. \(8^{\frac{1}{3}}\)

  2. \(x^{\frac{1}{4}}\)

  3. \(y^{\frac{1}{5}}\)

  4. \((a^5t^3)^{\frac{1}{2}}\)

  5. \((x^3y^3)^{\frac{1}{4}}\)

  6. \((x^3y^5)^{\frac{1}{4}}\) ។

១០លំហាត់ទី ១០

ដោះស្រាយសមីការខាងក្រោម ៖

  1. \(2^x = 32\)

  2. \((x + 1)^{x^2-4x+3} = 1\)

  3. \((2 - \sqrt{3})^x + (2 + \sqrt{3})^x = 2\)

  4. \(3^{(2^x)} = 6561\)

  5. \(81^{(4^x)} = 9\)

  6. \(3(4^x) + 2(9^x) - 5(6^x) = 0\)

  7. \(3^{(3^x)} = 1\)

  8. \(\left(\sqrt{2 + \sqrt{3}}\right)^x + \left(\sqrt{2 - \sqrt{3}}\right)^x = 4\) ។

១១លំហាត់ទី ១១

ដោះស្រាយវិសមីការខាងក្រោម ៖

  1. \(2^x > 1\)

  2. \(3^x \le 1\)

  3. \(2^{2x} \le \dfrac{1}{16}\)

  4. \(16^x < 8^{x+1}\)

  5. \(32^{5x+2} \ge 16^{5x}\)

  6. \(4^{3x-1} > \dfrac{1}{256}\) ។

១២លំហាត់ទី ១២

ដោះស្រាយវិសមីការខាងក្រោម ៖

  1. \(16^x > 0.125\)

  2. \(2^x > -8\)

  3. \(27^x \times 3^{1-x} < \dfrac{1}{3}\)

  4. \((0.2)^x \le 25\)

  5. \(3^x \le \sqrt[3]{9}\)

  6. \(\left(\dfrac{1}{2}\right)^x > \sqrt[3]{\dfrac{1}{4}}\) ។

១៣លំហាត់ទី ១៣

មីងសយបានយកប្រាក់មួយចំនួនទៅផ្ញើនៅធនាគារមួយ ដោយទទួលបានអត្រាការប្រាក់ \(6\%\) ក្នុងមួយឆ្នាំ ។ រយៈពេល \(7\) ឆ្នាំក្រោយមក គាត់បានដកប្រាក់ពីធនាគារនោះវិញ ដោយទទួលបានប្រាក់សរុប ចំនួន \(300\) ដុល្លារ ។ តើមីងសយមានប្រាក់ដើមចំនួនប៉ុន្មាន?

១៤លំហាត់ទី ១៤

មនុស្សម្នាក់មានអាយុ \(30\) ឆ្នាំបានយកប្រាក់ \(50\,000\) រៀល ទៅផ្ញើនៅធនាគារមួយដោយទទួលបានអត្រាការប្រាក់ \(4\%\) ក្នុងមួយឆ្នាំ ។ តើគាត់មានប្រាក់សរុបចំនួនប៉ុន្មាន បើបច្ចុប្បន្នគាត់មានអាយុ \(65\) ឆ្នាំ?

១៥លំហាត់ទី ១៥

មនុស្សម្នាក់បានទិញរថយន្តថ្មីមួយគ្រឿងក្នុងតម្លៃ \(45\,000\) ដុល្លារ ។ រថយន្តនោះចុះថ្លៃ \(15\%\) ជារៀងរាល់ឆ្នាំ ។ រកតម្លៃរថយន្តក្នុងរយៈពេល \(7\) ឆ្នាំក្រោយ ។

១៦លំហាត់ទី ១៦

សង់ក្រាបនៃអនុគមន៍ខាងក្រោមក្នុងតម្រុយតែមួយ ៖

  1. \(f(x) = 2^x\),  \(g(x) = 5^x\),  \(h(x) = 10^x\)

  2. \(f(x) = \left(\dfrac{1}{2}\right)^x\),  \(g(x) = \left(\dfrac{1}{5}\right)^x\),  \(h(x) = \left(\dfrac{1}{10}\right)^x\) ។

១៧លំហាត់ទី ១៧

រកតម្លៃ \(a\) បើខ្សែកោងនៃ \(f(x) = a^x\) កាត់តាមចំណុចនីមួយៗដូចក្រោម ៖

  1. \(A(3, 216)\)

  2. \(B(5, 32)\)

  3. \(C(3, 512)\)

  4. \(D(4, 256)\)

  5. \(E(-2, 64)\)

  6. \(F\left(-3, \dfrac{1}{216}\right)\)

  7. \(G(3, 343)\)

  8. \(H\left(\dfrac{1}{3}, 3\right)\) ។

១៨លំហាត់ទី ១៨

បង្ហាញថា បើ \(f(x) = a^x\) នោះ \(f(x)f(y) = f(x + y)\) ។

១៩លំហាត់ទី ១៩
  1. បើ \((x_1, y_1)\) និង \((x_2, y_2)\) ជាចំណុចពីរនៅលើខ្សែកោង \(f(x) = a^x\) នោះចំណុចទាំងពីរ \((x_1 + x_2, y_1y_2)\) និង \(\left(x_1 - x_2, \dfrac{y_1}{y_2}\right)\) ជាចំណុចនៅលើខ្សែកោង ។

  2. បើ \((x_1, y_1)\) ជាចំណុចនៅលើខ្សែកោង \(f(x) = a^x\) នោះចំណុចទាំងពីរ \((2x_1, y_1^2)\) និង \(\left(-x_1, \dfrac{1}{y_1}\right)\) ជាចំណុចនៅលើខ្សែកោង \(f(x) = a^x\) ។

២០លំហាត់ទី ២០
  1. សង់ក្រាបនៃអនុគមន៍ \(f(x) = 2^x\) ។

  2. សង់ក្រាបនៃអនុគមន៍នីមួយៗក្នុងតម្រុយតែមួយជាមួយក្រាបនៃអនុគមន៍ \(f(x) = 2^x\)

    1. \(y = f(x) - 1\)

    2. \(y = f(x - 1)\)

    3. \(y = f(x + 1)\)

    4. \(y = f(0.5x)\)

    5. \(y = f(2x)\)

    6. \(y = f(-x)\) ។

២១លំហាត់ទី ២១

បើ \(a > 0\) ។ ចូររកតម្លៃ \(a\) និង \(x\) ដែលធ្វើឱ្យសមភាព និងវិសមភាពខាងក្រោមផ្ទៀងផ្ទាត់

  1. \(a^x = 1\)

  2. \(a^x > 1\)

  3. \(0 < a^x < 1\) ។

២២លំហាត់ទី ២២

សង់ក្រាបនៃអនុគមន៍

  1. \(f(x) = 2^{|x|}\)

  2. \(f(x) = x(2^x)\)

  3. \(f(x) = x^x\) ។

២៣លំហាត់ទី ២៣

សង់ក្រាបនៃអនុគមន៍ខាងក្រោម

  1. \(y = 2^{x-1}\)

  2. \(y = 2^{|x-1|}\)

  3. \(y = 2^x + 2^{-x}\)

  4. \(y = 2^{-x^2}\)

  5. \(y = 3^{-|x+1|^2}\)

  6. \(y = 2^{|x^2-8|}\) ។

២៤លំហាត់ទី ២៤

ដោះស្រាយសមីការ

  1. \(3^{x^2+4x} = \dfrac{1}{27}\)

  2. \(3^{5x} \cdot 9^{x^2} = 27\)

  3. \(4^{3x^2+2x+1} = 16\) ។

សំណួរពហុជ្រើសរើស

ជ្រើសរើសចម្លើយត្រឹមត្រូវតែមួយ រួចចុច «ពិនិត្យ»។ ចម្លើយរបស់អ្នកត្រូវបានរក្សាទុកក្នុងកុំព្យូទ័រនេះ។

✎ សំណួរទី ១–១០

✎ សំណួរទី ១១–២០

តេស្តសមត្ថភាព ៖ មេរៀនទី ៧ អនុគមន៍អិចស្ប៉ូណង់ស្យែល (វិទ្យាសាស្ត្រ) — ២០ សំណួរ · ៣៥ នាទី

ចាប់ផ្ដើមតេស្ត