1. ទំព័រដើម
  2. ថ្នាក់ទី ១១
  3. មេរៀនទី ៣២
៣២
ថ្នាក់វិទ្យាសាស្ត្រសង្គម · ជំពូកទី ២ អនុគមន៍អិចស្ប៉ូណង់ស្យែលនិងអនុគមន៍លោការីត · មេរៀនទី ៣២ · គណិតវិទ្យាថ្នាក់ទី ១១

អនុគមន៍អិចស្ប៉ូណង់ស្យែល

ថ្នាក់វិទ្យាសាស្ត្រសង្គមទំព័រ ២៧–៤៧
ជំពូកទី ២ ៖ អនុគមន៍អិចស្ប៉ូណង់ស្យែលនិងអនុគមន៍លោការីត

ជំពូកនេះមានមេរៀន ៖ ១. អនុគមន៍អិចស្ប៉ូណង់ស្យែល ២. អនុគមន៍លោការីត ។

នៅក្នុងជំពូកនេះ គេចាប់ផ្ដើមសិក្សាពីបញ្ញត្តិនៃអនុគមន៍អិចស្ប៉ូណង់ស្យែល សង់ក្រាបតាងអនុគមន៍ ដោះស្រាយសមីការ និងវិសមីការអិចស្ប៉ូណង់ស្យែល ដែលជាមធ្យោបាយសំខាន់សម្រាប់សិក្សាពីបញ្ញត្តិ ក្រាប សមីការ និងវិសមីការលោការីត ។ បន្ទាប់ពីទទួលបានបញ្ញត្តិអនុគមន៍អិចស្ប៉ូណង់ស្យែលនិងលោការីត សិស្សអាចយកចំណេះដឹងនិងបំណិនទៅដោះស្រាយចំណោទបញ្ហាដែលទាក់ទងនឹងការប្រាក់ កំណើនភ្ញៀវទេសចរដែលចូលមកទស្សនាប្រាសាទអង្គរវត្ត កំណើនប្រជាជននិងសម្រាប់ដោះស្រាយចំណោទបញ្ហាផ្សេងទៀតដែលជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃ ។

វត្ថុបំណង
  1. គណនាឫសទី \(n\)

  2. សរសេររ៉ាឌីកាល់ជាអិចស្ប៉ូណង់ស្យែល

  3. សង់ក្រាបនៃអនុគមន៍អិចស្ប៉ូណង់ស្យែល

  4. ដោះស្រាយសមីការនិងវិសមីការអិចស្ប៉ូណង់ស្យែល

  5. អនុវត្តន៍លើអនុគមន៍អិចស្ប៉ូណង់ស្យែល ។

ស្វ័យគុណ

និយមន័យនៃស្វ័យគុណ

ឧទាហរណ៍

\(2\times 2\times 2\times 2 = 2^4\), \(3\times 3\times 3\times 3\times 3 = 3^5\), \((-3)(-3)(-3)(-3)(-3) = (-3)^5\) ។

ជាទូទៅ

\[\underbrace{a\cdot a\cdot a\cdots a}_{n \text{ កត្តា}} = a^n\]
កន្សោមផលគុណដែលបានមកពីការគុណនៃចំនួនដូចៗគ្នាហៅថា “ស្វ័យគុណ” ។

និយមន័យ

ស្វ័យគុណ គឺជាកន្សោមផលគុណដែលបានមកពីការគុណនៃចំនួនដូចៗគ្នាដែលកំណត់សរសេរជាទម្រង់ \(a^n\) ។

  • \(a^n\) អានថា \(a\) ស្វ័យគុណ \(n\)

  • \(n\) ហៅថានិទស្សន្តដែល \(n\) ជាចំនួនគត់វិជ្ជមាន

  • \(a\) ហៅថាគោលនៃស្វ័យគុណ ។

លំហាត់គំរូ ១

សរសេរចំនួនខាងក្រោមជាស្វ័យគុណគោល \(2\) ៖ ក. \(16\) ខ. \(32\) គ. \(128\) ។

ដំណោះស្រាយ

ក. \(16 = 2\times 2\times 2\times 2 = 2^4\) ខ. \(32 = 2\times 2\times 2\times 2\times 2 = 2^5\) គ. \(128 = 2\times 2\times 2\times 2\times 2\times 2\times 2 = 2^7\) ។

លំហាត់គំរូ ២

សរសេរចំនួនខាងក្រោមជាស្វ័យគុណគោល \(3\) ៖ ក. \(27\) ខ. \(81\) គ. \(243\) ។

ដំណោះស្រាយ

ក. \(27 = 3\times 3\times 3 = 3^3\) ខ. \(81 = 3\times 3\times 3\times 3 = 3^4\) គ. \(243 = 3\times 3\times 3\times 3\times 3 = 3^5\) ។

លំហាត់គំរូ ៣

ពន្លាតកន្សោមស្វ័យគុណខាងក្រោម ៖ ក. \(\left(\dfrac{1}{2}\right)^3\) ខ. \(\left(\dfrac{1}{m}\right)^3\) គ. \((-10)^5\) ។

ដំណោះស្រាយ

ក. \(\left(\dfrac{1}{2}\right)^3 = \dfrac{1}{2}\times\dfrac{1}{2}\times\dfrac{1}{2} = \dfrac{1}{8}\) ខ. \(\left(\dfrac{1}{m}\right)^3 = \dfrac{1}{m}\times\dfrac{1}{m}\times\dfrac{1}{m} = \dfrac{1}{m^3}\)
គ. \((-10)^5 = (-10)\times(-10)\times(-10)\times(-10)\times(-10) = -100\,000\) ។

លក្ខណៈនៃស្វ័យគុណ

  • ផលគុណនៃស្វ័យគុណគោលដូចគ្នា ៖ គេមាន \(3^2\times 3^3 = 3\times 3\times 3\times 3\times 3 = 3^5\), \(3^2\times 3^3 = 3^{2+3} = 3^5\) ។ គេទាញបាន \(a^m\times a^n = a^{m+n}\) ។

  • ស្វ័យគុណនៃស្វ័យគុណ ៖ គេមាន \((3^4)^2 = 3^4\times 3^4 = 3^{4+4} = 3^8\), \((3^4)^2 = 3^{4\times 2} = 3^8\) ។ គេទាញបាន \((a^m)^n = a^{m\times n}\) ។

  • ស្វ័យគុណនៃផលគុណ ៖ គេមាន \((3\times 5)^2 = (3\times 5)\times(3\times 5) = 15\times 15 = 225\) និង \(3^2\times 5^2 = 9\times 25 = 225\) ។ គេទាញបាន \((ab)^n = a^n\times b^n\) ។

  • ស្វ័យគុណនៃផលចែក ៖ គេមាន \(\left(\dfrac{3}{2}\right)^4 = \dfrac{3\times 3\times 3\times 3}{2\times 2\times 2\times 2} = \dfrac{81}{16}\), \(\dfrac{3^4}{2^4} = \dfrac{81}{16}\) ។ គេទាញបាន \(\left(\dfrac{a}{b}\right)^n = \dfrac{a^n}{b^n}\) \((b \ne 0)\) ។

  • ផលចែកនៃស្វ័យគុណគោលដូចគ្នា ៖ គេមាន \(\dfrac{3^4}{3^2} = \dfrac{3\times 3\times 3\times 3}{3\times 3} = 3^2\), \(\dfrac{3^4}{3^2} = 3^{4-2} = 3^2\) ។ គេទាញបាន \(\dfrac{a^m}{a^n} = a^{m-n}\) \((a \ne 0)\) ។

ជាទូទៅ

បើ \(a\) និង \(b\) ជាចំនួនពិត ហើយ \(m\) និង \(n\) ជាចំនួនគត់រ៉ឺឡាទីប គេបាន ៖

\[\begin{gathered} a^m\times a^n = a^{m+n}, \quad{} (a^m)^n = a^{mn}, \quad{} (ab)^n = a^nb^n,\\ \left(\frac{a}{b}\right)^n = \frac{a^n}{b^n}\ (b \ne 0), \quad{} \frac{a^m}{a^n} = a^{m-n}\ (a \ne 0) \end{gathered}\]

លំហាត់គំរូ

សម្រួល ៖ ក. \((-2)^3(-2)^7\) ខ. \((3^5)^7\) គ. \((4x^a\cdot y^b)(x^2\cdot y^3)\) ឃ. \(\left(\dfrac{x^2}{y^3}\right)^5\) ង. \(\dfrac{7^6}{7^5}\) ច. \((5x^3y^5z^2)^4\) ។

ដំណោះស្រាយ

ក. \((-2)^3(-2)^7 = (-2)^{3+7} = (-2)^{10} = 1024\) ខ. \((3^5)^7 = 3^{5\times 7} = 3^{35}\) គ. \((4x^a\cdot y^b)(x^2\cdot y^3) = 4x^{a+2}y^{b+3}\) ឃ. \(\left(\dfrac{x^2}{y^3}\right)^5 = \dfrac{(x^2)^5}{(y^3)^5} = \dfrac{x^{10}}{y^{15}}\) ង. \(\dfrac{7^6}{7^5} = 7^{6-5} = 7\) ច. \((5x^3y^5z^2)^4 = 625x^{12}y^{20}z^8\) ។

ប្រតិបត្តិ

សម្រួល ៖ ក. \(m^2\times m^8\) ខ. \(\dfrac{x^{11}}{x^9}\) គ. \(4^2 + \left(\dfrac{1}{2}\right)^4\) ឃ. \(\left(\dfrac{4}{9}\right)^3 \div \left(\dfrac{16}{25}\right)^2\) ង. \(\dfrac{(a^5b^3)^2}{a^3b^2}\) ។

មើលចម្លើយ

ក. \(m^{10}\) ខ. \(x^2\) គ. \(\dfrac{257}{16}\) ឃ. \(\dfrac{64}{729}\times\dfrac{625}{256} = \dfrac{625}{2916}\) ង. \(a^7b^4\) ។

ស្វ័យគុណចម្រាសនៃស្វ័យគុណនិងស្វ័យគុណសូន្យ

  • ស្វ័យគុណចម្រាសនៃស្វ័យគុណ ៖ \(\dfrac{5^3}{5^5} = \dfrac{5\times 5\times 5}{5\times 5\times 5\times 5\times 5} = \dfrac{1}{5\times 5} = \dfrac{1}{5^2}\), \(\dfrac{5^3}{5^5} = 5^{3-5} = 5^{-2}\) ។ គេសង្កេតឃើញថា \(\dfrac{1}{5^2} = 5^{-2}\) ។ គេទាញបាន \(\dfrac{1}{a^n} = a^{-n}\), \((a \ne 0)\) ។ គេមាន \(3^{-2} = \dfrac{1}{3^2} = \dfrac{1}{9}\) និង \(\dfrac{1}{3^{-2}} = \dfrac{1}{\frac{1}{3^2}} = 3^2\) ។ គេទាញបាន \(a^n = \dfrac{1}{a^{-n}}\) ។

  • ស្វ័យគុណសូន្យ ៖ \(\dfrac{5^3}{5^3} = \dfrac{5\times 5\times 5}{5\times 5\times 5} = 1\), \(\dfrac{5^3}{5^3} = 5^{3-3} = 5^0\) ។ គេសង្កេតឃើញថា \(\dfrac{5^3}{5^3} = 5^0 = 1\) ។ ជាទូទៅ \(\dfrac{a^4}{a^4} = 1\), \(\dfrac{a^4}{a^4} = a^{4-4} = a^0\) គេទាញបាន \(a^0 = 1\), \((a \ne 0)\) ។

ជាទូទៅ

\[\frac{1}{a^n} = a^{-n}\ (a \ne 0), \qquad{} a^0 = 1\ (a \ne 0)\]

លំហាត់គំរូ

គណនា ៖ ក. \(-4^0\) ខ. \((-4)^0\) គ. \(x^5 \div x^{-1}\) ឃ. \((x^{-1}y^{-3})^{-1}\) ង. \((2^0 + 2^{-1}) \div 3^{-2}\) ច. \(\left(\dfrac{a^2}{a^{-2}}\right)^{-2}\) ឆ. \(4\times 2^n\) ជ. \(\dfrac{2^m}{8}\) ។

ដំណោះស្រាយ

ក. \(-4^0 = -1\) ខ. \((-4)^0 = 1\) គ. \(x^5 \div x^{-1} = x^5\times x^1 = x^6\) ឃ. \((x^{-1}y^{-3})^{-1} = \dfrac{1}{x^{-1}y^{-3}} = xy^3\)
ង. \((2^0 + 2^{-1}) \div 3^{-2} = \left(1 + \dfrac{1}{2}\right) \div \dfrac{1}{3^2} = \dfrac{3}{2}\times 9 = \dfrac{27}{2}\) ច. \(\left(\dfrac{a^2}{a^{-2}}\right)^{-2} = (a^4)^{-2} = \dfrac{1}{a^8}\)
ឆ. \(4\times 2^n = 2^2\times 2^n = 2^{n+2}\) ជ. \(\dfrac{2^m}{8} = \dfrac{2^m}{2^3} = 2^{m-3}\) ។

ប្រតិបត្តិ

គណនា ៖ ក. \((0.05)^0\) ខ. \((-7^2)^0\) គ. \(5\times 8^0\) ឃ. \(\dfrac{(8^{2-2n})(16^{3-n})}{(4^{2n})^{-1}}\) ង. \(2\left(\dfrac{4}{m}\right)^{-2}\) ច. \(\left(\dfrac{6}{12m^{-3}}\right)^{-1}\) ឆ. \(\dfrac{2^0 + 2^{-1}}{3^{-2}}\) ជ. \(\dfrac{x^{-3}y^4}{x^4y^{-3}}\) ឈ. \(\dfrac{m^{-1} + n^{-1}}{m^{-1} - n^{-1}}\) ។

មើលចម្លើយ

ក. \(1\) ខ. \(1\) គ. \(5\) ឃ. \(2^{18-6n}\) ង. \(\dfrac{m^2}{8}\) ច. \(\dfrac{2}{m^3}\) ឆ. \(\dfrac{27}{2}\) ជ. \(\dfrac{y^7}{x^7}\) ឈ. \(\dfrac{n + m}{n - m}\) ។

ឫសទី \(n\)

និយមន័យនៃឫសទី \(n\)

ឧទាហរណ៍

\(16 = 2\times 2\times 2\times 2 = 2^4\), \(2\) ហៅថាឫសទី \(4\) នៃ \(16\) ។ \(16 = 4\times 4 = 4^2\), \(4\) ហៅថាឫសទី \(2\) នៃ \(16\) ។ \(16 = (-4)\times(-4) = (-4)^2\), \((-4)\) ហៅថាឫសទី \(2\) នៃ \(16\) ។ \(27 = 3\times 3\times 3 = 3^3\), \(3\) ហៅថាឫសទី \(3\) នៃ \(27\) ។ \(-27 = (-3)\times(-3)\times(-3) = (-3)^3\), \(-3\) ហៅថាឫសទី \(3\) នៃ \(-27\) ។

ជាទូទៅ

\[a^n = \underbrace{a\times a\times\cdots\times a}_{n \text{ កត្តា}}, \quad{} a \text{ ហៅថាឫសទី } n \text{ នៃ } a^n\]

និយមន័យ

ឫសទី \(n\) នៃចំនួនមួយ គឺជាតម្លៃលេខណាមួយដែលគុណគ្នាដដែលៗ ចំនួន \(n\) ដង ហើយស្មើនឹងចំនួនដើមនោះ ។

សម្គាល់

ឫសទី \(n\) នៃចំនួនមួយដែលមានសញ្ញាដូចនឹងចំនួនដើម ហៅថា “ឫសគោល” ហើយមានតែមួយគត់ ។

និមិត្តសញ្ញានៃឫសទី \(n\) និងការរកឫសទី \(n\)

និមិត្តសញ្ញានៃឫសទី \(n\) ៖ \(\sqrt[n]{\ }\) នេះជានិមិត្តសញ្ញាពិសេសដែលមានន័យថាឫសទី \(n\) ហើយត្រូវបានប្រើសម្រាប់តែឫសគោលប៉ុណ្ណោះ ។ វាជាសញ្ញារ៉ាឌីកាល់ដែល \(\sqrt{\ }\) មានន័យថាឫសការេ ឬឫសទី \(2\) ។ ក្នុង \(\sqrt[3]{27}\) ៖ \(3\) ជាសន្ទស្សន៍ \(\sqrt{\ }\) ជាសញ្ញារ៉ាឌីកាល់ និង \(27\) ជារ៉ាឌីកង់ ។

ការរកឫសទី \(n\) ៖

ឧទាហរណ៍ ១
  1. ឫសទី \(3\) ឬឫសគូបនៃ \(-27\) គឺ \(-27 = (-3)\times(-3)\times(-3) = (-3)^3\) ។ ដូច្នេះឫសទី \(3\) ឬឫសគូបនៃ \(-27\) គឺ \(-3\) ។

  2. ឫសទី \(3\) ឬឫសគូបនៃ \(27\) គឺ \(27 = 3\times 3\times 3 = (3)^3\) ។ ដូច្នេះឫសទី \(3\) ឬឫសគូបនៃ \(27\) គឺ \(3\) ។

  3. ឫសទី \(5\) នៃ \(-32\) គឺ \(-32 = (-2)\times(-2)\times(-2)\times(-2)\times(-2) = (-2)^5\) ។ ដូច្នេះឫសទី \(5\) នៃ \(-32\) គឺ \(-2\) ។

ឧទាហរណ៍ ២
  1. ឫសការេនៃ \(16\) គឺ \(16 = 4\times 4 = 4^2\) ឬ \(16 = (-4)\times(-4) = (-4)^2\) ។ ដូច្នេះឫសការេនៃ \(16\) មានពីរគឺ \(4\) ដែលមានសញ្ញាដូចចំនួនដើមហៅថា “ឫសគោល” និង \(-4\) ជាចំនួនអវិជ្ជមាន ។

  2. \(\sqrt{25}\) គេបាន \(\sqrt{25} = \sqrt{5^2} = 5\) ។

  3. \(\sqrt[3]{-27} = \sqrt[3]{(-3)^3} = -3\) ។

  4. ឫសការេនៃ \(-9\) ៖ \(3^2 \ne -9\), \((-3)^2 \ne -9\) ដូច្នេះ \(-9\) គ្មានឫសការេទេ ព្រោះមិនមានចំនួនពិតដូចគ្នាណាដែលគុណគ្នាពីរដងស្មើនឹង \(-9\) ឡើយ ។

ជាទូទៅ

ចំនួនអវិជ្ជមានគ្មានឫសការេក្នុងសំណុំចំនួនពិត ។

លំហាត់គំរូ

រកឫសការេនៃ ៖ ក. \(\dfrac{9}{25}\) ខ. \(\sqrt[3]{-125}\) គ. \(\sqrt[4]{81}\) ឃ. \(\sqrt{(x-1)^2}\), \(\sqrt[4]{81a^4}\) ង. \(\sqrt{\dfrac{9}{25}}\) ។

ដំណោះស្រាយ

ក. \(\dfrac{9}{25} = \left(\dfrac{3}{5}\right)^2 = \left(-\dfrac{3}{5}\right)^2\) ដូច្នេះឫសការេនៃ \(\dfrac{9}{25}\) មានពីរគឺ \(\dfrac{3}{5}\) ជា “ឫសគោល” និង \(-\dfrac{3}{5}\) ជាចំនួនអវិជ្ជមាន ។ ខ. \(\sqrt[3]{-125} = \sqrt[3]{(-5)^3} = -5\) គ. \(\sqrt[4]{81} = \sqrt[4]{3^4} = 3\) ឃ. \(\sqrt{(x-1)^2} = |x - 1|\) និង \(\sqrt[4]{81a^4} = \sqrt[4]{3^4a^4} = 3|a|\) ង. \(\sqrt{\dfrac{9}{25}} = \sqrt{\left(\dfrac{3}{5}\right)^2} = \dfrac{3}{5}\) ។

ជាទូទៅ

\(a\) ជាចំនួនពិត និង \(n \ge 2\) ដែល \(n\) ជាចំនួនគត់រ៉ឺឡាទីប គេបាន ៖ \(\sqrt[n]{a^n} = |a|\) បើ \(n\) គូ និង \(\sqrt[n]{a^n} = a\) បើ \(n\) សេស ។

លំហាត់គំរូ

គណនា ៖ ក. \(\sqrt[5]{-\dfrac{1}{32}}\) ខ. \(\sqrt{x^2 - 6x + 9}\) គ. \(\sqrt[6]{(-10)^6}\) ឃ. \(\sqrt[3]{-64x^3y^6}\) ង. \(\sqrt[4]{16(x-2)^4}\) ច. \(\sqrt[6]{(x+3)^6}\) ។

ដំណោះស្រាយ

ក. \(\sqrt[5]{-\dfrac{1}{32}} = \sqrt[5]{\left(-\dfrac{1}{2}\right)^5} = -\dfrac{1}{2}\) ខ. \(\sqrt{x^2 - 6x + 9} = \sqrt{(x-3)^2} = |x - 3|\) គ. \(\sqrt[6]{(-10)^6} = |-10| = 10\)
ឃ. \(\sqrt[3]{-64x^3y^6} = \sqrt[3]{(-4)^3x^3(y^2)^3} = -4xy^2\) ង. \(\sqrt[4]{16(x-2)^4} = 2|x - 2|\) ច. \(\sqrt[6]{(x+3)^6} = |x + 3|\) ។

ប្រតិបត្តិ

គណនា ៖ ក. \(\sqrt{-64x^3y^6}\) ខ. \(\sqrt[4]{16(x-2)^4}\) គ. \(\sqrt[6]{(x+3)^6}\) ។

មើលចម្លើយ

ក. គ្មានន័យក្នុង \(\mathbb{R}\) (បើ \(x > 0\)) ខ. \(2|x - 2|\) គ. \(|x + 3|\) ។

វិធីគុណកន្សោមរ៉ាឌីកាល់

ឧទាហរណ៍

សម្រួល \(\sqrt[3]{27}\times\sqrt[3]{125}\) និង \(\sqrt[3]{27\times 125}\) រួចប្រៀបធៀបចម្លើយ ។

គេមាន \(\sqrt[3]{27}\times\sqrt[3]{125} = \sqrt[3]{3^3}\times\sqrt[3]{5^3} = 3\times 5 = 15\) និង \(\sqrt[3]{27\times 125} = \sqrt[3]{3^3\times 5^3} = \sqrt[3]{(3\times 5)^3} = \sqrt[3]{15^3} = 15\) ។ គេសង្កេតឃើញថា \(\sqrt[3]{27}\times\sqrt[3]{125} = \sqrt[3]{27\times 125} = 15\) ។

ជាទូទៅ

\(\sqrt[n]{a}\cdot\sqrt[n]{b} = \sqrt[n]{ab}\) ចំពោះគ្រប់ចំនួនគត់ \(n \ge 2\) និងគ្រប់ចំនួនវិជ្ជមាន \(a\) និង \(b\) ។

លំហាត់គំរូ

គណនា ៖ ក. \(\sqrt{2}\times\sqrt{8}\) ខ. \(\sqrt[5]{25}\times\sqrt[5]{125}\) ។

ដំណោះស្រាយ

ក. \(\sqrt{2}\times\sqrt{8} = \sqrt{2\times 8} = \sqrt{16} = \sqrt{4^2} = 4\) ខ. \(\sqrt[5]{25}\times\sqrt[5]{125} = \sqrt[5]{5^2}\times\sqrt[5]{5^3} = \sqrt[5]{5^5} = 5\) ។

វិធីចែកកន្សោមរ៉ាឌីកាល់

ឧទាហរណ៍

គណនា \(\sqrt{\dfrac{64}{9}}\) និង \(\dfrac{\sqrt{64}}{\sqrt{9}}\) រួចប្រៀបធៀបចម្លើយ ។

គេបាន \(\sqrt{\dfrac{64}{9}} = \sqrt{\left(\dfrac{8}{3}\right)^2} = \dfrac{8}{3}\), \(\dfrac{\sqrt{64}}{\sqrt{9}} = \dfrac{\sqrt{8^2}}{\sqrt{3^2}} = \dfrac{8}{3}\) ។ គេសង្កេតឃើញ \(\sqrt{\dfrac{64}{9}} = \dfrac{\sqrt{64}}{\sqrt{9}} = \dfrac{8}{3}\) ។

ជាទូទៅ

\(\dfrac{\sqrt[n]{a}}{\sqrt[n]{b}} = \sqrt[n]{\dfrac{a}{b}}\) ចំពោះគ្រប់ចំនួនគត់ \(n \ge 2\) និង \(a > 0\) និង \(b > 0\) ។

លំហាត់គំរូ

គណនា ៖ ក. \(\dfrac{\sqrt[3]{24}}{\sqrt[3]{3}}\) ខ. \(\dfrac{\sqrt{125}}{\sqrt{5}}\) ។

ដំណោះស្រាយ

ក. \(\dfrac{\sqrt[3]{24}}{\sqrt[3]{3}} = \sqrt[3]{\dfrac{24}{3}} = \sqrt[3]{8} = 2\) ខ. \(\dfrac{\sqrt{125}}{\sqrt{5}} = \sqrt{\dfrac{125}{5}} = \sqrt{25} = 5\) ។

ប្រតិបត្តិ

គណនា ៖ ក. \(\sqrt{\dfrac{64}{25}}\) ខ. \(\sqrt[3]{-\dfrac{27}{8}}\) គ. \(\sqrt[5]{\dfrac{32}{3125}}\) ឃ. \(\sqrt[4]{\dfrac{81}{2401}}\) ង. \(\sqrt[6]{\dfrac{1}{46656}}\) ។

មើលចម្លើយ

ក. \(\dfrac{8}{5}\) ខ. \(-\dfrac{3}{2}\) គ. \(\dfrac{2}{5}\) ឃ. \(\dfrac{3}{7}\) ង. \(\dfrac{1}{6}\) ។

ការសរសេររ៉ាឌីកាល់ជាស្វ័យគុណសនិទាន

ឧទាហរណ៍

គណនា រួចប្រៀបធៀបចម្លើយ ។

  1. \(\sqrt[3]{125} = \sqrt[3]{5\times 5\times 5} = \sqrt[3]{5^3} = 5\) និង \(5^{\frac{3}{3}} = 5^1 = 5\) ។ គេសង្កេតឃើញថា \(\sqrt[3]{5^3} = 5^{\frac{3}{3}}\) ។

  2. \(\sqrt{64} = \sqrt{8^2} = 8\) និង \(8^{\frac{2}{2}} = 8^1 = 8\) ។ គេសង្កេតឃើញថា \(\sqrt{8^2} = 8^{\frac{2}{2}}\) ។

  3. \(\sqrt{64} = \sqrt{2^6} = \sqrt{(2^3)^2} = 2^3 = 8\) និង \(2^{\frac{6}{2}} = 2^3 = 8\) ។ គេសង្កេតឃើញថា \(\sqrt{2^6} = 2^{\frac{6}{2}}\) ។

ជាទូទៅ

\(\sqrt[n]{a^m} = a^{\frac{m}{n}}\) ចំពោះគ្រប់ចំនួនគត់រ៉ឺឡាទីប \(n \ge 2\) និង \(a > 0\) ។

លំហាត់គំរូ

គណនា ៖ ក. \(\sqrt[3]{27}\) ខ. \(\sqrt[5]{32^2}\) គ. \(\sqrt[6]{64^2}\) ។

ដំណោះស្រាយ

ក. \(\sqrt[3]{27} = 27^{\frac{1}{3}} = (3^3)^{\frac{1}{3}} = 3\) ខ. \(\sqrt[5]{32^2} = 32^{\frac{2}{5}} = (2^5)^{\frac{2}{5}} = 4\) គ. \(\sqrt[6]{64^2} = (2^6)^{\frac{2}{6}} = 4\) ។

ប្រតិបត្តិ

សរសេរកន្សោមខាងក្រោមជាទម្រង់រ៉ាឌីកាល់ ៖ ក. \(8^{\frac{1}{3}}\) ខ. \(x^{\frac{1}{4}}\) គ. \(y^{\frac{1}{5}}\) ឃ. \((a^5t^3)^{\frac{1}{2}}\) ង. \((x^3y^3)^{\frac{1}{4}}\) ច. \((x^3y^5)^{\frac{1}{4}}\) ។

មើលចម្លើយ

ក. \(\sqrt[3]{8} = 2\) ខ. \(\sqrt[4]{x}\) គ. \(\sqrt[5]{y}\) ឃ. \(\sqrt{a^5t^3}\) ង. \(\sqrt[4]{x^3y^3}\) ច. \(\sqrt[4]{x^3y^5}\) ។

វិធីគុណសន្ទស្សន៍រ៉ាឌីកាល់

ឧទាហរណ៍

សម្រួលកន្សោម \(\sqrt[3]{\sqrt[5]{x}}\) ។

គេមាន \(\sqrt[3]{\sqrt[5]{x}} = \left(\sqrt[5]{x}\right)^{\frac{1}{3}} = x^{\frac{1}{5}\cdot\frac{1}{3}} = x^{\frac{1}{15}} = \sqrt[15]{x}\) ។ គេសង្កេតឃើញ \(\sqrt[3]{\sqrt[5]{x}} = \sqrt[3\times 5]{x} = \sqrt[15]{x}\) ។

ជាទូទៅ

\(\sqrt[n]{\sqrt[k]{a}} = \sqrt[nk]{a}\) ចំពោះគ្រប់ចំនួនគត់រ៉ឺឡាទីប \(n \ge 2\) និង \(k \ge 2\) ។

ការសម្រួលសន្ទស្សន៍រ៉ាឌីកាល់

ឧទាហរណ៍

\(\sqrt[4]{25} = \sqrt[4]{5^2} = 5^{\frac{2}{4}} = 5^{\frac{1}{2}} = \sqrt{5}\), \(\sqrt[3]{\sqrt{27}} = \sqrt[6]{27} = (3^3)^{\frac{1}{6}} = \sqrt{3}\) ។

ជាទូទៅ

\(\sqrt[nk]{a^{mk}} = \sqrt[n]{a^m}\) ចំពោះគ្រប់ចំនួនគត់រ៉ឺឡាទីប \(n \ge 2\) និង \(k \ge 2\), \(a > 0\) ។
លក្ខណៈឫសទី \(n\) ៖ បើ \(n \ge 2\), \(k \ge 2\) ជាចំនួនគត់រ៉ឺឡាទីបវិជ្ជមាន \(a\) និង \(b\) ជាចំនួនវិជ្ជមាន គេបាន

\[\begin{gathered} \sqrt[n]{a}\times\sqrt[n]{b} = \sqrt[n]{ab}, \quad{} \sqrt[n]{\frac{a}{b}} = \frac{\sqrt[n]{a}}{\sqrt[n]{b}}\ (b \ne 0), \quad{} \sqrt[n]{a^m} = a^{\frac{m}{n}},\\ \sqrt[n]{\sqrt[k]{a}} = \sqrt[nk]{a}, \quad{} \sqrt[nk]{a^{mk}} = \sqrt[n]{a^m} \end{gathered}\]

លំហាត់គំរូ

គណនា ៖ ក. \(\sqrt[3]{32}\) ខ. \(\sqrt{2x^2 - 4x + 2}\) គ. \(\sqrt[3]{18a^3}\times\sqrt[3]{4b^2}\) ឃ. \(3\sqrt[3]{25}\times 2\sqrt[3]{5}\) ង. \(\sqrt[3]{\dfrac{27}{125}}\) ច. \(\sqrt{\dfrac{25}{x^2}}\) ឆ. \(\dfrac{\sqrt{16a^3}}{\sqrt{b^4}}\) ជ. \(\dfrac{\sqrt[3]{27x^5}}{\sqrt[3]{343y^3}}\) ។

ដំណោះស្រាយ

ក. \(\sqrt[3]{32} = \sqrt[3]{8\times 4} = \sqrt[3]{2^3}\times\sqrt[3]{4} = 2\sqrt[3]{4}\) ខ. \(\sqrt{2x^2 - 4x + 2} = \sqrt{2(x-1)^2} = |x - 1|\sqrt{2}\)
គ. \(\sqrt[3]{18a^3}\times\sqrt[3]{4b^2} = \sqrt[3]{3^2\times 2\times a^3\times 2^2\times b^2} = \sqrt[3]{2^3\times a^3\times 3^2\times b^2} = 2a\sqrt[3]{9b^2}\)
ឃ. \(3\sqrt[3]{25}\times 2\sqrt[3]{5} = 6\sqrt[3]{25\times 5} = 6\sqrt[3]{5^3} = 6\times 5 = 30\) ង. \(\sqrt[3]{\dfrac{27}{125}} = \dfrac{\sqrt[3]{3^3}}{\sqrt[3]{5^3}} = \dfrac{3}{5}\) ច. \(\sqrt{\dfrac{25}{x^2}} = \dfrac{\sqrt{25}}{\sqrt{x^2}} = \dfrac{5}{|x|}\)
ឆ. \(\dfrac{\sqrt{16a^3}}{\sqrt{b^4}} = \dfrac{\sqrt{16a^2\times a}}{\sqrt{b^4}} = \dfrac{4|a|\sqrt{a}}{b^2}\) ជ. \(\dfrac{\sqrt[3]{27x^5}}{\sqrt[3]{343y^3}} = \dfrac{\sqrt[3]{27x^3x^2}}{\sqrt[3]{7^3y^3}} = \dfrac{3x\sqrt[3]{x^2}}{7y}\) ។

ប្រតិបត្តិ

គណនា ៖ ក. \(\sqrt[3]{0.001}\times\sqrt[3]{125}\) ខ. \(\sqrt[5]{x+2}\times\sqrt[5]{x-2}\) គ. \(\sqrt[4]{\dfrac{y}{5}}\times\sqrt[4]{\dfrac{7}{x}}\) ឃ. \(\sqrt[6]{512x^3y^{12}}\) ង. \(\dfrac{\sqrt[3]{128}}{\sqrt[3]{2}}\) ច. \(\dfrac{14\sqrt{128ab}}{2\sqrt{2}}\) ឆ. \(\dfrac{\sqrt[3]{8x^3y}}{\sqrt[3]{27y^{-2}}}\) ជ. \(\sqrt[3]{\dfrac{1715}{5}}\) ។

មើលចម្លើយ

ក. \(0.1\times 5 = \dfrac{1}{2}\) ខ. \(\sqrt[5]{x^2 - 4}\) គ. \(\sqrt[4]{\dfrac{7y}{5x}}\) ឃ. \(2y^2\sqrt{2x}\) ង. \(\sqrt[3]{64} = 4\) ច. \(7\sqrt{64ab} = 56\sqrt{ab}\) ឆ. \(\sqrt[3]{\dfrac{8x^3y^3}{27}} = \dfrac{2xy}{3}\) ជ. \(\sqrt[3]{343} = 7\) ។

អនុគមន៍អិចស្ប៉ូណង់ស្យែល

និយមន័យនៃអិចស្ប៉ូណង់ស្យែល

ឧទាហរណ៍

គេឱ្យកន្សោមស្វ័យគុណដូចខាងក្រោម ៖ ក. \((-3)^x\) ខ. \(1^x\) គ. \(0^x\) ឃ. \(3^x\) ហៅថា អិចស្ប៉ូណង់ស្យែល ង. \(\left(\dfrac{1}{4}\right)^{-3x+2}\) ហៅថា អិចស្ប៉ូណង់ស្យែល ។

និយមន័យ

អិចស្ប៉ូណង់ស្យែល គឺជាកន្សោមស្វ័យគុណដែលមាននិទស្សន្តជាអថេរ និងមានគោលជាចំនួនវិជ្ជមានខុសពី \(1\) ។

និយមន័យនៃអនុគមន៍អិចស្ប៉ូណង់ស្យែល

ឧទាហរណ៍

គេឱ្យទំនាក់ទំនងដូចខាងក្រោម ៖ ក. \(f(x) = (-3)^x\) ខ. \(f(x) = 1^x\) គ. \(f(x) = 0^x\) ឃ. \(f(x) = 3^x\) ទំនាក់ទំនងនេះហៅថា អនុគមន៍អិចស្ប៉ូណង់ស្យែល ង. \(f(x) = 3^{-x+1}\) ទំនាក់ទំនងនេះហៅថា អនុគមន៍អិចស្ប៉ូណង់ស្យែល ។

និយមន័យ

អនុគមន៍អិចស្ប៉ូណង់ស្យែល គឺជាអនុគមន៍ស្វ័យគុណដែលមាននិទស្សន្តជាអថេរឯករាជ្យនិងមានគោលជាចំនួនវិជ្ជមានខុសពី \(1\) ។

សង្កេត ៖ រដ្ឋមួយមានប្រជាជន \(1\) លាននាក់ ។ មួយទសវត្សរ៍ក្រោយមកប្រជាជនបានកើន \(30\%\) ។ គំនិតខាងលើនេះ អាចឱ្យគេប៉ាន់ស្មានចំនួនប្រជាជននៃរដ្ឋនេះនៅទសវត្សរ៍ខាងមុខ តាមទំនាក់ទំនងស៊ីតធរណីមាត្រ ៖ តួទី \(1\) ៖ \(a_0 = 1\), ផលធៀបរួម \(r = 30\% = 0.30\) ។

  • បើ \(a_1\) ជាចំនួនប្រជាជននៃ \(1\) ទសវត្សរ៍ក្រោយ ៖ \(a_1 = a_0 + a_0r = a_0(1 + r) = 1(1 + 0.3) = 1.3\) ។

  • បើ \(a_2\) ជាចំនួនប្រជាជននៃ \(2\) ទសវត្សរ៍ក្រោយ ៖ \(a_2 = a_1 + a_1r = a_1(1 + r) = 1.3(1 + 0.3) = (1.3)^2\) ។

យើងទាញបាន \(a_x = (1.3)^x\) ជាចំនួនប្រជាជនប្រែប្រួលទៅតាមអថេរ \(x\) ក្នុងករណីនេះយើងបកស្រាយវាជាអនុគមន៍ \(f(x) = (1.3)^x\) ។

  • បើ \(x = 3\) នោះ \(f(3) = (1.3)^3 \approx 2.19\) មានន័យថានៅ \(3\) ទសវត្សរ៍ក្រោយមករដ្ឋនេះ នឹងមានប្រជាជន \(2.19\) លាននាក់ ។

  • បើ \(x = -3\) នោះ \(f(-3) = (1.3)^{-3} \approx 0.45\) មានន័យថានៅ \(3\) ទសវត្សរ៍មុនរដ្ឋនេះមានប្រជាជនប្រមាណតែ \(0.45\) លាននាក់ប៉ុណ្ណោះ ។

គេតាងក្រាបនៃអនុគមន៍ ដើម្បីឆ្លុះបញ្ចាំងកំណើននៃប្រជាជនកើនតាមឆ្នាំ ។

លំហាត់គំរូ ១

សង់ក្រាបនៃអនុគមន៍ \(y = 2^x\) ។

ដំណោះស្រាយ

តារាងតម្លៃត្រូវគ្នានៃ \(x\) និង \(y\) ៖

\[\begin{array}{|c|ccccc|}\hline x & -2 & -1 & 0 & 1 & 2\\ \hline y = 2^x & 0.25 & 0.50 & 1 & 2 & 4\\ \hline \end{array}\]

យើងសង្កេតឃើញថាតម្លៃ \(x\) កើនគេបានតម្លៃត្រូវគ្នានៃ \(y = 2^x\) កើនហើយក្រាបនៃ \(y = 2^x\) កាត់អ័ក្ស \(y\) ត្រង់ចំណុច \((0, 1)\) ។

លំហាត់គំរូ ២

សង់ក្រាបនៃអនុគមន៍ \(y = \left(\dfrac{1}{2}\right)^x\) ។

ដំណោះស្រាយ

តារាងតម្លៃត្រូវគ្នានៃ \(x\) និង \(y\) ៖

\[\begin{array}{|c|ccccc|}\hline x & -2 & -1 & 0 & 1 & 2\\ \hline y = \left(\frac{1}{2}\right)^x & 4 & 2 & 1 & 0.50 & 0.25\\ \hline \end{array}\]

យើងសង្កេតឃើញតម្លៃ \(x\) កើន គេបានតម្លៃត្រូវគ្នានៃ \(y = \left(\dfrac{1}{2}\right)^x\) ចុះ ហើយក្រាបនៃ \(y = \left(\dfrac{1}{2}\right)^x\) កាត់អ័ក្ស \(oy\) ត្រង់ចំណុច \((0, 1)\) ។

ប្រតិបត្តិ

សង់ក្រាប ៖ ក. \(y = 4^x\) ខ. \(y = \left(\dfrac{1}{4}\right)^x\) គ. \(y = 3^x\) ឃ. \(y = \left(\dfrac{1}{3}\right)^x\) ។

មើលចម្លើយ

ក និង គ ជាក្រាបកើន ខ និង ឃ ជាក្រាបចុះ ហើយក្រាបទាំងបួនកាត់អ័ក្ស \(oy\) ត្រង់ \((0, 1)\) ។ ក្រាប \(y = \left(\frac{1}{4}\right)^x\) ឆ្លុះនឹងក្រាប \(y = 4^x\) ធៀបនឹងអ័ក្ស \(oy\) (ដូចគ្នាចំពោះ \(3^x\) និង \(\left(\frac{1}{3}\right)^x\)) ។

សមីការនិងវិសមីការអិចស្ប៉ូណង់ស្យែល

សមីការអិចស្ប៉ូណង់ស្យែល

ឧទាហរណ៍

គេឱ្យសមភាពដូចខាងក្រោម ៖ ក. \((-3)^x = -2187\) ខ. \(1^x = 1\) គ. \(0^x = 0\) ឃ. \(2^3 = 8\) ង. \(2^x = 8\) សមភាពដែលមានអញ្ញាតជានិទស្សន្ត និងមានគោលជាចំនួនវិជ្ជមានខុសពី \(1\) ហៅថា សមីការអិចស្ប៉ូណង់ស្យែល ច. \(\left(\dfrac{1}{3}\right)^x = 9\) សមភាពដែលមានអញ្ញាតជានិទស្សន្ត និងមានគោលជាចំនួនវិជ្ជមានខុសពី \(1\) ហៅថា សមីការអិចស្ប៉ូណង់ស្យែល ។

និយមន័យ

សមីការអិចស្ប៉ូណង់ស្យែល ជាសមីការស្វ័យគុណដែលមាននិទស្សន្តជាអញ្ញាត និងមានគោលជាចំនួនពិតវិជ្ជមានខុសពី \(1\) ។

សង្កេត ៖

  1. គេមានអនុគមន៍ \(y = a^x\) ដែល \(a\) ជាចំនួនពិតវិជ្ជមានខុសពី \(1\) និងបន្ទាត់ \(y = b\) ដែល \(b > 0\) ។ តាមក្រាបគេសង្កេតឃើញថា បន្ទាត់ \(y = b\) កាត់ក្រាបនៃអនុគមន៍ \(y = a^x\) ត្រង់មួយចំណុច ។ គេបានអាប់ស៊ីសនៃចំណុចប្រសព្វជាតម្លៃ \(x\) តែមួយគត់ ដែលជាឫសរបស់សមីការ \(b = a^x\) ។ សមីការ \(b = a^x\) ដែល \(a\) ជាចំនួនពិតវិជ្ជមានខុសពី \(1\) ហើយ \(b > 0\) ហៅថា សមីការអិចស្ប៉ូណង់ស្យែល ។

  2. គេឱ្យអនុគមន៍អិចស្ប៉ូណង់ស្យែល \(y = 2^x\) និងបន្ទាត់ \(y = 8\) ។

  3. តាមក្រាបយើងសង្កេតឃើញ \(2^x = 8\) មានឫសតែមួយគត់គឺ \(x = 3\) មានន័យ \(2^x = 2^3\) យើងទាញបាន \(x = 3\) ។

ជាទូទៅ

ចំពោះគ្រប់ចំនួនពិត \(a > 0\), \(a \ne 1\) ៖ \(a^x = a^y\) សមមូល \(x = y\) ។

លំហាត់គំរូ

ដោះស្រាយសមីការ ៖ ក. \(4^x = 8\) ខ. \(3^{1-x} = \dfrac{1}{\sqrt{3}}\) គ. \(5\times 2^x = 40\) ឃ. \(18\times 3^x = 2\) ង. \(4^{x-1} = \left(\dfrac{1}{2}\right)^{1-3x}\) ច. \(5^{1-x} = (0.2)^{3x}\) ។

ដំណោះស្រាយ

ក. \(4^x = 8 \Leftrightarrow (2^2)^x = 2^3 \Leftrightarrow 2x = 3 \Leftrightarrow x = \dfrac{3}{2}\) ។
ខ. \(3^{1-x} = \dfrac{1}{\sqrt{3}} = 3^{-\frac{1}{2}} \Leftrightarrow 1 - x = -\dfrac{1}{2} \Leftrightarrow x = \dfrac{3}{2}\) ។
គ. \(5\times 2^x = 40 \Leftrightarrow 2^x = 8 = 2^3 \Leftrightarrow x = 3\) ។
ឃ. \(18\times 3^x = 2 \Leftrightarrow 3^x = \dfrac{1}{9} = 3^{-2} \Leftrightarrow x = -2\) ។
ង. \(4^{x-1} = \left(\dfrac{1}{2}\right)^{1-3x} \Leftrightarrow 2^{2x-2} = (2^{-1})^{1-3x} \Leftrightarrow 2x - 2 = 3x - 1 \Leftrightarrow x = -1\) ។
ច. \(5^{1-x} = (0.2)^{3x} \Leftrightarrow 5^{1-x} = (5^{-1})^{3x} \Leftrightarrow 1 - x = -3x \Leftrightarrow x = -\dfrac{1}{2}\) ។

ប្រតិបត្តិ

ដោះស្រាយសមីការ ៖ ក. \(4^x = \dfrac{1}{2}\) ខ. \(4^x = 1\) គ. \(2^x = 0\) ឃ. \(3^{x-1} = \left(\dfrac{1}{9}\right)^x\) ង. \(2^x\times 8^{1-x} = \dfrac{1}{4}\) ច. \(3^{x^2 - 2x} = 27\) ។

មើលចម្លើយ

ក. \(-\dfrac{1}{2}\) ខ. \(0\) គ. គ្មានចម្លើយ ឃ. \(\dfrac{1}{3}\) ង. \(\dfrac{5}{2}\) ច. \(x_1 = -1\), \(x_2 = 3\) ។

វិសមីការអិចស្ប៉ូណង់ស្យែល

ឧទាហរណ៍

គេមានអនុគមន៍អិចស្ប៉ូណង់ស្យែល \(y = a^x\) ដែល \(a > 0\), \(a \ne 1\) និង \(x \in \mathbb{R}\) ។

  • បើ \(a > 1\) នោះ \(y = a^x\) ជាអនុគមន៍កើនជានិច្ច ចំពោះគ្រប់តម្លៃ \(x\) ។ ដូច្នេះ \(a^x \ge a^y\) សមមូល \(x \ge y\), \(a^x \le a^y\) សមមូល \(x \le y\) ។

  • បើ \(0 < a < 1\) នោះ \(y = a^x\) ជាអនុគមន៍ចុះជានិច្ច ចំពោះគ្រប់តម្លៃ \(x\) ។ ដូច្នេះ \(a^x \ge a^y\) សមមូល \(x \le y\), \(a^x \le a^y\) សមមូល \(x \ge y\) ។

លំហាត់គំរូ

ដោះស្រាយវិសមីការ ៖ ក. \(2^x \le \dfrac{1}{16}\) ខ. \(16^n < 8^{n+1}\) គ. \(32^{5x+2} \ge 16^{5x}\) ឃ. \((0.7)^x > 0.49\) ង. \(4^x - 6\times 2^x + 8 < 0\) ច. \(4^{3x-1} > \dfrac{1}{256}\) ។

ដំណោះស្រាយ
  1. \(2^x \le \dfrac{1}{16} \Leftrightarrow 2^x \le 2^{-4} \Leftrightarrow x \le -4\) (គោល \(2 > 1\)) ។ ដូច្នេះ វិសមីការមានសំណុំចម្លើយ \(x \in (-\infty, -4]\) ។

  2. \(16^n < 8^{n+1} \Leftrightarrow (2^4)^n < 2^{3(n+1)} \Leftrightarrow 4n < 3n + 3 \Leftrightarrow n < 3\) ។ ដូច្នេះ វិសមីការមានសំណុំចម្លើយ \((-\infty, 3)\) ។

  3. \(32^{5x+2} \ge 16^{5x} \Leftrightarrow 2^{5(5x+2)} \ge 2^{4(5x)} \Leftrightarrow 25x + 10 \ge 20x \Leftrightarrow x \ge -2\) ។ ដូច្នេះ វិសមីការមានសំណុំចម្លើយ \(x \in [-2, +\infty)\) ។

  4. \((0.7)^x > 0.49 \Leftrightarrow (0.7)^x > (0.7)^2 \Leftrightarrow x < 2\) (គោលនៃស្វ័យគុណ \(0.7 < 1\) ត្រូវប្ដូរទិសដៅវិសមីការ) ។ ដូច្នេះ \(x \in (-\infty, 2)\) ។

  5. \(4^x - 6\times 2^x + 8 < 0 \Leftrightarrow 2^{2x} - 6\times 2^x + 8 < 0\) ។ តាង \(t = 2^x\), \(t > 0\) ៖ \(f(t) = t^2 - 6t + 8\) មានឫស \(t = 2\), \(t = 4\) ។ \(f(t) < 0\) នោះ \(2 < t < 4\) គឺ \(2 < 2^x < 2^2\) ឬ \(1 < x < 2\) ។ ដូច្នេះ \(x \in (1, 2)\) ។

  6. \(4^{3x-1} > \dfrac{1}{256} = 4^{-4} \Leftrightarrow 3x - 1 > -4 \Leftrightarrow x > -1\) ។ ដូច្នេះ \(x \in (-1, +\infty)\) ។

ប្រតិបត្តិ

ដោះស្រាយវិសមីការ ៖ ក. \(3^x < \dfrac{1}{27}\) ខ. \(4^x \ge 64\) គ. \(16^{-x} < \dfrac{1}{256}\) ឃ. \(3^{x-1} < \dfrac{1}{9}\) ង. \(2^x\times 8^{1-x} \ge \dfrac{1}{4}\) ច. \(3^{x^2-2x} < 27\) ។

មើលចម្លើយ

ក. \(x < -3\) ខ. \(x \ge 3\) គ. \(x > 2\) ឃ. \(x < -1\) ង. \(x \le \dfrac{5}{2}\) ច. \(-1 < x < 3\) ។

ការអនុវត្តអនុគមន៍អិចស្ប៉ូណង់ស្យែល

ឧទាហរណ៍

ពូសុខទិញប័ណ្ណសន្សំប្រាក់ពីធនាគារតម្លៃ \(50\,000\) រៀល ដោយទទួលបានអត្រាការប្រាក់ \(6\%\) ក្នុងមួយឆ្នាំ ។ បើគាត់បន្តទុកប្រាក់នោះនៅធនាគារបាន \(3\) ឆ្នាំ តើប្រាក់របស់គាត់សរុបត្រូវជាប៉ុន្មាន?

\[\begin{array}{lll} \text{ឆ្នាំទី } 1 : & \text{ការប្រាក់} & 50\,000\times\frac{6}{100} = 3\,000 \text{ រៀល}\\ & \text{ប្រាក់សរុប} & 50\,000 + 3\,000 = 53\,000 \text{ រៀល}\\ \text{ឆ្នាំទី } 2 : & \text{ការប្រាក់} & 53\,000\times\frac{6}{100} = 3\,180 \text{ រៀល}\\ & \text{ប្រាក់សរុប} & 53\,000 + 3\,180 = 56\,180 \text{ រៀល}\\ \text{ឆ្នាំទី } 3 : & \text{ការប្រាក់} & 56\,180\times\frac{6}{100} = 3\,370.8 \text{ រៀល}\\ & \text{ប្រាក់សរុប} & 56\,180 + 3\,370.8 = 59\,550.8 \text{ រៀល} \end{array}\]
ដូច្នេះ បើតាង \(P\) ជាចំនួនប្រាក់ដើម ហើយ \(i\) ជាអត្រាការប្រាក់ប្រចាំឆ្នាំ នោះ ៖

  • ចំនួនការប្រាក់នៃឆ្នាំទី \(1\) គឺ \(iP\)

  • ចំនួនប្រាក់សរុបនៃឆ្នាំទី \(1\) គឺ \(P + iP = P(1 + i)\)

  • ចំនួនប្រាក់សរុបនៃឆ្នាំទី \(2\) គឺ \(P(1 + i) + P(1 + i)i = P(1 + i)^2\)

  • ចំនួនប្រាក់សរុបនៃឆ្នាំទី \(3\) គឺ \(P(1 + i)^2 + P(1 + i)^2i = P(1 + i)^3\)

  • \(\dots\) ចំនួនប្រាក់សរុបនៃឆ្នាំទី \(t\) គឺ \(P(1 + i)^t\) ។

ជាទូទៅ

បើតាង \(P\) ជាប្រាក់ដើម \(i\) ជាអត្រាការប្រាក់ប្រចាំឆ្នាំ \(t\) ជាចំនួនឆ្នាំ នោះចំនួនប្រាក់សរុបគឺ \(A = P(1 + i)^t\) ។

សម្គាល់
  • រូបមន្ត \(A = P(1 + i)^t\) ប្រើបានតែក្នុងករណីទូទាត់ការប្រាក់មួយឆ្នាំម្ដង ។

  • ករណីទូទាត់ការប្រាក់មួយឆមាសម្ដង គេប្រើ \(A = P\left(1 + \dfrac{i}{2}\right)^{2t}\) ព្រោះមួយឆ្នាំទូទាត់ការប្រាក់ពីរដង នាំឱ្យ \(t\) ឆ្នាំទូទាត់ \(2t\) ហើយមួយឆ្នាំទទួលការប្រាក់ \(i\) នាំឱ្យមួយឆមាសទទួលអត្រាការប្រាក់ \(\dfrac{i}{2}\) ។

  • ករណីទូទាត់ការប្រាក់មួយត្រីមាសម្ដង គេប្រើ \(A = P\left(1 + \dfrac{i}{4}\right)^{4t}\) ព្រោះមួយឆ្នាំទូទាត់ការប្រាក់បួនដង នាំឱ្យ \(t\) ឆ្នាំទូទាត់ \(4t\) ហើយមួយឆ្នាំទទួលការប្រាក់ \(i\) នាំឱ្យមួយត្រីមាសទទួលការប្រាក់ \(\dfrac{i}{4}\) ។

ជាទូទៅ

បើ \(n\) ជាចំនួនដងនៃការទូទាត់ការប្រាក់ក្នុងមួយឆ្នាំ គេបានរូបមន្ត \(A = P\left(1 + \dfrac{i}{n}\right)^{nt}\) ។

លំហាត់គំរូ ១

នៅឆ្នាំ \(1987\) អ្នកវិនិយោគទុនម្នាក់បានទិញដីមួយកន្លែងថ្លៃ \(84\,000\) ដុល្លារ ហើយនៅឆ្នាំ \(2007\) គាត់បានលក់ដីនោះវិញដោយទទួលបានតម្លៃ \(49\) លានដុល្លារ ។ តើក្នុងមួយឆ្នាំអ្នកវិនិយោគទុននោះទទួលបានអត្រាការប្រាក់ចំណេញចំនួនប៉ុន្មាន បើប្រាក់របស់គាត់កើនពី \(84\,000\) ដុល្លារដល់ \(49\) លានដុល្លារក្នុងរយៈពេល \(20\) ឆ្នាំ ។

ដំណោះស្រាយ

តាង \(i\) ជាអត្រាការប្រាក់ចំណេញ ។ គេបាន \(84\,000(1 + i)^{20} = 49\,000\,000\) ឬ \((1 + i)^{20} = \dfrac{49\,000}{84}\) (លើកឫសទី \(20\)) ៖ \(1 + i \approx 1.375\) ឬ \(i \approx 0.375\) ។ ដូច្នេះ ក្នុងមួយឆ្នាំអ្នកវិនិយោគទុនទទួលបានអត្រាការប្រាក់ចំណេញ \(37.5\%\) ។

លំហាត់គំរូ ២

នៅឆ្នាំ \(1996\) មានសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួន \(3\,405\) នាក់ ហើយចំនួននេះមានការកើនឡើង \(30\%\) ជារៀងរាល់ឆ្នាំ ។ ក. សរសេរសមីការដែលបង្ហាញចំនួនសិស្សប្រឡងជាប់ចាប់ពីឆ្នាំ \(1996\) ។ ខ. តើនៅឆ្នាំ \(2006\) មានសិស្សប៉ុន្មាននាក់បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ។

ដំណោះស្រាយ

ក. ប្រើរូបមន្ត \(y = C(1 + r)^t\) ដែល \(C = 3\,405\) ចំនួនសិស្សប្រឡងជាប់, \(r = 30\% = 0.30\) អត្រាកំណើន, \(t\) ចំនួនឆ្នាំគិតពីឆ្នាំ \(1996\), \(y\) ចំនួនសិស្សប្រឡងជាប់ ៖ \(y = 3\,405(1.30)^t\) ។ ខ. \(t = 2006 - 1996 = 10\) ៖ \(y = 3\,405(1.30)^{10} \approx 46\,941\) ។ ដូច្នេះ ចំនួនសិស្សដែលបានប្រឡងជាប់នៅឆ្នាំ \(2006\) គឺប្រហែល \(46\,941\) នាក់ ។

លំហាត់គំរូ ៣

កសិករម្នាក់ទិញត្រាក់ទ័រមួយគ្រឿងសម្រាប់ភ្ជួរស្រែ ក្នុងតម្លៃ \(50\,000\) ដុល្លារ ។ ត្រាក់ទ័រនោះចុះថ្លៃ \(10\%\) ជារៀងរាល់ឆ្នាំ ។ រកតម្លៃត្រាក់ទ័រក្នុងរយៈពេល \(7\) ឆ្នាំក្រោយ ។

ដំណោះស្រាយ

ប្រើរូបមន្ត \(y = C(1 - r)^t\) ដែល \(C = 50\,000\) ជាតម្លៃទិញ, \(r = 10\% = 0.10\) ជាអត្រាចុះថ្លៃ, \(t = 7\) ជាចំនួនឆ្នាំ ។ គេបាន \(y = 50\,000(1 - 0.10)^7 \approx 23\,914.85\) ។ ដូច្នេះ ក្នុងរយៈពេល \(7\) ឆ្នាំក្រោយ តម្លៃត្រាក់ទ័រនៅសល់ត្រឹមតែ \(\$23\,914.85\) ។

ប្រតិបត្តិ
  1. ពូស៊ុយបានយកប្រាក់មួយចំនួនទៅផ្ញើនៅធនាគារមួយ ដោយទទួលបានអត្រាការប្រាក់ \(9\%\) ក្នុងមួយឆ្នាំ ។ រយៈពេល \(5\) ឆ្នាំក្រោយមក គាត់បានដកប្រាក់ពីធនាគារនោះវិញ ដោយទទួលបានប្រាក់សរុបចំនួន \(1\,000\) ដុល្លារ ។ តើពូស៊ុយមានប្រាក់ដើមចំនួនប៉ុន្មាន?

  2. មនុស្សម្នាក់មានអាយុ \(20\) ឆ្នាំ បានយកប្រាក់ \(1\,000\) ដុល្លារ ទៅផ្ញើនៅធនាគារមួយ ដោយទទួលបានអត្រាការប្រាក់ \(12\%\) ក្នុងមួយឆ្នាំ ។ តើគាត់មានប្រាក់សរុបចំនួនប៉ុន្មាន បើបច្ចុប្បន្នគាត់មានអាយុ \(60\) ឆ្នាំ?

  3. មនុស្សម្នាក់បានទិញរថយន្តថ្មីមួយគ្រឿងម៉ាកតូយ៉ូតាកាម៉ារី ក្នុងតម្លៃ \(3\,900\) ដុល្លារ ។ រថយន្តនោះចុះថ្លៃ \(14\%\) ជារៀងរាល់ឆ្នាំ ។ រកតម្លៃរថយន្តក្នុងរយៈពេល \(10\) ឆ្នាំក្រោយ ។

មើលចម្លើយ

ក. \(P = \dfrac{1\,000}{(1.09)^5} \approx \$649.93\) ខ. \(A = 1\,000(1.12)^{40} \approx \$93\,050.97\) គ. \(3\,900(0.86)^{10} \approx \$863.08\) ។

ទំព័រសៀវភៅដើម

បើកមើលទំព័រសៀវភៅពុម្ព
មេរៀននេះបង្ហាញជាទំព័រពីសៀវភៅពុម្ពគណិតវិទ្យាថ្នាក់ទី ១១ (ថ្នាក់វិទ្យាសាស្ត្រសង្គម) ទំព័រ ២៧–៤៧។
ទំព័រ ២៧
ទំព័រ ២៧
ទំព័រ ២៨
ទំព័រ ២៨
ទំព័រ ២៩
ទំព័រ ២៩
ទំព័រ ៣០
ទំព័រ ៣០
ទំព័រ ៣១
ទំព័រ ៣១
ទំព័រ ៣២
ទំព័រ ៣២
ទំព័រ ៣៣
ទំព័រ ៣៣
ទំព័រ ៣៤
ទំព័រ ៣៤
ទំព័រ ៣៥
ទំព័រ ៣៥
ទំព័រ ៣៦
ទំព័រ ៣៦
ទំព័រ ៣៧
ទំព័រ ៣៧
ទំព័រ ៣៨
ទំព័រ ៣៨
ទំព័រ ៣៩
ទំព័រ ៣៩
ទំព័រ ៤០
ទំព័រ ៤០
ទំព័រ ៤១
ទំព័រ ៤១
ទំព័រ ៤២
ទំព័រ ៤២
ទំព័រ ៤៣
ទំព័រ ៤៣
ទំព័រ ៤៤
ទំព័រ ៤៤
ទំព័រ ៤៥
ទំព័រ ៤៥
ទំព័រ ៤៦
ទំព័រ ៤៦
ទំព័រ ៤៧
ទំព័រ ៤៧

លំហាត់អនុវត្តន៍

១លំហាត់ទី ១

គណនាតម្លៃនៃកន្សោមខាងក្រោម ៖

  1. \(\sqrt{16}\)

  2. \(\sqrt{225}\)

  3. \(\sqrt{144}\)

  4. \(\sqrt[3]{0.008(y-2)^3}\)

  5. \(\sqrt{(-6x)^2}\)

  6. \(\sqrt[3]{27}\)

  7. \(-\sqrt[3]{64}\)

  8. \(\sqrt[3]{-64x^3}\)

មើលដំណោះស្រាយ

ក. \(4\) ខ. \(15\) គ. \(12\) ឃ. \(0.2(y - 2)\) ង. \(6|x|\) ច. \(3\) ឆ. \(-4\) ជ. \(-4x\) ។

២លំហាត់ទី ២

សរសេរកន្សោមខាងក្រោមជាទម្រង់អិចស្ប៉ូណង់ស្យែល ៖ ក. \(x = \sqrt[4]{10}\) ខ. \(\sqrt[8]{56} = k\) គ. \(a = \sqrt[28]{500h}\) ឃ. \(b = \sqrt[x]{y}\) ។

មើលដំណោះស្រាយ

ក. \(x = 10^{\frac{1}{4}}\) ខ. \(k = 56^{\frac{1}{8}}\) គ. \(a = (500h)^{\frac{1}{28}}\) ឃ. \(b = y^{\frac{1}{x}}\) ។

៣លំហាត់ទី ៣

សម្រួលកន្សោមខាងក្រោម ៖

  1. \(\sqrt[4]{625}\)

  2. \(\sqrt[5]{-1}\)

  3. \(-\sqrt[5]{-32}\)

  4. \(\sqrt[5]{-\frac{1}{32}}\)

  5. \(\sqrt[6]{x^6}\)

  6. \(\sqrt[4]{(7b)^4}\)

  7. \(\sqrt[7]{y^7}\)

  8. \(\sqrt[5]{(x-2)^5}\)

មើលដំណោះស្រាយ

ក. \(5\) ខ. \(-1\) គ. \(2\) ឃ. \(-\dfrac{1}{2}\) ង. \(|x|\) ច. \(7|b|\) ឆ. \(y\) ជ. \(x - 2\) ។

៤លំហាត់ទី ៤

រកដែនកំណត់នៃអនុគមន៍ខាងក្រោម ៖

  1. \(f(x) = \sqrt{x}\)

  2. \(f(x) = \sqrt[3]{x}\)

  3. \(f(x) = \sqrt{2x + 8}\)

  4. \(f(x) = \sqrt{4 - 3x}\)

  5. \(f(x) = \sqrt{-3x^2}\)

  6. \(f(x) = \sqrt{x^2 + 1}\)

  7. \(f(x) = \dfrac{\sqrt{x}}{2x^2 - 3x - 5}\)

  8. \(f(x) = \dfrac{\sqrt{x + 3}}{x^2 - x - 2}\)

  9. \(f(x) = \dfrac{\sqrt{x + 1}}{x + |x|}\)

មើលដំណោះស្រាយ

ក. \([0, +\infty)\) ខ. \(\mathbb{R}\) គ. \([-4, +\infty)\) ឃ. \(\left(-\infty, \dfrac{4}{3}\right]\) ង. \(\{0\}\) ច. \(\mathbb{R}\) ឆ. \(\left[0, \dfrac{5}{2}\right) \cup \left(\dfrac{5}{2}, +\infty\right)\) ជ. \([-3, -1) \cup (-1, 2) \cup (2, +\infty)\) ឈ. \((0, +\infty)\) ។

៥លំហាត់ទី ៥

គណនាកន្សោមខាងក្រោម ៖

  1. \(\sqrt[3]{3}\times\sqrt[3]{5}\)

  2. \(\sqrt[4]{8}\times\sqrt[4]{9}\times\sqrt[4]{72}\)

  3. \(\sqrt{3a}\times\sqrt{10b}\)

  4. \(\sqrt{x - a}\times\sqrt{x + a}\)

  5. \(\sqrt{\frac{6}{x}}\times\sqrt{\frac{y}{5}}\)

មើលដំណោះស្រាយ

ក. \(\sqrt[3]{15}\) ខ. \(\sqrt[4]{5184} = \sqrt{72} = 6\sqrt{2}\) គ. \(\sqrt{30ab}\) ឃ. \(\sqrt{x^2 - a^2}\) ង. \(\sqrt{\dfrac{6y}{5x}}\) ។

៦លំហាត់ទី ៦

សម្រួលកន្សោមខាងក្រោម ៖ ក. \(\dfrac{2}{3}\sqrt{45} + \dfrac{3}{2}\sqrt[3]{16} + \dfrac{1}{4}\sqrt{72}\) ខ. \(x\sqrt[3]{2y} - \sqrt[3]{16x^3y} + \dfrac{x}{3}\sqrt[3]{54y}\) ។

មើលដំណោះស្រាយ

ក. \(2\sqrt{5} + 3\sqrt[3]{2} + \dfrac{3}{2}\sqrt{2}\) ខ. \(x\sqrt[3]{2y} - 2x\sqrt[3]{2y} + x\sqrt[3]{2y} = 0\) ។

៧លំហាត់ទី ៧

ប្រៀបធៀបកន្សោមខាងក្រោម ៖ ក. \(5\sqrt[3]{2}\) និង \(2\sqrt[3]{31}\) ខ. \(\sqrt[3]{2}\) និង \(\sqrt[12]{45}\) គ. \(\sqrt[6]{5}\) និង \(\sqrt[8]{8}\) ។

មើលដំណោះស្រាយ

ក. \(5\sqrt[3]{2} = \sqrt[3]{250} > \sqrt[3]{248} = 2\sqrt[3]{31}\) ខ. \(\sqrt[3]{2} = \sqrt[12]{16} < \sqrt[12]{45}\) គ. \(\sqrt[6]{5} = \sqrt[24]{625} > \sqrt[24]{512} = \sqrt[8]{8}\) ។

៨លំហាត់ទី ៨

សម្រួលកន្សោមខាងក្រោម ៖ ក. \(\dfrac{\sqrt[3]{c^3 + 3c^2d + 3cd^2 + d^3}}{\sqrt{c^2 - d^2}\times\sqrt{c^2 - d^2}}\) ខ. \(\dfrac{\sqrt{x}}{\sqrt{x} - \sqrt{x + 1}}\) គ. \(\dfrac{\sqrt{p}}{\sqrt{3q^2 + 4pq + p^2}}\times\dfrac{\sqrt{p + 3q}}{\sqrt{p^2 + 6pq + 8q^2}} \div \dfrac{1}{\sqrt{p^2 + 3pq + 2q^2}}\) ។

មើលដំណោះស្រាយ

ក. \(\dfrac{c + d}{c^2 - d^2} = \dfrac{1}{c - d}\) ខ. \(-\left(x + \sqrt{x^2 + x}\right)\) គ. ដោយ \(3q^2 + 4pq + p^2 = (p + q)(p + 3q)\), \(p^2 + 6pq + 8q^2 = (p + 2q)(p + 4q)\), \(p^2 + 3pq + 2q^2 = (p + q)(p + 2q)\) ៖ លទ្ធផល \(= \sqrt{\dfrac{p}{p + 4q}}\) ។

៩លំហាត់ទី ៩

សរសេរកន្សោមខាងក្រោមជាទម្រង់រ៉ាឌីកាល់ ៖ ក. \(8^{\frac{1}{3}}\) ខ. \(x^{\frac{1}{4}}\) គ. \(y^{\frac{1}{5}}\) ឃ. \((a^5t^3)^{\frac{1}{2}}\) ង. \((x^3y^3)^{\frac{1}{4}}\) ច. \((x^3y^5)^{\frac{1}{4}}\) ។

មើលដំណោះស្រាយ

ក. \(\sqrt[3]{8} = 2\) ខ. \(\sqrt[4]{x}\) គ. \(\sqrt[5]{y}\) ឃ. \(\sqrt{a^5t^3}\) ង. \(\sqrt[4]{x^3y^3}\) ច. \(\sqrt[4]{x^3y^5}\) ។

១០លំហាត់ទី ១០

ដោះស្រាយសមីការខាងក្រោម ៖

  1. \(2^x = 32\)

  2. \((x + 1)^{x^2 - 4x + 3} = 1\)

  3. \((2 - \sqrt{3})^x + (2 + \sqrt{3})^x = 2\)

  4. \(3^{(2^x)} = 6561\)

  5. \(81^{(4^x)} = 9\)

  6. \(3(4^x) + 2(9^x) - 5(6^x) = 0\)

  7. \(3^{(3^x)} = 1\)

  8. \(\left(\sqrt{2 + \sqrt{3}}\right)^x + \left(\sqrt{2 - \sqrt{3}}\right)^x = 4\)

មើលដំណោះស្រាយ

ក. \(x = 5\) ខ. \(x \in \{0, 1, 3\}\) (គោល \(x + 1 = 1\) ឬនិទស្សន្ត \(x^2 - 4x + 3 = 0\)) គ. \(x = 0\) (ព្រោះ \((2 - \sqrt{3})(2 + \sqrt{3}) = 1\) នាំឱ្យ \(t + \frac{1}{t} = 2\), \(t = 1\)) ឃ. \(2^x = 8\), \(x = 3\) ង. \(3^{4\cdot 4^x} = 3^2\), \(4^x = \frac{1}{2}\), \(x = -\frac{1}{2}\) ច. ចែកនឹង \(9^x\) ហើយតាង \(t = \left(\frac{2}{3}\right)^x\) ៖ \(3t^2 - 5t + 2 = 0\), \(t = 1\) ឬ \(t = \frac{2}{3}\) ដូច្នេះ \(x = 0\) ឬ \(x = 1\) ឆ. \(3^x = 0\) គ្មានចម្លើយ ជ. \(t + \frac{1}{t} = 4\) ដែល \(t = \left(\sqrt{2 + \sqrt{3}}\right)^x\) ៖ \(t = 2 \pm \sqrt{3}\) ដូច្នេះ \(x = \pm 2\) ។

១១លំហាត់ទី ១១

ដោះស្រាយវិសមីការខាងក្រោម ៖

  1. \(2^x > 1\)

  2. \(3^x \le 1\)

  3. \(2^{2x} \le \frac{1}{16}\)

  4. \(16^x < 8^{x+1}\)

  5. \(32^{5x+2} \ge 16^{5x}\)

  6. \(4^{3x-1} > \frac{1}{256}\)

មើលដំណោះស្រាយ

ក. \(x > 0\) ខ. \(x \le 0\) គ. \(x \le -2\) ឃ. \(x < 3\) ង. \(x \ge -2\) ច. \(x > -1\) ។

១២លំហាត់ទី ១២

ដោះស្រាយវិសមីការខាងក្រោម ៖

  1. \(16^x > 0.125\)

  2. \(2^x > -8\)

  3. \(27^x\times 3^{1-x} < \frac{1}{3}\)

  4. \((0.2)^x \le 25\)

  5. \(3^x \le \sqrt[3]{9}\)

  6. \(\left(\frac{1}{2}\right)^x > \sqrt[3]{\frac{1}{4}}\)

មើលដំណោះស្រាយ

ក. \(x > -\dfrac{3}{4}\) ខ. \(x \in \mathbb{R}\) គ. \(x < -1\) ឃ. \(x \ge -2\) ង. \(x \le \dfrac{2}{3}\) ច. \(x < \dfrac{2}{3}\) ។

១៣លំហាត់ទី ១៣

មីងសយបានយកប្រាក់មួយចំនួនទៅផ្ញើនៅធនាគារមួយ ដោយទទួលបានអត្រាការប្រាក់ \(6\%\) ក្នុងមួយឆ្នាំ ។ រយៈពេល \(7\) ឆ្នាំក្រោយមក គាត់បានដកប្រាក់ពីធនាគារនោះវិញ ដោយទទួលបានប្រាក់សរុប ចំនួន \(300\) ដុល្លារ ។ តើមីងសយមានប្រាក់ដើមចំនួនប៉ុន្មាន?

មើលដំណោះស្រាយ

\(P = \dfrac{300}{(1.06)^7} \approx \$199.52\) ។

១៤លំហាត់ទី ១៤

មនុស្សម្នាក់មានអាយុ \(30\) ឆ្នាំបានយកប្រាក់ \(50\,000\) រៀល ទៅផ្ញើនៅធនាគារមួយដោយទទួលបានអត្រាការប្រាក់ \(4\%\) ក្នុងមួយឆ្នាំ ។ តើគាត់មានប្រាក់សរុបចំនួនប៉ុន្មាន បើបច្ចុប្បន្នគាត់មានអាយុ \(65\) ឆ្នាំ?

មើលដំណោះស្រាយ

\(A = 50\,000(1.04)^{35} \approx 197\,304\) រៀល ។

១៥លំហាត់ទី ១៥

មនុស្សម្នាក់បានទិញរថយន្តថ្មីមួយគ្រឿងក្នុងតម្លៃ \(45\,000\) ដុល្លារ ។ រថយន្តនោះចុះថ្លៃ \(15\%\) ជារៀងរាល់ឆ្នាំ ។ រកតម្លៃរថយន្តក្នុងរយៈពេល \(7\) ឆ្នាំក្រោយ ។

មើលដំណោះស្រាយ

\(45\,000(0.85)^7 \approx \$14\,425.97\) ។

សំណួរពហុជ្រើសរើស

ជ្រើសរើសចម្លើយត្រឹមត្រូវតែមួយ រួចចុច «ពិនិត្យ»។ ចម្លើយរបស់អ្នកត្រូវបានរក្សាទុកក្នុងកុំព្យូទ័រនេះ។

✎ សំណួរទី ១–១០

✎ សំណួរទី ១១–២០

តេស្តសមត្ថភាព ៖ មេរៀនទី ៣២ អនុគមន៍អិចស្ប៉ូណង់ស្យែល (វិទ្យាសាស្ត្រសង្គម) — ២០ សំណួរ · ៣៥ នាទី

ចាប់ផ្ដើមតេស្ត