1. ទំព័រដើម
  2. ថ្នាក់ទី ១១
  3. មេរៀនទី ៤៨
៤៨
ថ្នាក់វិទ្យាសាស្ត្រសង្គម · ជំពូកទី ៨ ធរណីមាត្រក្នុងលំហ · មេរៀនទី ៤៨ · គណិតវិទ្យាថ្នាក់ទី ១១

រូបធរណីមាត្រក្នុងលំហ

ថ្នាក់វិទ្យាសាស្ត្រសង្គមទំព័រ ២៨៩–២៩៩
ជំពូកទី ៨ ៖ ធរណីមាត្រក្នុងលំហ

ជំពូកនេះមានមេរៀន ៖ ១. រូបធរណីមាត្រក្នុងលំហ ២. បន្ទាត់និងប្លង់ស្របក្នុងលំហ ៣. ភាពអរត្តូកូណាល់ក្នុងលំហ ។

អេស៊ីប (Egypt) ជាប្រទេសមួយសំបូរទៅដោយសំណង់ពីរ៉ាមីតជាច្រើន ប៉ុន្តែក្នុងបណ្ដាពីរ៉ាមីតទាំងនេះមានតែពីរ៉ាមីតឈ្មោះ Giza ប៉ុណ្ណោះដែលមានវ័យចំណាស់ ហើយធំជាងគេនៅលើពិភពលោក ។ ពីរ៉ាមីតនេះកាលពីមុនវាមានកម្ពស់ \(146.6\) m ឥឡូវនៅសល់តែ \(138.8\) m ហើយបានសាងសង់នៅឆ្នាំ \(2570\) មុនគ្រិស្តសករាជ បេតិកភណ្ឌពីរ៉ាមីតនេះ បានផ្ដល់នូវគំនិតជាច្រើនសម្រាប់ការសិក្សាធរណីមាត្រក្នុងលំហ ។

វត្ថុបំណង
  1. គូសរូបក្នុងលំហនៅលើប្លង់

  2. ប្រាប់បានពីស្វ័យសត្យបន្ទាត់ ស្វ័យសត្យប្លង់

  3. កំណត់ប្លង់បាន

  4. បង្ហាញថាបន្ទាត់មួយនៅក្នុងប្លង់ឬមិននៅក្នុងប្លង់

  5. កំណត់ប្លង់ពីរប្រសព្វគ្នា

  6. កំណត់ទីតាំងបន្ទាត់និងបន្ទាត់ បន្ទាត់និងប្លង់ ប្លង់និងប្លង់ក្នុងលំហ ។

ការគូសរូបក្នុងលំហនៅលើប្លង់

នៅក្នុងជីវភាពរស់នៅ មានវត្ថុជាច្រើនជារូបធរណីមាត្រក្នុងលំហ ។ គេចង់គូសរូបទាំងនេះនៅលើផ្ទៃរាប ដែលជាប្លង់មួយ ។

ឧទាហរណ៍

គេចង់គូសរូបគូបមួយក្នុងផ្ទៃរាបដែលជាប្លង់មួយហើយ ដើម្បីឱ្យរូបនេះបង្ហាញឱ្យឃើញវិមាត្រនៃបាតនិងកម្ពស់នៃគូប ដូច្នេះគេប្រើវិធីដូចខាងក្រោម ៖

  • គ្រប់ទ្រនុងស្របគ្នាទាំងអស់នៃគូប គឺគូសដោយបន្ទាត់ស្របគ្នា ។ ចំពោះទ្រនុងដែលគេមើលឃើញ ត្រូវគូសដោយគំនូសជាប់ ។ ចំពោះទ្រនុងដែលបាំងត្រូវគូសដោយគំនូសដាច់ ។

  • មុខ \(ABFE\) ដែលគេមើលឃើញចំពីមុខវានៅរក្សារាងដើមជាការេដដែល ។

  • មុខ \(BCGF\) និង \(ADHE\) ជាមុខដែលគេមើលពីចំហៀង ។

ដូច្នេះ មុំត្រូវខុសពីទម្រង់ដើមហើយទ្រនុងខ្លះអាចខុសពីប្រវែងពិតរបស់វា ។ ក្នុងករណីនេះមុខទាំងនោះតាងដោយប្រលេឡូក្រាម ។

សន្និដ្ឋាន
  1. ដើម្បីគូសរូបក្នុងលំហ គេត្រូវស្គាល់ច្បាស់អំពីទ្រង់ទ្រាយដើម

  2. បន្ទាត់ស្របគ្នាក្នុងលំហ តាងដោយបន្ទាត់ស្របគ្នាក្នុងប្លង់

  3. អង្កត់ពីរដែលមានប្រវែងស្មើគ្នានៅក្នុងលំហអាចមិនចាំបាច់ តាងដោយអង្កត់ពីរដែលមានប្រវែងស្មើគ្នានៅក្នុងប្លង់ទេ ។

ប្រតិបត្តិ

គូសរូបឡើងវិញដោយអង្កត់ដាច់ៗឱ្យបានត្រឹមត្រូវ ៖ ក. ប្រលេពីប៉ែតកែង ខ. ពីរ៉ាមីតបាតការេ គ. រូបផ្គុំដោយគូបបី ។

មើលចម្លើយ

គូសទ្រនុងដែលមើលឃើញដោយគំនូសជាប់ និងទ្រនុងដែលបាំងដោយគំនូសដាច់ ។ ឧទាហរណ៍សម្រាប់ ក និង ខ ៖

ប្រតិបត្តិ

សង់រូបដែលកើតបានពីការបង្វិលរូបនីមួយៗខាងក្រោមជុំវិញអ័ក្ស \(XY\) ត្រូវនឹងមុំ \(360^\circ\) ៖ ក. ត្រីកោណកែង \(OHA\) (កែងត្រង់ \(H\)) ដែល \(OH\) នៅលើ \(XY\) ខ. ចតុកោណកែង \(OABO'\) ដែល \(OO'\) នៅលើ \(XY\) ។

មើលចម្លើយ

ក. កោណបរិវត្តន៍ដែលមានកំពូល \(O\) កម្ពស់ \(OH\) និងកាំបាត \(HA\) ។ ខ. ស៊ីឡាំងបរិវត្តន៍ដែលមានកម្ពស់ \(OO'\) និងកាំបាត \(OA = O'B\) ។

លក្ខណៈគ្រឹះ

ស្វ័យសត្យបន្ទាត់

គេយកអំបោះពីរសរសៃទៅពាក់សន្ទឹងពីលើម្ជុលបារាំងពីរ \(A\) និង \(B\) ដែលគេដោតជាប់នឹងបន្ទះក្ដារមួយ ។ គេឃើញថាអំបោះទាំងពីរសរសៃនេះត្រួតស៊ីគ្នា ។

ស្វ័យសត្យ

តាមពីរចំណុចផ្សេងគ្នា គេអាចគូសបន្ទាត់បានតែមួយគត់ ។

ស្វ័យសត្យប្លង់

ជាងឈើម្នាក់ធ្វើតុមួយមានជើងបី ហើយគាត់យកតុនេះទៅដាក់លើផ្ទៃរាបមួយ គេសង្កេតឃើញថាតុមានលំនឹងល្អ ។

ស្វ័យសត្យ

តាមបីចំណុចមិនស្ថិតលើបន្ទាត់តែមួយ គេអាចកំណត់បានប្លង់តែមួយគត់ ។

ការកំណត់ប្លង់

តាមស្វ័យសត្យប្លង់ គេអាចកំណត់ប្លង់បានដូចខាងក្រោម ៖

ការកំណត់ប្លង់
  1. បីចំណុចដែលមិនស្ថិតនៅលើបន្ទាត់តែមួយកំណត់បានប្លង់តែមួយគត់ ។

  2. បន្ទាត់មួយ និងចំណុចមួយដែលមិនស្ថិតលើបន្ទាត់នោះ កំណត់បានប្លង់មួយគត់ ។

  3. បន្ទាត់ពីរប្រសព្វគ្នា កំណត់បានប្លង់មួយ ។

  4. បន្ទាត់ពីរស្របគ្នា កំណត់បានប្លង់មួយ ។

លំហាត់គំរូ ១

គេមានបួនចំណុច \(A, B, C\) និង \(D\) មិនស្ថិតក្នុងប្លង់តែមួយ ។ កំណត់ប្លង់ទាំងអស់ដែលកំណត់ដោយចំណុចបីៗ ។

ដំណោះស្រាយ

តាមស្វ័យសត្យប្លង់គេបានប្លង់ \(ABC\), \(ABD\), \(DBC\) និង \(ACD\) ។

សម្គាល់

រូបធរណីមាត្រ \(ABCD\) ហៅថា ចតុមុខ ឬតេត្រាអែត ។

ប្រតិបត្តិ

គេឱ្យការេ \(ABCD\) និង ចំណុច \(O\) មួយស្ថិតនៅខាងក្រៅប្លង់នៃការេនេះ ។ តើតាមចំណុច \(O\) គេអាចគូសបានប្លង់ប៉ុន្មាន ជាមួយនឹងជ្រុងនៃការេនោះ?

មើលចម្លើយ

\(4\) ប្លង់ (\(OAB\), \(OBC\), \(OCD\), \(ODA\)) ។

អនុវត្តន៍ ៖ គេធ្វើទម្រនៃម៉ាស៊ីនថតរូបមានជើងបី ទើបមានលំនឹងល្អ ពីព្រោះចុងនៃជើងម៉ាស៊ីនថតរូបស្ថិតក្នុងប្លង់តែមួយ (តាមចំណុចបីរត់មិនត្រង់គ្នាគេគូសបានប្លង់តែមួយគត់) ។ ផ្ទុយទៅវិញ បើទម្រវាមានជើងបួន ចុងនៃជើងម៉ាស៊ីនថតរូបអាចស្ថិតនៅលើប្លង់ច្រើន ក្នុងករណីនេះជើងម៉ាស៊ីនថតរូបមិនអាចមានលំនឹងល្អបានទេ ។

លំហាត់គំរូ ២

គេឱ្យ \(A, B, C, D\) ជាចំណុចនៅលើបន្ទាត់ \(a\) មួយ ដែលមិនស្រប និងមិនកាត់ទៅនឹងបន្ទាត់ \(\Delta\) ។ តើគេអាចកំណត់បានប្លង់ប៉ុន្មាន ដែលកាត់តាមបន្ទាត់ \(\Delta\) និងចំណុចនីមួយៗ?

ដំណោះស្រាយ

តាមការកំណត់នៃប្លង់ បន្ទាត់មួយ និងចំណុចមួយមិនស្ថិតលើបន្ទាត់តែមួយ កំណត់បានប្លង់មួយគត់ ។ ដូច្នេះ គេអាចកំណត់បានប្លង់បួនគឺ ៖ ប្លង់ដែលមាន \(A\) ជាមួយនឹង \(\Delta\), ប្លង់ដែលមាន \(B\) ជាមួយនឹង \(\Delta\), ប្លង់ដែលមាន \(C\) ជាមួយនឹង \(\Delta\) និងប្លង់ដែលមាន \(D\) ជាមួយនឹង \(\Delta\) ។

ប្រតិបត្តិ

គេមានបីបន្ទាត់ \(d_1\), \(d_2\) និង \(d_3\) ដែល \(d_1 \parallel d_2 \parallel d_3\) នៅក្នុងប្លង់ \(P\) មួយ និងបន្ទាត់ \(d\) មិនស្ថិតក្នុងប្លង់ \(P\) តែស្របទៅនឹងបន្ទាត់ទាំងបីខាងលើ ។ តើតាមបន្ទាត់ \(d_1\), \(d_2\) និង \(d_3\) គេអាចកំណត់បានប្លង់ប៉ុន្មានជាមួយនឹងបន្ទាត់ \(d\)?

មើលចម្លើយ

\(3\) ប្លង់ ។

បន្ទាត់នៅក្នុងប្លង់

គេដៅចំណុចពីរ \(A\) និង \(B\) នៅលើប្លង់ក្ដារខៀនឬក្រដាសមួយរួចយកបន្ទាត់មួយដាក់ឱ្យកាត់តាមពីរចំណុចនេះ យើងបានបន្ទាត់នេះស្ថិតជាប់នឹងផ្ទៃក្ដារខៀនឬក្រដាស ។ គេថាបន្ទាត់នេះស្ថិតក្នុងប្លង់ក្ដារខៀនឬក្រដាស ។

លក្ខណៈ

បើបន្ទាត់មួយ និងប្លង់មួយមានចំណុចរួមពីរផ្សេងគ្នា នោះបន្ទាត់ស្ថិតក្នុងប្លង់នោះ ៖

\[\left.\begin{aligned} A, B &\in P\\ A, B &\in L \end{aligned}\right\} \Rightarrow L \subset P\]

លំហាត់គំរូ

គេមានបួនចំណុច \(A, B, C, D\) ក្នុងប្លង់ \(P\) ដែលបីចំណុចមិនស្ថិតនៅលើបន្ទាត់តែមួយ ។ តើតាមបួនចំណុចនេះ គេអាចគូសបានបន្ទាត់ដែលស្ថិតនៅក្នុងប្លង់ \(P\) បានប៉ុន្មាន?

ដំណោះស្រាយ

គេដឹងថាតាមពីរចំណុចផ្សេងគ្នា គេអាចគូសបន្ទាត់បានតែមួយគត់ ។ ដូច្នេះ តាមបួនចំណុច \(A, B, C, D\) មិនស្ថិតលើបន្ទាត់តែមួយ គេអាចគូសបានបន្ទាត់ចំនួន \(6\) គឺបន្ទាត់ \(AB\), \(AC\), \(AD\), \(BC\), \(BD\), \(CD\) ។

ប្រតិបត្តិ

គេមានប្រាំចំណុច \(A, B, C, D, E\) ក្នុងប្លង់ \(P\) ដែលចំណុចបីៗមិនស្ថិតនៅលើបន្ទាត់តែមួយ ។ តើតាមប្រាំចំណុចនេះអាចគូសបានបន្ទាត់ដែលស្ថិតនៅក្នុងប្លង់ \(P\) បានប៉ុន្មាន?

មើលចម្លើយ

\({}_5C_2 = 10\) បន្ទាត់ ។

ប្រសព្វរវាងប្លង់និងប្លង់

ការបើកសៀវភៅអាន ឬការធ្វើជញ្ជាំងផ្ទះអាចផ្ដល់ជារូបភាពប្លង់ពីរប្រសព្វគ្នាតាមបន្ទាត់មួយ ។ គេមានចំណុច \(A\) នៅក្នុងប្លង់ \(P\) មួយ និងបន្ទាត់ \(BC\) នៅក្រៅប្លង់ \(P\) ។ បន្លាយ \(BA\) ហើយជ្រើសរើសចំណុច \(F\) នៅលើ \(BA\) ឱ្យបាន \(AF\) ។ រួចភ្ជាប់ពីចំណុច \(C\) មក \(F\) កាត់ប្លង់ \(P\) ត្រង់ \(G\) ។ គេបានចំណុច \(A, G\) ទាំងពីរស្ថិតក្នុងប្លង់ \(ABC\) និងប្លង់ \(P\) ។ ដូច្នេះ គេបានបន្ទាត់ \(AG\) ជាបន្ទាត់រួមនៃប្លង់ \(ABC\) និងប្លង់ \(P\) ។

សន្និដ្ឋាន

បើប្លង់ពីរមានចំណុចរួមមួយ វាប្រសព្វគ្នាតាមបន្ទាត់មួយដែលកាត់តាមចំណុចរួមនោះ ។

លំហាត់គំរូ

ក្នុងរូបធរណីមាត្រ (ចតុមុខ \(ABCD\)) \(B' \in BD\) និង \(C' \in DC\) ដែល \(B'C'\) មិនស្របនឹង \(BC\) កំណត់ប្រសព្វរវាងប្លង់ \(ABC\) និង \(AB'C'\) ។

ដំណោះស្រាយ

គេឃើញថាប្លង់ \(ABC\) និង \(AB'C'\) មាន \(A\) ជាចំណុចរួម ។ ហេតុនេះត្រូវរកចំណុចរួមមួយទៀត ។ គូសបន្ទាត់ \(BC\) និង \(B'C'\) ដែលកាត់គ្នាត្រង់ \(E\) ។

\[\left.\begin{aligned} E &\in B'C'\\ B'C' &\subset AB'C' \end{aligned}\right\} \Rightarrow E \in AB'C' \qquad{} \left.\begin{aligned} E &\in BC\\ BC &\subset ABC \end{aligned}\right\} \Rightarrow E \in ABC\]
ដូច្នេះ \(AE\) ជាប្រសព្វរវាងប្លង់ \(ABC\) និង \(AB'C'\) ។

ប្រតិបត្តិ

នៅក្នុងប្លង់ \(P\) មានការេ \(ABCD\) មួយ ។ ចំណុច \(O\) មួយនៅក្រៅប្លង់ \(P\) ។

  1. កំណត់ប្រសព្វរវាងប្លង់ \(OAC\) និង \(OBD\) ។

  2. \(A'\) កណ្ដាលនៃ \(OA\) ចូរកំណត់ប្រសព្វរវាងប្លង់ \(A'BC\) និង \(OAD\), \(A'BC\) និង \(ODC\) ។

មើលចម្លើយ

ក. តាង \(I = AC \cap BD\) (ផ្ចិតការេ) ។ ប្លង់ទាំងពីរមាន \(O\) និង \(I\) ជាចំណុចរួម ដូច្នេះប្រសព្វគឺបន្ទាត់ \(OI\) ។ ខ. ដោយ \(BC \parallel AD\) ប្រសព្វនៃប្លង់ \(A'BC\) និង \(OAD\) គឺបន្ទាត់កាត់តាម \(A'\) ហើយស្របនឹង \(AD\) ដែលកាត់ \(OD\) ត្រង់ \(D'\) កណ្ដាលនៃ \(OD\) គឺ \(A'D'\) ។ ដូច្នេះប្លង់ \(A'BC\) គឺប្លង់ \(A'BCD'\) ហើយប្រសព្វនៃ \(A'BC\) និង \(ODC\) គឺបន្ទាត់ \(CD'\) ។

ទីតាំងរវាងបន្ទាត់និងប្លង់

ទីតាំងរវាងបន្ទាត់ពីរក្នុងលំហ

បន្ទាត់ពីរប្រសព្វគ្នានៅក្នុងប្លង់តែមួយ ៖ បន្ទាត់ពីរប្រសព្វគ្នាត្រង់មួយចំណុច នៅក្នុងប្លង់តែមួយ ។ បន្ទាត់ \(d_1\) និង \(d_2\) ប្រសព្វគ្នាត្រង់ចំណុច \(I\) មួយ ។ គេកំណត់សរសេរ \(d_1 \cap d_2 = \{I\}\) ។

បន្ទាត់ពីរស្របគ្នានៅក្នុងប្លង់តែមួយ ៖ បន្ទាត់ \(d_1\) និង \(d_2\) គ្មានចំណុចរួម គេថាបន្ទាត់ \(d_1\) ស្រប \(d_2\) ។ គេកំណត់សរសេរ \(d_1 \parallel d_2\) ។

បន្ទាត់ពីរមិនប្រសព្វនិងមិនស្របគ្នា ៖ បន្ទាត់ពីរមិនប្រសព្វ និងមិនស្របគ្នា គឺមិនអាចនៅក្នុងប្លង់តែមួយទេ ។ គេកំណត់សរសេរ \(\begin{cases} d_1 \cap d_2 = \varnothing\\ d_1 \nparallel d_2 \end{cases}\) ។

មុំបង្កើតដោយបន្ទាត់ពីរក្នុងលំហ ៖ ក្នុងករណីបន្ទាត់ពីរ \(d'\) និង \(d\) មិនប្រសព្វ និងមិនស្របគ្នាគេអាចកំណត់មុំដែលផ្គុំដោយបន្ទាត់ទាំងពីរនេះបាន ។ ដំបូងគេគូសបន្ទាត់ \(d'_1\) មួយផ្សេងទៀតឱ្យស្របទៅនឹង \(d'\) ហើយកាត់បន្ទាត់ \(d\) ត្រង់ចំណុចណាមួយដែលគេតាងដោយ \(O\) ។ ដូច្នេះ គេបានមុំដែលផ្គុំឡើងដោយបន្ទាត់ \(d'_1\) និង \(d\) ត្រង់ទីតាំងនៃចំណុច \(O\) គឺជាមុំផ្គុំឡើងដោយបន្ទាត់ \(d'\) និង \(d\) ក្នុងលំហ ។

លំហាត់គំរូ

គេមានគូបមួយ (\(ACDB\) ជាបាត, \(EFGH\) ជាមុខលើ ដែល \(E, F, G, H\) នៅពីលើ \(A, C, D, B\) រៀងគ្នា) ។ កំណត់មុំដែលបង្កើតឡើង ដោយគូអង្កត់ដូចខាងក្រោម ៖ ក. \(BC\) និង \(HG\) ខ. \(BA\) និង \(CF\) ។

ដំណោះស្រាយ

  1. គេសង្កេតឃើញថា \(BC\) និង \(HG\) មិនស្ថិតក្នុងប្លង់តែមួយ ។ ប៉ុន្តែ \(HG\) ស្របនឹង \(BD\) ។ \(BD\) និង \(BC\) នៅក្នុងប្លង់តែមួយ និងមុំដែលបង្កើតឡើងដោយបន្ទាត់ទាំងពីរនេះគឺ \(45^\circ\) (\(BC\) ជាអង្កត់ទ្រូងនៃការេ \(ACDB\)) ។ ដូច្នេះ មុំដែលបង្កើតឡើងដោយអង្កត់ \(BC\) និង \(HG\) គឺ \(45^\circ\) ។

  2. ដូចសំណួរ ក ដែរ គេបាន \(CF \parallel BH\) ។ មុំដែលបង្កើតឡើងដោយអង្កត់ \(BA\) និង \(BH\) គឺ \(90^\circ\) ។ ដូច្នេះ មុំដែលបង្កើតឡើងដោយគូអង្កត់ \(BA\) និង \(CF\) គឺ \(90^\circ\) ។

ប្រតិបត្តិ

គេឱ្យ \(I, J, K\) ជាចំណុចកណ្ដាលរៀងគ្នានៃជ្រុង \(BC\), \(AD\) និង \(AC\) នៃតេត្រាអែត \(ABCD\) ។

  1. បង្ហាញថាមុំ \(\angle I\) និង \(\angle J\) នៃត្រីកោណ \(IJK\) គឺជាមុំដែលបង្កើតឡើងដោយបន្ទាត់ \(IJ\) ជាមួយនឹងបន្ទាត់ \(AB\) និង \(CD\) រៀងគ្នា ។

  2. បើ \(AB = CD\) បង្ហាញថាត្រីកោណ \(IJK\) ជាត្រីកោណសមបាត ។

មើលចម្លើយ

ក. ក្នុងត្រីកោណ \(ABC\) ៖ \(IK\) ជាបន្ទាត់កណ្ដាល ដូច្នេះ \(IK \parallel AB\) ។ ក្នុងត្រីកោណ \(ACD\) ៖ \(JK \parallel CD\) ។ ហេតុនេះ \(\angle KIJ\) ជាមុំរវាង \(IJ\) និង \(AB\) ហើយ \(\angle IJK\) ជាមុំរវាង \(IJ\) និង \(CD\) ។ ខ. \(IK = \dfrac{AB}{2}\) និង \(JK = \dfrac{CD}{2}\) ។ បើ \(AB = CD\) នោះ \(IK = JK\) ដូច្នេះ \(IJK\) ជាត្រីកោណសមបាតកំពូល \(K\) ។

ទីតាំងរវាងបន្ទាត់ និងប្លង់

ឧទាហរណ៍

បន្ទប់មួយរាងប្រលេពីប៉ែតកែង (\(ABDC\) ជាបាត និង \(EFHG\) ជាពិដាន ដែល \(E, F, G, H\) នៅពីលើ \(A, B, C, D\) រៀងគ្នា) ។ ប្រសិនបើគេជ្រើសរើសបន្ទាត់ \(AB\) មួយ គេបាន ៖

  • បន្ទាត់ \(AB\) កាត់ប្លង់ជញ្ជាំង \(ACGE\) ត្រង់ \(A\) ។ គេបាន \(AB \cap ACGE = \{A\}\) ។

  • បន្ទាត់ \(AB\) ស្របនឹងប្លង់ពិដាន \(EFHG\) ។

  • បន្ទាត់ \(AB\) នៅក្នុងប្លង់ \(ABDC\) ។

ប្រតិបត្តិ

តាមបីចំណុច \(A, B, C\) រត់មិនត្រង់គ្នា គេគូសអង្កត់ \(AA'\), \(BB'\) និង \(CC'\) ស្របគ្នាហើយប៉ុនគ្នា ។ \(K, L, M, N, P\) ជាចំណុចកណ្ដាលរៀងគ្នានៃ \(AB\), \(A'C'\), \(B'C'\), \(KL\) និង \(KM\) ។ បង្ហាញថា ៖

  1. បន្ទាត់ \(NP\) ប្រសព្វប្លង់ \(AA'C'C\)

  2. បន្ទាត់ \(NP\) ប្រសព្វប្លង់ \(BB'C'C\) ។

មើលចម្លើយ

ក្នុងត្រីកោណ \(KLM\) ៖ \(NP\) ជាបន្ទាត់កណ្ដាល ដូច្នេះ \(NP \parallel LM\) ។ ក្នុងត្រីកោណ \(A'B'C'\) ៖ \(LM \parallel A'B'\) ។ ដូច្នេះ \(NP \parallel A'B'\) ។ ក. បន្ទាត់ \(A'B'\) កាត់ប្លង់ \(AA'C'C\) ត្រង់ \(A'\) ហើយ \(NP\) ស្របនឹង \(A'B'\) និងមិនស្ថិតក្នុងប្លង់នោះ ដូច្នេះ \(NP\) ប្រសព្វប្លង់ \(AA'C'C\) ។ ខ. ដូចគ្នា \(A'B'\) កាត់ប្លង់ \(BB'C'C\) ត្រង់ \(B'\) ដូច្នេះ \(NP\) ប្រសព្វប្លង់ \(BB'C'C\) ។

ទីតាំងរវាងប្លង់ពីរ

ប្លង់ត្រួតស៊ីគ្នា ៖ បើគ្រប់ចំណុចនៃប្លង់ \(P\) ជាចំណុចរបស់ប្លង់ \(Q\) នោះគេថា \(P\) ត្រួតលើ \(Q\) ។

ប្លង់ស្របគ្នា ៖ បើប្លង់ពីរ \(P\) និង \(Q\) គ្មានចំណុចរួមនោះគេថា \(P\) ស្របនឹង \(Q\) ហើយគេសរសេរ \(P \cap Q = \varnothing\) ឬ \(P \parallel Q\) ។

ប្លង់ប្រសព្វគ្នា ៖ បើប្លង់ពីរ \(P\) និង \(Q\) មិនត្រួតស៊ីគ្នា ឬមិនស្របគ្នានោះ ប្លង់ \(P\) និង \(Q\) ប្រសព្វគ្នាតាមបន្ទាត់ \(\Delta\) មួយហើយគេសរសេរ \(P \cap Q = \Delta\) ។

លំហាត់គំរូ

គេមានប្រលេពីប៉ែតកែង \(ABCDEFGH\) មួយ (\(ABCD\) ជាមុខខាងក្រោម និង \(EFGH\) ជាមុខខាងលើ ដែល \(E, F, G, H\) នៅពីលើ \(A, B, C, D\) រៀងគ្នា) ។

  1. កំណត់ប្លង់ដែលស្របទៅនឹងប្លង់ \(ABCD\)

  2. កំណត់បន្ទាត់ប្រសព្វរវាងប្លង់ \(ABCD\) និងប្លង់ \(ACGE\) ។

ដំណោះស្រាយ
  1. តាមរូបគេសង្កេតឃើញថាប្លង់ដែលស្របទៅនឹងប្លង់ \(ABCD\) គឺប្លង់ \(EFGH\) ៖ \(ABCD \cap EFGH = \varnothing \Rightarrow ABCD \parallel EFGH\) ។

  2. ប្លង់ \(ABCD\) ប្រសព្វ និងប្លង់ \(ACGE\) បានបន្ទាត់ \(AC\) ៖

    \[\left.\begin{aligned} AC &\subset ABCD\\ AC &\subset ACGE \end{aligned}\right\} \Leftrightarrow ABCD \cap ACGE = AC\]

ប្រតិបត្តិ

គេមានចតុមុខ \(OABC\) ។ \(M, N, P\) នៅលើជ្រុង \(OA\), \(OB\), \(OC\) ។ បើប្លង់ \(ABC\) មិនស្របនឹងប្លង់ \(MNP\) ទេ ៖

  1. សង់ប្រសព្វរវាងប្លង់ \(ABC\) និង \(MNP\) ។

  2. រកលក្ខខណ្ឌ \(M, N, P\) ដើម្បីឱ្យប្លង់ \(ABC \parallel MNP\) ។

មើលចម្លើយ

ក. តាង \(I = MN \cap AB\) និង \(J = NP \cap BC\) (ឬ \(MP \cap AC\)) ។ \(I, J\) ជាចំណុចរួមនៃប្លង់ទាំងពីរ ដូច្នេះប្រសព្វគឺបន្ទាត់ \(IJ\) ។ ខ. \(\dfrac{OM}{OA} = \dfrac{ON}{OB} = \dfrac{OP}{OC}\) ។

ទំព័រសៀវភៅដើម

បើកមើលទំព័រសៀវភៅពុម្ព
មេរៀននេះបង្ហាញជាទំព័រពីសៀវភៅពុម្ពគណិតវិទ្យាថ្នាក់ទី ១១ (ថ្នាក់វិទ្យាសាស្ត្រសង្គម) ទំព័រ ២៨៩–២៩៩។
ទំព័រ ២៨៩
ទំព័រ ២៨៩
ទំព័រ ២៩០
ទំព័រ ២៩០
ទំព័រ ២៩១
ទំព័រ ២៩១
ទំព័រ ២៩២
ទំព័រ ២៩២
ទំព័រ ២៩៣
ទំព័រ ២៩៣
ទំព័រ ២៩៤
ទំព័រ ២៩៤
ទំព័រ ២៩៥
ទំព័រ ២៩៥
ទំព័រ ២៩៦
ទំព័រ ២៩៦
ទំព័រ ២៩៧
ទំព័រ ២៩៧
ទំព័រ ២៩៨
ទំព័រ ២៩៨
ទំព័រ ២៩៩
ទំព័រ ២៩៩

លំហាត់អនុវត្តន៍

១លំហាត់ទី ១

\(ABCDEFGH\) ជាប្រលេពីប៉ែតកែង (\(ABCD\) ជាបាត, \(H, G, F, E\) នៅពីលើ \(A, B, C, D\) រៀងគ្នា) ហើយប្លង់ \(MNPQ\) ស្របនឹងមុខ \(ABCD\) ដែល \(M \in CF\), \(N \in DE\), \(P \in AH\), \(Q \in BG\) ។ បំពេញចម្លើយក្នុងចន្លោះ ៖ ក. ប្លង់ \(MPQ\) ប្រសព្វនឹងប្លង់ \(ABG\) បានបន្ទាត់ ...... ។ ខ. បន្ទាត់ \(QM\) និង \(BC\) ស្របគ្នា កាលណា \(M\) និង \(Q\) ជាចំណុចកណ្ដាលនៃជ្រុង ...... និង ...... រៀងគ្នា ។ គ. បន្ទាត់ \(PN\) និង \(QM\) ស្របគ្នា កាលណា \(M, N, P\) និង \(Q\) ជាចំណុចកណ្ដាលនៃជ្រុង ......, ......, ...... និង ...... រៀងគ្នា ។

មើលដំណោះស្រាយ

ក. \(PQ\) ខ. \(CF\) និង \(BG\) គ. \(CF\), \(DE\), \(AH\) និង \(BG\) ។ (តាមពិត ដោយប្លង់ \(MNPQ \parallel ABCD\) នោះ \(QM \parallel BC\) និង \(PN \parallel QM\) ជានិច្ច ។)

២លំហាត់ទី ២

សង់រូបនីមួយៗឡើងវិញ រួចដាក់អង្កត់ដាច់ៗនៃរូបខាងក្រោម ៖ ក. រូបប្រអប់មានរន្ធរាង U ខ. រូបជណ្ដើរបីកាំ ។

មើលដំណោះស្រាយ

គូសទ្រនុងដែលបាំង (មិនអាចមើលឃើញ) ដោយគំនូសដាច់ៗ និងរក្សាទ្រនុងស្របគ្នាឱ្យនៅស្របគ្នា ។

៣លំហាត់ទី ៣

សង់រូប ៖ ក. ស្វ៊ែមួយ ខ. ព្រីសត្រង់មួយដែលមានមុខខាងចំនួន \(7\) គ. ស៊ីឡាំងចារឹកក្នុងស្វ៊ែមួយ ដែលអង្កត់ផ្ចិតនៃស៊ីឡាំងនេះមានប្រវែងស្មើនឹងកម្ពស់របស់វា ។

មើលដំណោះស្រាយ

ក. គូសរង្វង់មួយ និងអេលីបអេក្វាទ័រ (ពាក់កណ្ដាលខាងក្រោយគូសដាច់ៗ) ។ ខ. ព្រីសដែលមានបាតជាពហុកោណ \(7\) ជ្រុង ។ គ. ស៊ីឡាំងមានកាំ \(r\) និងកម្ពស់ \(2r\) ចារឹកក្នុងស្វ៊ែកាំ \(R = r\sqrt{2}\) ។

៤លំហាត់ទី ៤

គេឱ្យចតុមុខ \(OABC\) មួយ ដែល \(M\) ជាចំណុចកណ្ដាលនៃជ្រុង \(OC\) និង \(N, P\) ជាទីប្រជុំទម្ងន់នៃត្រីកោណ \(\triangle OAC\), \(\triangle OBC\) រៀងគ្នា ។ ក. បង្ហាញថា \(BM\) ប្រសព្វជាមួយនឹង \(AP\) ខ. រកលក្ខខណ្ឌនៃចំណុច \(S\) ក្នុងត្រីកោណ \(\triangle ABC\) ដើម្បីឱ្យ \(OS\) ប្រសព្វជាមួយនឹង \(NP\) ។

មើលដំណោះស្រាយ

ក. \(P\) ជាទីប្រជុំទម្ងន់នៃ \(\triangle OBC\) ដូច្នេះ \(P\) នៅលើមេដ្យាន \(BM\) ។ ហេតុនេះ \(AP\) និង \(BM\) ស្ថិតក្នុងប្លង់ \(ABM\) តែមួយ ហើយប្រសព្វគ្នាត្រង់ \(P\) ។ ខ. តាង \(I, J\) ជាចំណុចកណ្ដាលនៃ \(AC\) និង \(BC\) ។ \(N \in OI\) និង \(P \in OJ\) (\(ON = \tfrac{2}{3}OI\), \(OP = \tfrac{2}{3}OJ\)) ដូច្នេះប្លង់ \(ONP\) កាត់ប្លង់ \(ABC\) តាមបន្ទាត់ \(IJ\) ។ \(OS\) ប្រសព្វ \(NP\) លុះត្រាតែ \(S\) ស្ថិតនៅលើអង្កត់ \(IJ\) (បន្ទាត់កណ្ដាលនៃ \(\triangle ABC\) ស្របនឹង \(AB\)) ។

៥លំហាត់ទី ៥

គេមានចំណុច \(B, C\) ស្ថិតក្នុងប្លង់ \(P\) មួយ និងចំណុច \(A\) មិនស្ថិតក្នុងប្លង់ \(P\) ។ ដៅចំណុច \(M\) មួយជារបស់ប្លង់ \(ABC\) រួចបន្លាយ \(AM\) កាត់ប្លង់ \(P\) ត្រង់ \(N\) ។ បង្ហាញថា \(B, C, N\) ស្ថិតលើបន្ទាត់តែមួយ ។

មើលដំណោះស្រាយ

\(N \in AM \subset ABC\) និង \(N \in P\) ។ ចំណុច \(B, C\) ក៏ស្ថិតក្នុងប្លង់ទាំងពីរ \(ABC\) និង \(P\) ដែរ ។ ប្លង់ទាំងពីរខុសគ្នា (\(A \notin P\)) ដូច្នេះវាប្រសព្វគ្នាតាមបន្ទាត់តែមួយ គឺបន្ទាត់ \(BC\) ។ ហេតុនេះ \(B, C, N\) ស្ថិតលើបន្ទាត់តែមួយ ។

សំណួរពហុជ្រើសរើស

ជ្រើសរើសចម្លើយត្រឹមត្រូវតែមួយ រួចចុច «ពិនិត្យ»។ ចម្លើយរបស់អ្នកត្រូវបានរក្សាទុកក្នុងកុំព្យូទ័រនេះ។

✎ សំណួរទី ១–១០

✎ សំណួរទី ១១–២០

តេស្តសមត្ថភាព ៖ មេរៀនទី ៤៨ រូបធរណីមាត្រក្នុងលំហ (វិទ្យាសាស្ត្រសង្គម) — ២០ សំណួរ · ៣៥ នាទី

ចាប់ផ្ដើមតេស្ត