1. ទំព័រដើម
  2. ថ្នាក់ទី ១១
  3. មេរៀនទី ១១
១១
ថ្នាក់វិទ្យាសាស្ត្រ · ជំពូកទី ៣ អនុគមន៍ត្រីកោណមាត្រ · មេរៀនទី ១១ · គណិតវិទ្យាថ្នាក់ទី ១១

អនុគមន៍ច្រាសនៃអនុគមន៍ត្រីកោណមាត្រ

ថ្នាក់វិទ្យាសាស្ត្រទំព័រ ១២០–១២៧

សេចក្តីផ្តើម

អនុគមន៍ច្រាសនៃអនុគមន៍ត្រីកោណមាត្រ ត្រូវបានកំណត់យ៉ាងសាមញ្ញថាជាអនុគមន៍ច្រាសនៃអនុគមន៍ត្រីកោណមាត្ររបស់អនុគមន៍ស៊ីនុស កូស៊ីនុស តង់សង់ កូតង់សង់ ។ អនុគមន៍ច្រាសទាំងនេះត្រូវបានប្រើជាមួយមុំមួយចំនួននៃផលធៀបត្រីកោណមាត្រណាមួយ ។ អនុគមន៍ច្រាសនៃអនុគមន៍ត្រីកោណមាត្រត្រូវបានអនុវត្តន៍យ៉ាងសំខាន់ក្នុងវិស័យវិស្វកម្ម រូបវិទ្យា ធរណីមាត្រ និងការរុករក ។

អនុគមន៍ច្រាសនៃអនុគមន៍ត្រីកោណមាត្រ

យើងបានសិក្សាអនុគមន៍ត្រីកោណមាត្រនៅមេរៀនមុនរួចរាល់ហើយអំពី \(\sin x\), \(\cos x\) និង \(\tan x\) ដែលត្រូវបានប្រើដើម្បីរកប្រវែងជ្រុងមួយមិនស្គាល់នៃត្រីកោណកែង ប្រសិនបើប្រវែងជ្រុងមួយ និងរង្វាស់មុំមួយត្រូវបានគេស្គាល់ ។

គេតាងអនុគមន៍ច្រាសនៃអនុគមន៍ត្រីកោណមាត្រតាមក្បួនដូចខាងក្រោម ៖

និយមន័យ

បើ \(a = f(b)\) នោះអនុគមន៍ច្រាសគឺ \(b = f^{-1}(a)\) ។

ដូច្នេះអនុគមន៍ច្រាសនៃអនុគមន៍ត្រីកោណមាត្រនៃ \(\sin x\), \(\cos x\) និង \(\tan x\) ត្រូវបានកំណត់ដោយ \(\sin^{-1}(x)\), \(\cos^{-1}(x)\) និង \(\tan^{-1}(x)\) ឬតាងដោយ \(\arcsin(x)\), \(\arccos(x)\) និង \(\arctan(x)\) ។ អនុគមន៍ច្រាសនេះ ត្រូវបានប្រើដើម្បីរករង្វាស់មុំមិនស្គាល់នៃត្រីកោណកែងមួយ នៅពេលដែលប្រវែងជ្រុងពីរទៀតមិនស្គាល់ ។

ឧទាហរណ៍

បាតនៃជណ្តើរមួយ ត្រូវបានដាក់នៅចម្ងាយ \(3\) ម៉ែត្រ ពីជញ្ជាំងកម្ពស់ \(10\) ម៉ែត្រ និងផ្នែកខាងលើនៃជណ្តើរប៉ះនឹងកំពូលនៃជញ្ជាំង ។ តើរង្វាស់មុំដែលបង្កើតឡើងដោយជណ្តើរ និងដីមានរង្វាស់ស្មើនឹងប៉ុន្មានដឺក្រេ?

នៅទីនេះយើងមានត្រីកោណកែងមួយ ដែលយើងដឹងពីប្រវែងជ្រុងទាំងពីរ ពោលគឺ ជ្រុងទល់មុខ និងជ្រុងនៅជាប់នឹងមុំ ។ ដូច្នេះ យើងប្រើអនុគមន៍ច្រាសនៃអនុគមន៍តង់សង់ ។ ប្រសិនបើអ្នកបញ្ចូលវាទៅក្នុងម៉ាស៊ីនគិតលេខដែលគិតជា “ដឺក្រេ” នោះយើងបាន \(\tan^{-1}\left(\dfrac{10}{3}\right) \approx 73.3^\circ\) ។ ប្រសិនបើអ្នកបានកំណត់ម៉ាស៊ីនគិតលេខទៅជារបៀបរ៉ាដ្យង់ អ្នកនឹងទទួលបាន \(\tan^{-1}\left(\dfrac{10}{3}\right) \approx 1.28\) rd ។

ប្រសិនបើប្រើផលធៀបជ្រុងរបស់ត្រីកោណដែលមានមុំ \((45^\circ, 45^\circ, 90^\circ)\) និង \((30^\circ, 60^\circ, 90^\circ)\) នោះគេអាចរកឃើញតម្លៃមួយចំនួននៃអនុគមន៍ច្រាសត្រីកោណមាត្របានដោយមិនប្រើម៉ាស៊ីនគិតលេខ ។

លំហាត់គំរូ ១

រកតម្លៃនៃ \(\cos^{-1}\left(\dfrac{\sqrt{3}}{2}\right)\) ។

ដំណោះស្រាយ

អ្នកអាចចាំថានៅក្នុងត្រីកោណដែលមានមុំ \((30^\circ, 60^\circ, 90^\circ)\) ប្រសិនបើអ៊ីប៉ូតេនុសមានប្រវែងស្មើនឹង \(1\) នោះជ្រុងវែងមានប្រវែង \(\dfrac{\sqrt{3}}{2}\) ។ ដោយសារកូស៊ីនុសគឺជាសមាមាត្រនៃផ្នែកដែលនៅជាប់នឹងអ៊ីប៉ូតេនុស នោះតម្លៃច្រាសនៃកូស៊ីនុសគឺមុំ \(30^\circ\) ឬប្រហែល \(0.52\) រ៉ាដ្យង់ ។

ចូរប្រយ័ត្ន

ចំពោះអនុគមន៍ច្រាសនៃអនុគមន៍ត្រីកោណមាត្រ \(\sin^{-1}x \ne \dfrac{1}{\sin x}\), \(\cos^{-1}x \ne \dfrac{1}{\cos x}\) និង \(\tan^{-1}x \ne \dfrac{1}{\tan x}\) ។

ប្រតិបត្តិ

រកតម្លៃមុំដូចខាងក្រោម ៖

  1. ចំពោះត្រីកោណកែង \(ABC\) គេឱ្យជ្រុងមុំកែង \(AB = 65\), \(BC = 35\) ។ រកមុំ \(\alpha\) នៃជ្រុង \(AB\) និង \(AC\) ។

  2. ចំពោះត្រីកោណកែង \(LMN\) គេឱ្យជ្រុងមុំកែង \(LM = 6\), \(MN = 4\) ។ រកមុំ \(\alpha\) នៃជ្រុង \(LM\) និង \(LN\) ។

  3. ចំពោះត្រីកោណកែង \(PQR\) គេឱ្យជ្រុងមុំកែង \(QR = 8\) និងអ៊ីប៉ូតេនុស \(PR = 10\) ។ រកមុំ \(\alpha\) នៃជ្រុង \(PQ\) និង \(PR\) ។

មើលចម្លើយ

ក. \(\alpha \approx 28.30^\circ\) ខ. \(\alpha \approx 33.69^\circ\) គ. \(\alpha \approx 53.13^\circ\) ។

រូបមន្តអនុគមន៍ច្រាសនៃអនុគមន៍ត្រីកោណមាត្រ

ខាងក្រោមជារូបមន្តគ្រឹះនៃអនុគមន៍ច្រាសនៃអនុគមន៍ត្រីកោណមាត្រ

\[\begin{array}{|c|l|}\hline \text{អនុគមន៍ច្រាស} & \text{រូបមន្ត}\\ \hline \arcsin(x) & \sin^{-1}(-x) = -\sin^{-1}(x), \ x \in [-1, 1]\\ \hline \arccos(x) & \cos^{-1}(-x) = \pi - \cos^{-1}(x), \ x \in [-1, 1]\\ \hline \arctan(x) & \tan^{-1}(-x) = -\tan^{-1}(x), \ x \in \mathbb{R}\\ \hline \text{arccot}(x) & \cot^{-1}(-x) = \pi - \cot^{-1}(x), \ x \in \mathbb{R}\\ \hline \end{array}\]

ក្រាបនៃអនុគមន៍ច្រាសនៃអនុគមន៍ត្រីកោណមាត្រ

ក្រាបនៃអនុគមន៍ច្រាសរបស់អនុគមន៍ត្រីកោណមាត្រ អាចបានពីក្រាបនៃអនុគមន៍ដើម ដោយការផ្លាស់ប្តូរអ័ក្ស \(x\) និងអ័ក្ស \(y\) ។ ប្រសិនបើ \((a, b)\) គឺជាចំណុចនៅលើក្រាបនៃអនុគមន៍ត្រីកោណមាត្រ បន្ទាប់មក \((b, a)\) ក្លាយជាចំណុចដែលត្រូវគ្នានៅលើក្រាបនៃអនុគមន៍ត្រីកោណមាត្រច្រាសរបស់វា ។ វាអាចត្រូវបានបង្ហាញថា ក្រាបនៃអនុគមន៍ច្រាសអាចបានពីក្រាបដែលត្រូវគ្នានៃអនុគមន៍ដើមជារូបភាពឆ្លុះគ្នាធៀបនឹងបន្ទាត់ \(y = x\) ។

ក្រាបនៃអនុគមន៍ \(y = \sin^{-1}(x)\) ឬ \(y = \arcsin(x)\)

\[\begin{array}{|c|c|}\hline \text{ដែនកំណត់នៃ } \sin x & \text{រ៉ង់}\\ \hline -\frac{\pi}{2} \le x \le \frac{\pi}{2} & -1 \le y \le 1\\ \hline \end{array}\]
\[\begin{array}{|c|c|}\hline \text{ដែនកំណត់នៃ } \arcsin x & \text{រ៉ង់}\\ \hline -1 \le x \le 1 & -\frac{\pi}{2} \le y \le \frac{\pi}{2}\\ \hline \end{array}\]

ប្រសិនបើយើងដាក់លក្ខខណ្ឌដែនកំណត់របស់ \(f(x) = \sin(x)\) នៅចន្លោះ \(\left[-\dfrac{\pi}{2}, \dfrac{\pi}{2}\right]\) នោះយើងបានវាជាអនុគមន៍មួយទល់មួយ ហើយរ៉ង់របស់វាគឺចន្លោះ \([-1, 1]\) ។ យើងកំណត់អនុគមន៍ច្រាសនៃ \(f(x) = \sin(x)\) ដោយ \(y = \sin^{-1}(x)\) ។ គេអានថា \(y\) បញ្ច្រាសស៊ីនុស \(x\) ហើយមានន័យថា \(y\) ជាមុំចំនួនពិតដែលតម្លៃស៊ីនុសគឺ \(x\) ។ សូមប្រយ័ត្នចំពោះសញ្ញាដែលបានប្រើ ។ សញ្ញា \((-1)\) មិនមែនជាស្វ័យគុណទេ មានន័យថា \(\sin^{-1}x \ne \dfrac{1}{\sin x}\) ។ ដើម្បីជៀសវាងការសម្គាល់នេះ សៀវភៅខ្លះប្រើសញ្ញាណ \(y = \arcsin(x)\) ជំនួសវិញ ។

គេឃើញថាក្រាបនៃអនុគមន៍ច្រាសនៃអនុគមន៍ស៊ីនុស ឆ្លុះគ្នាធៀបនឹងបន្ទាត់ \(y = x\) នៃអនុគមន៍ស៊ីនុស ។

សូមកត់សម្គាល់ថា ដែនកំណត់ឥឡូវវាជារ៉ង់ ហើយរ៉ង់ឥឡូវវាជាដែនកំណត់ ។ ដោយសារដែនកំណត់ត្រូវបានដាក់លក្ខខណ្ឌ នោះមុំមានតម្លៃវិជ្ជមានគឺស្ថិតក្នុងកាដ្រង់ទី \(1\) ហើយមុំតម្លៃអវិជ្ជមានស្ថិតនៅក្នុងកាដ្រង់ទី \(4\) ។ ស្រដៀងគ្នានេះដែរ យើងអាចដាក់លក្ខខណ្ឌដែនកំណត់នៃអនុគមន៍កូស៊ីនុស និងតង់សង់ ដើម្បីធ្វើឱ្យវាជាអនុគមន៍មួយទល់មួយ ។

ក្រាបនៃអនុគមន៍ \(y = \cos^{-1}(x)\) ឬ \(y = \arccos(x)\)

\[\begin{array}{|c|c|}\hline \text{ដែនកំណត់នៃ } \cos x & \text{រ៉ង់}\\ \hline 0 \le x \le \pi & -1 \le y \le 1\\ \hline \end{array}\]
\[\begin{array}{|c|c|}\hline \text{ដែនកំណត់នៃ } \arccos x & \text{រ៉ង់}\\ \hline -1 \le x \le 1 & 0 \le y \le \pi\\ \hline \end{array}\]
ដែនកំណត់នៃអនុគមន៍ច្រាសនៃអនុគមន៍កូស៊ីនុសគឺ \([-1, 1]\) ហើយរ៉ង់គឺ \([0, \pi]\) ។ នោះមានន័យថាមុំមានតម្លៃវិជ្ជមានស្ថិតនៅក្នុងកាដ្រង់ទី \(1\) ហើយមុំមានតម្លៃអវិជ្ជមានស្ថិតក្នុងកាដ្រង់ទី \(2\) ។

ក្រាបនៃអនុគមន៍ \(y = \tan^{-1}(x)\) ឬ \(y = \arctan(x)\)

\[\begin{array}{|c|c|}\hline \text{ដែនកំណត់នៃ } \tan x & \text{រ៉ង់}\\ \hline \left(-\frac{\pi}{2}, \frac{\pi}{2}\right) & (-\infty, +\infty)\\ \hline \end{array}\]
\[\begin{array}{|c|c|}\hline \text{ដែនកំណត់នៃ } \arctan x & \text{រ៉ង់}\\ \hline (-\infty, +\infty) & \left(-\frac{\pi}{2}, \frac{\pi}{2}\right)\\ \hline \end{array}\]
ដែនកំណត់អនុគមន៍ច្រាសនៃអនុគមន៍តង់សង់គឺ \((-\infty, +\infty)\) ហើយរ៉ង់គឺ \(\left(-\dfrac{\pi}{2}, \dfrac{\pi}{2}\right)\) ។ អនុគមន៍ច្រាសនៃអនុគមន៍តង់សង់មានតម្លៃក្នុងកាដ្រង់ទី \(1\) និងទី \(4\) ។ ដំណើរការដូចគ្នានេះត្រូវបានប្រើដើម្បីស្វែងរកអនុគមន៍ច្រាសសម្រាប់អនុគមន៍ត្រីកោណមាត្រដែលនៅសេសសល់ ដូចជាអនុគមន៍កូតង់សង់ជាដើម ។ល។

តារាងអនុគមន៍ច្រាសនៃអនុគមន៍ត្រីកោណមាត្រ

\[\begin{array}{|c|c|c|}\hline \text{អនុគមន៍} & \text{ដែនកំណត់} & \text{រ៉ង់}\\ \hline \sin^{-1}(x) & [-1, 1] & \left[-\frac{\pi}{2}, \frac{\pi}{2}\right]\\ \hline \cos^{-1}(x) & [-1, 1] & [0, \pi]\\ \hline \tan^{-1}(x) & (-\infty, +\infty) & \left(-\frac{\pi}{2}, \frac{\pi}{2}\right)\\ \hline \cot^{-1}(x) & (-\infty, +\infty) & (0, \pi)\\ \hline \end{array}\]

លំហាត់គំរូ ២

រកតម្លៃនៃ \(\cos^{-1}\left(-\dfrac{1}{2}\right)\) ។

ដំណោះស្រាយ

តាង \(x = \cos^{-1}\left(-\dfrac{1}{2}\right)\) នាំឱ្យ \(\cos x = -\dfrac{1}{2}\) ។ ដោយរ៉ង់នៃ \(\cos^{-1}x\) គឺ \([0, \pi]\) នោះយើងបានតម្លៃ \(\cos^{-1}\left(-\dfrac{1}{2}\right) = \dfrac{2\pi}{3}\) ។

ប្រតិបត្តិ
  1. រកតម្លៃមុំនៃ \(\cos^{-1}\left(\dfrac{\sqrt{3}}{2}\right)\)

  2. រកតម្លៃមុំនៃ \(\tan^{-1}(1) + \cos^{-1}\left(-\dfrac{1}{2}\right) + \sin^{-1}\left(-\dfrac{1}{2}\right)\)

  3. រកតម្លៃមុំនៃ \(\tan^{-1}(\sqrt{3}) - \cot^{-1}(-\sqrt{3})\) ។

មើលចម្លើយ

ក. \(\dfrac{\pi}{6}\) ខ. \(\dfrac{3\pi}{4}\) គ. \(-\dfrac{\pi}{2}\) ។

លក្ខណៈអនុគមន៍ច្រាសនៃអនុគមន៍ត្រីកោណមាត្រ

លក្ខណៈ
  • \(\sin^{-1}(\sin x) = x\) ចំពោះ \(-\dfrac{\pi}{2} \le x \le \dfrac{\pi}{2}\)

  • \(\cos^{-1}(\cos x) = x\) ចំពោះ \(0 \le x \le \pi\)

  • \(\tan^{-1}(\tan x) = x\) ចំពោះ \(-\dfrac{\pi}{2} < x < \dfrac{\pi}{2}\)

  • \(\sin(\sin^{-1}x) = x\) ចំពោះ \(-1 \le x \le 1\)

  • \(\cos(\cos^{-1}x) = x\) ចំពោះ \(-1 \le x \le 1\)

  • \(\tan(\tan^{-1}x) = x\) ចំពោះ \(x \in \mathbb{R}\)

  • \(\cot^{-1}(\cot x) = x\) ចំពោះ \(x \in (0, \pi)\)

ឧទាហរណ៍
  1. \(\sin(\sin^{-1}0.5) = 0.5\),  \(\sin(\sin^{-1}1.5) \ne 1.5\) ព្រោះ \(-1 \le x \le 1\)

  2. \(\sin^{-1}[\sin(-1.5)] = -1.5\),  \(\sin^{-1}[\sin(-2)] \ne -2\) ព្រោះ \(-\dfrac{\pi}{2} \le x \le \dfrac{\pi}{2}\) ។

☞ ការគណនាដោយមិនចាំបាច់ប្រើម៉ាស៊ីនគិតលេខ

លំហាត់គំរូ ៣

រកតម្លៃនៃ \(\sin^{-1}\left(-\dfrac{1}{2}\right)\) ។

ដំណោះស្រាយ

តាង \(y = \sin^{-1}\left(-\dfrac{1}{2}\right)\)  \(\sin y = \sin\left(\sin^{-1}\left(-\dfrac{1}{2}\right)\right)\) នោះ \(\sin y = -\dfrac{1}{2}\) ដែល \(-\dfrac{\pi}{2} \le y \le \dfrac{\pi}{2}\) តាមតារាងត្រីកោណមាត្រយើងបាន \(y = -\dfrac{\pi}{6} = \sin^{-1}\left(-\dfrac{1}{2}\right)\) ទោះបីជា \(\sin\left(\dfrac{11\pi}{6}\right) = -\dfrac{1}{2}\) ក៏វាមិនមែនជាចម្លើយដែរ ព្រោះ \(y\) នៅក្នុងចន្លោះ \(\left[-\dfrac{\pi}{2}, \dfrac{\pi}{2}\right]\) ។ ដូច្នេះ \(\sin^{-1}\left(-\dfrac{1}{2}\right) = -\dfrac{\pi}{6}\) ។

☞ ការគណនាដោយប្រើម៉ាស៊ីនគិតលេខ

  • មានប្រភេទម៉ាកផ្សេងៗគ្នានៅលើម៉ាស៊ីនគិតលេខ ដូច្នេះសូមអានការណែនាំនៅក្នុងសៀវភៅណែនាំរបស់អ្នកប្រើប្រាស់ ។

  • ត្រូវប្រាកដថាកំណត់ម៉ាស៊ីនគិតលេខនៅលើទម្រង់រ៉ាដ្យង់ ។

  • ប្រសិនបើម៉ាស៊ីនគិតលេខបង្ហាញកំហុស នោះតម្លៃឬលេខដែលប្រើមិនស្ថិតនៅក្នុងដែនកំណត់នៃអនុគមន៍ត្រីកោណមាត្រទេ ។

ឧទាហរណ៍ ១

បើអ្នកចុច \(\sin^{-1}(1.548)\) នៅលើម៉ាស៊ីនគិតលេខរបស់អ្នកឧបករណ៍នឹងបញ្ជាក់ថាមានកំហុស គឺដោយសារតែ \(1.548\) មិនស្ថិតនៅក្នុងដែនកំណត់នៃ \(\sin^{-1}\) ទេ ។

ឧទាហរណ៍ ២
  1. \(\cos(\cos^{-1}0.5) = 0.5\)

  2. \(\cos(\cos^{-1}1.5) \ne 1.5\) ព្រោះ \(-1 \le x \le 1\)

  3. \(\cos^{-1}[\cos(0.5)] = 0.5\)

  4. \(\cos^{-1}[\cos(-2)] \ne -2\) ព្រោះ \(0 \le x \le \pi\) ។

☞ ការគណនាដោយមិនចាំបាច់ប្រើម៉ាស៊ីនគិតលេខ

ឧទាហរណ៍

រកតម្លៃនៃ \(\cos(\cos^{-1}0.6)\) ដោយ \(-1 < 0.6 < 1\) នោះ \(\cos(\cos^{-1}0.6) = 0.6\) ។

លំហាត់គំរូ ៤

រកតម្លៃនៃ \(\arccos\left(-\dfrac{1}{\sqrt{2}}\right)\) ។

ដំណោះស្រាយ

\(\arccos\left(-\dfrac{1}{\sqrt{2}}\right)\) គឺដូចគ្នាទៅនឹង \(\cos y = -\dfrac{1}{\sqrt{2}}\) ដែល \(0 < y < \pi\) ។ តាមតារាងត្រីកោណមាត្រនិងរង្វង់ត្រីកោណមាត្រ គេបាន \(\dfrac{3\pi}{4}\) ជាចម្លើយ នោះគេបាន \(y = \dfrac{3\pi}{4} = \arccos\left(-\dfrac{1}{\sqrt{2}}\right)\) ។

☞ ការគណនាដោយប្រើម៉ាស៊ីនគិតលេខ

ឧទាហរណ៍ ៣

ប្រសិនបើអ្នកចុច \(\cos^{-1}(1.238)\) នៅលើម៉ាស៊ីនគិតលេខរបស់អ្នកឧបករណ៍នឹងបញ្ជាក់ថាមានកំហុស គឺដោយសារតែ \(1.238\) មិនស្ថិតនៅក្នុងដែនកំណត់នៃ \(\cos^{-1}\) ទេ ។

ឧទាហរណ៍ ៤
  1. \(\tan(\tan^{-1}2) = 2\)

  2. \(\tan[\tan^{-1}(-1.5)] = -1.5\)

  3. \(\tan^{-1}[\tan(-0.5)] = -0.5\)

  4. \(\tan^{-1}[\tan(-2)] \ne -2\) ព្រោះ \(-\dfrac{\pi}{2} < x < \dfrac{\pi}{2}\) ។

លំហាត់គំរូ ៥

រកតម្លៃមុំនៃ \(y = \tan^{-1}(\sqrt{3})\) ។

ដំណោះស្រាយ

ដោយ \(\tan^{-1}(\sqrt{3})\) ដូចគ្នាជាមួយនឹង \(\tan y = \sqrt{3}\) ដែល \(-\dfrac{\pi}{2} < y < \dfrac{\pi}{2}\) ។ ដូច្នេះ \(y = \dfrac{\pi}{3} = \tan^{-1}(\sqrt{3})\) ។

លំហាត់គំរូ ៦

រកតម្លៃនៃ \(\tan[\tan^{-1}(56)]\) ។

ដំណោះស្រាយ

ដោយ \(\tan(\tan^{-1}x) = x\) ដែល \(-\infty < x < \infty\) នោះយើងបាន \(\tan[\tan^{-1}(56)] = 56\) ។

ប្រតិបត្តិ
  1. រកតម្លៃនៃ \(\cos^{-1}x\) ចំពោះ \(x = \dfrac{\sqrt{3}}{2}\) ។

  2. រកតម្លៃ \(\tan^{-1}\left(\sin\left(-\dfrac{\pi}{2}\right)\right)\) ។

  3. រកតម្លៃ \(\cos^{-1}\left(\cos\left(\dfrac{13\pi}{6}\right)\right)\) ។

មើលចម្លើយ

ក. \(\dfrac{\pi}{6}\) ខ. \(-\dfrac{\pi}{4}\) គ. \(\dfrac{\pi}{6}\) ។

ទំព័រសៀវភៅដើម

បើកមើលទំព័រសៀវភៅពុម្ព
មេរៀននេះបង្ហាញជាទំព័រពីសៀវភៅពុម្ពគណិតវិទ្យាថ្នាក់ទី ១១ (ថ្នាក់វិទ្យាសាស្ត្រ) ទំព័រ ១២០–១២៧។
ទំព័រ ១២០
ទំព័រ ១២០
ទំព័រ ១២១
ទំព័រ ១២១
ទំព័រ ១២២
ទំព័រ ១២២
ទំព័រ ១២៣
ទំព័រ ១២៣
ទំព័រ ១២៤
ទំព័រ ១២៤
ទំព័រ ១២៥
ទំព័រ ១២៥
ទំព័រ ១២៦
ទំព័រ ១២៦
ទំព័រ ១២៧
ទំព័រ ១២៧

លំហាត់អនុវត្តន៍

១លំហាត់ទី ១

រកតម្លៃនៃ \(\sin^{-1}\left(\sin\left(\dfrac{\pi}{6}\right)\right)\) ។

២លំហាត់ទី ២

រកតម្លៃ \(\sin\left(\cos^{-1}\dfrac{3}{5}\right)\) ។

៣លំហាត់ទី ៣

រកតម្លៃ \(\tan^{-1}\left(\tan\left(\dfrac{9\pi}{8}\right)\right)\) ។

៤លំហាត់ទី ៤

រកតម្លៃ \(\tan(\tan^{-1}(-4))\) ។

៥លំហាត់ទី ៥

រកតម្លៃ \(\sin^{-1}\left(\cos\left(\sin^{-1}\left(\dfrac{\sqrt{3}}{2}\right)\right)\right)\) ។

៦លំហាត់ទី ៦

បង្ហាញថា \(\tan(\cot^{-1}x) = \cot(\tan^{-1}x)\) ។

៧លំហាត់ទី ៧

បង្ហាញថា \(2\sin^{-1}\left(\dfrac{3}{5}\right) - \tan^{-1}\left(\dfrac{17}{31}\right) = \dfrac{\pi}{4}\) ។

៨លំហាត់ទី ៨

បង្ហាញថា \(\cot^{-1}7 + \cot^{-1}8 + \cot^{-1}18 = \cot^{-1}3\) ។

៩លំហាត់ទី ៩

ប្រៀបធៀប \(\tan^{-1}1\) និង \(\tan 1\) ។

១០លំហាត់ទី ១០

រកតម្លៃនៃ \(\sin\left(2\tan^{-1}\left(\dfrac{2}{3}\right)\right) + \cos(\tan^{-1}\sqrt{3})\) ។

១១លំហាត់ទី ១១

ដោះស្រាយសមីការ \(\tan^{-1}\left\{\dfrac{1 - x}{1 + x}\right\} = \left(\dfrac{1}{2}\right)\tan^{-1}x\), \(x > 0\) ។

១២លំហាត់ទី ១២

រកតម្លៃ \(x\) ដែលផ្ទៀងផ្ទាត់សមីការ \(\sin^{-1}x + \sin^{-1}(1 - x) = \cos^{-1}x\) ។

១៣លំហាត់ទី ១៣

ដោះស្រាយសមីការ \(\sin^{-1}6x + \sin^{-1}6\sqrt{3}x = -\dfrac{\pi}{2}\) ។

សំណួរពហុជ្រើសរើស

ជ្រើសរើសចម្លើយត្រឹមត្រូវតែមួយ រួចចុច «ពិនិត្យ»។ ចម្លើយរបស់អ្នកត្រូវបានរក្សាទុកក្នុងកុំព្យូទ័រនេះ។

✎ សំណួរទី ១–១០

✎ សំណួរទី ១១–២០

តេស្តសមត្ថភាព ៖ មេរៀនទី ១១ អនុគមន៍ច្រាសនៃអនុគមន៍ត្រីកោណមាត្រ (វិទ្យាសាស្ត្រ) — ២០ សំណួរ · ៣៥ នាទី

ចាប់ផ្ដើមតេស្ត