1. ទំព័រដើម
  2. ថ្នាក់ទី ១០
  3. មេរៀនទី ១
១
ជំពូកទី ១ ពហុធា · មេរៀនទី ១ · គណិតវិទ្យាថ្នាក់ទី ១០

ពហុធា

ពហុធា៥ ផ្នែកលំហាត់ ៥០សំណួរពហុជ្រើសរើស ៥០
ប្រវត្តិនៃពហុធា និងការវិវត្តពីជគណិត

ពាក្យថា Polynomial (ពហុធា) មានប្រភពពីពាក្យក្រិក poly (ច្រើន) និងឡាតាំង nomen (ឈ្មោះ ឬតួ)។ ពីជគណិតត្រូវបានអភិវឌ្ឍតាំងពីសម័យបុរាណ និងជាពិសេសដោយ Al-Khwarizmi (សតវត្សទី៩)។ ក្រោយមក François Viète និង René Descartes បានបង្កើតនិមិត្តសញ្ញាអក្សរ \(a, b, c\) ជាមេគុណ និង \(x, y, z\) ជាអថេរ ដែលជាគ្រឹះនៃទ្រឹស្តីពហុធា។ ក្នុងប្រវត្តិសាស្ត្រខ្មែរ បុព្វបុរសសម័យអង្គរក៏បានប្រើប្រាស់កន្សោមពីជគណិត និងសមាមាត្រក្នុងការគណនាប្លង់ និងកសាងប្រាសាទអង្គរវត្តយ៉ាងល្អឯក។

មុនចូលមេរៀននេះ ត្រូវចេះអ្វីខ្លះ?

ចំណេះដឹងគ្រឹះពីថ្នាក់ទី៩៖
១. លក្ខណៈបំបែក \(a(b+c) = ab + ac\) ២. ផលសងការ៉េ \((a-b)(a+b) = a^2 - b^2\)
៣. ក្បួនសញ្ញា៖ គុណសញ្ញាដូចគ្នាចេញបូក គុណសញ្ញាខុសគ្នាចេញដក!

សញ្ញាណនៃពហុធា

កន្សោមពីជគណិតដែលកើតចេញពីផលបូក ឬផលដកនៃបណ្តាឯកធា ហៅថា ពហុធា (Polynomial)។ ក្នុងជីវភាពជាក់ស្តែង ឧទាហរណ៍ផ្ទៃក្រឡាចតុកោណកែងដែលមានបណ្តោយ \((x + 4)\text{ m}\) និងទទឹង \(x\text{ m}\) គឺ \(S = x(x + 4) = x^2 + 4x\) ដែលជាទម្រង់នៃពហុធា។

សញ្ញាណទូទៅនៃពហុធា

ពហុធា (Polynomial) អថេរ \(x\) ដឺក្រេ \(n\) គឺជាកន្សោមពីជគណិតដែលមានទម្រង់ទូទៅ ៖

\[P(x) = a_n x^n + a_{n-1} x^{n-1} + \dots + a_1 x + a_0\]
ដែល \(n \in \{0, 1, 2, \dots\}\) ជាចំនួនគត់មិនអវិជ្ជមាន និង \(a_n, a_{n-1}, \dots, a_0\) ជាចំនួនពិត (\(a_n \neq 0\)) ហៅថាមេគុណ។

  • តួ \(a_n x^n, a_{n-1} x^{n-1}, \dots, a_1 x, a_0\) ហៅថា តួនៃពហុធា (Terms) ហើយ \(a_0\) ហៅថា តួថេរ។

  • ឯកធា គឺជាករណីពិសេសនៃពហុធាដែលមានតែមួយតួ។

  • កន្សោមដូចជា \(\frac{1}{x}\), \(\sqrt{x}\), \(2x^{-2}\) មិនមែនជាពហុធាទេ ព្រោះអថេរស្ថិតនៅភាគបែង ឬក្នុងរ៉ាឌីកាល់ ឬមាននិទស្សន្តអវិជ្ជមាន។

ឯកធា

ឧទាហរណ៍

សួនច្បារមួយរាងជាការ៉េដែលមានប្រវែងជ្រុងស្មើនឹង \(x\) ម៉ែត្រ។ បើគេគុណ \(4\) និងប្រវែងជ្រុង \(x\) ម៉ែត្រនោះ គេបាន \(4x\) ម៉ែត្រ ដែលជាបរិមាត្រនៃសួនច្បារនោះ។

រូបភាពនេះកំពុងរៀបចំ

កន្សោម \(4x\), \(2\), \(a\), \(-3b\), \(\sqrt{3}y\), \(\frac{4}{5}x^2\) ដែលប្រមាណវិធីលើអថេរមានតែវិធីគុណឬស្វ័យគុណដែលមាននិទស្សន៍ជាចំនួនគត់វិជ្ជមានឬសូន្យ ហៅថា

ឯកធា។

សម្គាល់ : \(x^{-1}\), \(3y^{-2}\), \(-\sqrt{2}ab^{-3}\), ... មិនមែនជាឯកធាទេ ពីព្រោះស្វ័យគុណមាននិទស្សន៍ជាចំនួនអវិជ្ជមាន។

និយមន័យ

ឯកធា គឺជាកន្សោមពីជគណិតដែលប្រមាណវិធីលើអថេរមានតែវិធីគុណ ឬ ស្វ័យគុណ ដែលមាននិទស្សន៍ជាចំនួនគត់វិជ្ជមាន ឬសូន្យ។

១លំហាត់គំរូ ១

កំណត់អថេរនិងមេគុណនៃឯកធា \(\frac{2}{5}x^3\), \(3ab^2\) និង \(-5\)។

ដំណោះស្រាយ


តួ \(\frac{2}{5}x^3\) ជាឯកធាមានអថេរ \(x\) និងមេគុណ \(\frac{2}{5}\)។
តួ \(3ab^2\) ជាឯកធាមានអថេរ \(a\), \(b\) និងមេគុណ \(3\)។
តួ \(-5\) ជាឯកធាមានមេគុណ \(-5\) (និងសូន្យនៃអថេរ គឺសូន្យ)ព្រោះគេអាចសរសេរ \(-5 = -5x^0\) ដែល \(x \neq 0\)។

ប្រតិបត្តិ

ក្នុងកន្សោមខាងក្រោម តើកន្សោមណាខ្លះដែលជាឯកធា?
\(m\), \(-15\), \(2a+b\), \(\frac{4}{x}\), \(\sqrt{3}x^2y\), \(5xy^{-2}\), \(-\frac{3}{7}xy^4z\), \(\sqrt{xy}\)។

ប្រតិបត្តិ

ចូរបំពេញអថេរ និងមេគុណនៃឯកធាក្នុងតារាងខាងក្រោម៖

ឯកធា អថេរ មេគុណ
\(2y\)
\(\sqrt{2}xy^3\)
\(-\frac{4}{5}abc^2\)

ឯកធាដូចគ្នា

ឧទាហរណ៍
  • កន្សោម \(-2bx^2y\) ជាឯកធាមានផ្នែកអថេរ \(bx^2y\) (អថេរ \(b\), \(x\) និង \(y\))និងមេគុណ \(-2\)។

  • កន្សោម \(\frac{3}{5}bx^2y\) ជាឯកធាមានផ្នែកអថេរ \(bx^2y\) (អថេរ \(b\), \(x\) និង \(y\))និងមេគុណ \(\frac{3}{5}\)។

  • ឯកធាទាំងពីរខាងលើនេះ មានផ្នែកអថេរ \(bx^2y\) ដូចគ្នាហៅថា ឯកធាដូចគ្នា។

និយមន័យ

ឯកធាដូចគ្នា គឺជាឯកធាដែលមានផ្នែកអថេរដូចគ្នា។

២លំហាត់គំរូ ២

តើកន្សោមទាំងពីរខាងក្រោមជាឯកធាដូចគ្នាដែរឬទេ?
ក.  គេឱ្យកន្សោម \(-2xyz^2\) និង \(\frac{1}{2}xyz^2\) ។
ខ.  គេឱ្យកន្សោម \(3xyz\) និង \(-xyz^2\) ។

ដំណោះស្រាយ


ក.  \(-2xyz^2\) និង \(\frac{1}{2}xyz^2\) ជាឯកធាដូចគ្នា ពីព្រោះឯកធាទាំងពីរមានផ្នែកអថេរ \(xyz^2\) ដូចគ្នា ។
ខ.  \(3xyz\) និង \(-xyz^2\) ជាឯកធាមិនដូចគ្នាទេ ពីព្រោះឯកធាទាំងពីរមានផ្នែកអថេរមិនដូចគ្នា ។

ប្រតិបត្តិ

ចូរជ្រើសរើសឯកធាដែលដូចគ្នា ក្នុងឯកធាខាងក្រោម ៖
\(2xy\), \(-3x^2y\), \(-\frac{1}{2}yx\), \(\sqrt{5}yx^2\), \(ay\), \(4ax\) ។

មើលចម្លើយ


ឯកធាដូចគ្នាគឺ ៖ \(2xy\) និង \(-\frac{1}{2}yx\) (ពីព្រោះ \(yx = xy\)) ; \(-3x^2y\) និង \(\sqrt{5}yx^2\) (ពីព្រោះ \(yx^2 = x^2y\)) ។

ដឺក្រេនៃឯកធា

ឧទាហរណ៍
  • ឯកធា \(-2x\) មានដឺក្រេ \(1\) ព្រោះនិទស្សន្តនៃអថេរ \(x\) ស្មើនឹង \(1\)

  • ឯកធា \(3xy\) មានដឺក្រេ \(2\) ព្រោះផលបូកនិទស្សន្តនៃអថេរ \(x\) និង \(y\) គឺ \(1+1=2\)

  • ឯកធា \(ax^2y\) មានដឺក្រេ \(4\) ព្រោះផលបូកនិទស្សន្តនៃអថេរ \(a\), \(x\) និង \(y\) គឺ \(1+2+1=4\) ។

ចំពោះឯកធាដែលមានអថេរច្រើន មានករណីខ្លះគេជ្រើសរើសអថេរមួយចំនួនជាអថេរ ហើយផ្នែកដែលនៅសល់ជាមេគុណនៃឯកធានោះ។

ឧទាហរណ៍

\(-10ax\) ជាឯកធាមានអថេរ \(x\) និងមេគុណ \(-10a\) និង \(\frac{1}{3}mbx^2yz\) ជាឯកធាមានអថេរ \(x\), \(y\), \(z\) និងមេគុណ \(\frac{1}{3}mb\) ។

និយមន័យ

ដឺក្រេនៃឯកធា គឺជាផលបូកនិទស្សន្តរបស់អថេរនីមួយៗនៃឯកធា។

៣លំហាត់គំរូ ៣

កំណត់អថេរ មេគុណ និងដឺក្រេនៃឯកធា \(-10ab^2c\) និង \(-\frac{1}{2}abx^2y^3z\) ។

ដំណោះស្រាយ


កំណត់អថេរ មេគុណ និងដឺក្រេនៃឯកធា

ឯកធា អថេរ មេគុណ ដឺក្រេ
\(-10ab^2c\) \(a\), \(b\) និង \(c\) \(-10\) \(1+2+1 = 4\)
\(-\frac{1}{2}abx^2y^3z\) \(a\), \(b\), \(x\), \(y\) និង \(z\) \(-\frac{1}{2}\) \(1+1+2+3+1 = 8\)
ប្រតិបត្តិ

ចូរបំពេញមេគុណ និងដឺក្រេនៃឯកធាក្នុងតារាងខាងក្រោម៖

ឯកធា អថេរ មេគុណ ដឺក្រេ
\(\frac{1}{2}x\) \(x\)
\(-4ax^2y^3z\) \(x\), \(y\) និង \(z\)
\(10ax^2y^3z^2\) \(x\), \(y\) និង \(z\)
\(\sqrt{2}bc^5d^2\) \(b\), \(c\) និង \(d\)

វិធីបូកនិងដកឯកធា

ឧទាហរណ៍

ផ្ទៃក្រឡានៃចតុកោណកែងនីមួយៗក្នុងរូបទី 1 គឺ \(x\), \(2x\) និង \(3x\) រៀងគ្នា។

រូបទី 2 គឺជាផ្ដុំនៃចតុកោណកែងនីមួយៗក្នុងរូបទី 1 ដែលមានផ្ទៃក្រឡា \(6x\) ។ ដូច្នេះ ផលបូកផ្ទៃក្រឡានៃចតុកោណកែងក្នុងរូបទី 1 ស្មើផ្ទៃក្រឡាចតុកោណកែងក្នុងរូបទី 2។

ដូច្នេះ គេបាន \(x + 2x + 3x = (1 + 2 + 3)x = 6x\) (បូកមេគុណនិងមេគុណ ហើយគុណលទ្ធផលនឹងផ្នែកអថេរ)។

ឧទាហរណ៍

ក.  \(4x - 2x = (4 - 2)x = 2x\)
ខ.  \(x^2 + 3x^2 = (1 + 3)x^2 = 4x^2\) ។

ជាទូទៅ

ដើម្បីគណនាផលបូក ឬផលដកនៃឯកធាដូចគ្នា គេត្រូវធ្វើប្រមាណវិធីបូកឬដកតែផ្នែកមេគុណ រួចយកលទ្ធផលគុណនឹងផ្នែកអថេរ។

៤លំហាត់គំរូ ៤

គណនា \(A = 10x^2y + 5x^2y - x^2y\)

ដំណោះស្រាយ


គណនា \(A = 10x^2y + 5x^2y - x^2y = (10 + 5 - 1)x^2y = 14x^2y\) ។

ប្រតិបត្តិ

គណនា ៖

ក.  \(5x + 7x + x\) ខ.  \(x^2 - 10x^2 + 11x^2\)
គ.  \(8x^2y^2z + 13x^2y^2z - x^2y^2z\) ។
មើលចម្លើយ


ក.  \(13x\) ខ.  \(2x^2\) គ.  \(20x^2y^2z\) ។

វិធីគុណឯកធា

រំលឹក : បើ \(m\) និង \(n\) ជាចំនួនគត់វិជ្ជមាន ហើយ \(a \neq 0\) នោះ គេបាន

រូបមន្ត

1. \(a^m a^n = a^{m+n}\) 2. \((a^m)^n = a^{mn}\)
3. \((ab)^n = a^n b^n\) 4. \(\frac{a^m}{a^n} = a^{m-n}\) ។

ឧទាហរណ៍

ស្រះទឹកមួយរាងជាចតុកោណកែងដែលមានវិមាត្រ \(2x\) និង \(3x\) ។ គេបានផ្ទៃក្រឡានៃស្រះទឹកនេះជាផលគុណរវាង \(2x\) និង \(3x\) គឺ \((2x)(3x) = (2)(x)(3)(x) \leftarrow\) ផ្ដុំមេគុណនិងមេគុណ ហើយអថេរនិងអថេរ ។

រូបភាពនេះកំពុងរៀបចំ

\((2)(3)(x)(x) = 6x^2 \leftarrow\) ធ្វើប្រមាណវិធីគុណមេគុណនិងមេគុណ ហើយអថេរនិងអថេរ។

ជាទូទៅ

ដើម្បីគណនាផលគុណនៃឯកធា គេផ្ដុំមេគុណនិងមេគុណ ផ្នែកអថេរនិងផ្នែកអថេរ រួចធ្វើវិធីគុណនៃមេគុណ និងវិធីគុណនៃផ្នែកអថេរ។

៥លំហាត់គំរូ ៥

គណនា ក.  \((\frac{1}{2}x)(-3x^2)\) ខ.  \((\sqrt{5}x^2y^3)(4xy)\) ។

ដំណោះស្រាយ


ក.  \((\frac{1}{2}x)(-3x^2) = (\frac{1}{2})(-3)(x)(x^2) = -\frac{3}{2}x^3\) ។
ខ.  \((\sqrt{5}x^2y^3)(4xy) = (\sqrt{5})(4)(x^2)(x)(y^3)(y) = 4\sqrt{5}x^3y^4\) ។
ក្នុងការប្រតិបត្តិ គេអាចគណនាដោយខ្លី \((\sqrt{5}x^2y^3)(4xy) = 4\sqrt{5}x^3y^4\) ។

ប្រតិបត្តិ

គណនា ៖

ក.  \((10ab)(a^2b^2)\) ខ.  \((\sqrt{2}xy^5)\left(-\frac{5}{7}x^2y^3\right)\)
គ.  \(\left(-\frac{13}{5}abc^2\right)\left(-\frac{1}{3}a^2bc^5\right)\) ឃ.  \(\left(\frac{\sqrt{5}}{2}x^3y^5z^7\right)(-\sqrt{3}xyz)\) ។
មើលចម្លើយ


ក.  \(10a^3b^3\) ខ.  \(-\frac{5\sqrt{2}}{7}x^3y^8\)
គ.  \(\frac{13}{15}a^3b^2c^7\) ឃ.  \(-\frac{\sqrt{15}}{2}x^4y^6z^8\) ។

វិធីចែកឯកធា

ឧទាហរណ៍

គណនាបណ្តោយនៃស៊ុមរូបថតមួយមានរាងជាចតុកោណកែង គេដឹងថាទទឹងស្មើនឹង \(3x\) ម៉ែត្រ ហើយផ្ទៃក្រឡាស្មើនឹង \(15x^2\) ម៉ែត្រការ៉េ។ ដើម្បីរកបណ្តោយ គេត្រូវធ្វើវិធីចែក \(\frac{15x^2}{3x} = \frac{3 \times 5 \times x \times x}{3 \times x} = 5x\) បណ្តោយនៃចតុកោណកែងស្មើនឹង \(5x\) ម៉ែត្រ។

ជាទូទៅ

ដើម្បីចែកឯកធានិងឯកធា គេត្រូវសរសេរភាគយកនិងភាគបែង ជាផលគុណកត្តា ហើយចែកមេគុណនិងមេគុណ ផ្នែកអថេរនិងអថេរ។

៦លំហាត់គំរូ ៦

គណនា ក.  \(\frac{10ab^2}{5ab}\) ខ.  \(\frac{7x^2yz^2}{4xyz}\) ។

ដំណោះស្រាយ


ក.  \(\frac{10ab^2}{5ab} = \frac{2 \times 5 \times a \times b \times b}{5 \times a \times b} = 2b\)
ខ.  \(\frac{7x^2yz^2}{4xyz} = \frac{7 \times x \times x \times y \times z \times z}{4 \times x \times y \times z} = \frac{7}{4}xz\) ។
សម្គាល់ ៖ ក្នុងការប្រតិបត្តិគេអាចគណនាដោយខ្លី \(\frac{7x^2yz^2}{4xyz} = \frac{7}{4}xz\) ។

ប្រតិបត្តិ

គណនា ៖

ក.  \(\frac{a^2x^2}{10ax^2}\) ខ.  \(\frac{-\sqrt{5}x^7y^2z^3}{4x^2yz}\)
គ.  \(\frac{32a^{10}b^5c^6}{6abc^3}\) ឃ.  \(\frac{-12m^7n^2}{15m^2n}\) ។
មើលចម្លើយ


ក.  \(\frac{a}{10}\) ខ.  \(-\frac{\sqrt{5}}{4}x^5yz^2\)
គ.  \(\frac{16}{3}a^9b^4c^3\) ឃ.  \(-\frac{4}{5}m^5n\) ។

ពហុធា

ឧទាហរណ៍

សួនបន្លែមួយរាងជាចតុកោណកែង ដែលផ្សំដោយការ៉េមានប្រវែងជ្រុង \(x\) ម៉ែត្រ និងចតុកោណកែងដែលមានវិមាត្រ \(x\) ម៉ែត្រ និង \(4\) ម៉ែត្រ។ សួនបន្លែនេះមានផ្ទៃក្រឡាសរុបជាផលបូកផ្ទៃក្រឡានៃការ៉េ \(A\) និងផ្ទៃក្រឡានៃចតុកោណកែង \(B\) ដែលស្មើនឹង \(x^2 + 4x\) ម៉ែត្រការ៉េ។

រូបភាពនេះកំពុងរៀបចំ

កន្សោម \(x^2 + 4x\) ជាផលបូកនៃឯកធា \(x^2\) និង \(4x\) ហៅថា

ពហុធាដែលមាន \(x^2\) និង \(4x\) ជាតួ។

កន្សោម \(\frac{1}{2}x^3 - 5x = \frac{1}{2}x^3 + (-5x)\) ជាផលបូកនៃឯកធា \(\frac{1}{2}x^3\) និង \(-5x\) ហៅថាពហុធាដែលមាន \(\frac{1}{2}x^3\) និង \(-5x\) ជាតួ។

សម្គាល់ : ពហុធាដែលមានមួយតួហៅថាឯកធា ពហុធាដែលមានពីរតួហៅថាទ្វេធា និងពហុធាដែលមានបីតួហៅថាត្រីធា។

ជាទូទៅ

ពហុធា គឺជាផលបូកនៃច្រើនឯកធាខុសគ្នា ហើយឯកធានីមួយៗ នោះហៅថាតួនៃពហុធា។

៧លំហាត់គំរូ ៧

តើពហុធា \(4x - 3\) និង \(-\frac{1}{2}x^3 + 3x - 5\) មួយណាទ្វេធានិងមួយណាជាត្រីធា?

ដំណោះស្រាយ


\(4x - 3\) ជាទ្វេធា និង \(-\frac{1}{2}x^3 + 3x - 5\) ជាត្រីធា។

៨លំហាត់គំរូ ៨

កំណត់អថេរនិងតួនៃពហុធា \(x - 2\), \(\frac{3}{4}x^2 - 2x + 5\) និង \(-x^2y + 3y + 20\) ។

ដំណោះស្រាយ


កំណត់អថេរនិងតួនៃពហុធា

ពហុធា អថេរ តួនៃពហុធា
\(x - 2\) \(x\) \(x\) និង \(-2\)
\(\frac{3}{4}x^2 - 2x + 5\) \(x\) \(\frac{3}{4}x^2\), \(-2x\) និង \(5\)
\(-x^2y + 3y + 20\) \(x\) និង \(y\) \(-x^2y\), \(3y\) និង \(20\)
ប្រតិបត្តិ

១.  ក្នុងកន្សោមខាងក្រោមនេះ តើកន្សោមណាខ្លះជាពហុធា រួចបញ្ជាក់តួនៃពហុធានីមួយៗ?

ក.  \(3x^2 - \dfrac{1}{2}\) ខ.  \(-\dfrac{1}{3x} + 5x^2\)
គ.  \(3x + \sqrt{5}y - 2xy^2\) ឃ.  \(2x^{-2} + 5x\)
ង.  \(\dfrac{m^2 + 5}{m^2 - 4}\) ច.  \(12x^2yz\)
ឆ.  \(8x^4 - 2x + \dfrac{1}{x}\) ជ.  \(2x^{-2}yz^3\) ។

២.  ចូរសរសេរពហុធាដែលតំណាងឱ្យផ្ទៃក្រឡាសរុបនៃផ្ទៃទាំងអស់ក្នុងរូបខាងក្រោម ៖

រូបភាពនេះកំពុងរៀបចំ

មើលចម្លើយ


១.  កន្សោមជាពហុធាមាន ៖ ក.  (តួ ៖ \(3x^2, -\frac{1}{2}\)), គ.  (តួ ៖ \(3x, \sqrt{5}y, -2xy^2\)), ច.  (តួ ៖ \(12x^2yz\)) ។
២.  ផ្ទៃក្រឡាសរុបគឺ \(2x^2 + 3x + 2\) ។

ដឺក្រេនៃពហុធា

ឧទាហរណ៍

\(5x + 3\) មានដឺក្រេខ្ពស់នៃ \(x\) ស្មើ \(1\)
\(x^2 - 3x + 2\) មានដឺក្រេខ្ពស់នៃ \(x\) ស្មើ \(2\)
\(-2x^2 - 5xy^2 + 1\) មានដឺក្រេខ្ពស់ស្មើ \(3\) ចំពោះអថេរ \(x\) និង \(y\) ។

ជាទូទៅ

ដឺក្រេនៃពហុធា គឺជាដឺក្រេរបស់តួដែលមានដឺក្រេខ្ពស់ជាងគេ។

៩លំហាត់គំរូ ៩

កំណត់ដឺក្រេនិងលំដាប់ស្វ័យគុណនៃពហុធា \(-3x + 2\) និង \(1 - 3x + 2x^2\) ។

ដំណោះស្រាយ


ពហុធា \(-3x + 2\) ជាពហុធាដឺក្រេទី \(1\) នៃ \(x\) រៀបតាមលំដាប់ស្វ័យគុណចុះ។
ពហុធា \(1 - 3x + 2x^2\) ជាពហុធាដឺក្រេទី \(2\) នៃ \(x\) រៀបតាមលំដាប់ស្វ័យគុណកើន។

ប្រតិបត្តិ

ចូរបំពេញតារាងខាងក្រោម៖

ពហុធា អថេរ ដឺក្រេ រៀបតាមលំដាប់កើននៃដឺក្រេ រៀបតាមលំដាប់ចុះនៃដឺក្រេ
\(x + 2 - 4x^2\) \(x\)
\(t^3 + 3bt - 2b^2t^2 + b^3\) \(t\)
\(\frac{1}{2}my^2 - 3 + my + \frac{1}{3}y^4\) \(y\)

វិធីបូកនិងវិធីដកពហុធា

ឧទាហរណ៍

គេឱ្យពហុធា \(A = 2x^2 + 4x - 2\) និង \(B = 4x^2 - 3x - 8\) ។ គណនា \(A + B\) ។
\(A + B = (2x^2 + 4x - 2) + (4x^2 - 3x - 8)\)
\(A + B = (2x^2 + 4x^2) + (4x - 3x) + (-2 - 8)\) (បូកឯកធាដូចគ្នា)
\(A + B = 6x^2 + x - 10\) ។

ជាទូទៅ

ដើម្បីបូកឬដកពីរពហុធា គេត្រូវបូកឬដកឯកធាដូចគ្នា។

១០លំហាត់គំរូ ១០

គេឱ្យពហុធា \(M = -3x^2 + x - 5\) និង \(N = 7x^2 - 3x + 1\) ។ គណនា \(M - N\) ។

ដំណោះស្រាយ


គណនា
\(M - N = (-3x^2 + x - 5) - (7x^2 - 3x + 1)\)
\(M - N = (-3x^2 - 7x^2) + (x + 3x) + (-5 - 1)\)
\(M - N = -10x^2 + 4x - 6\) ។

ប្រតិបត្តិ

គណនា \(M + N\) និង \(M - N\) ៖

ក.  \(M = x^2 - 3x + 5\) និង \(N = 2x^2 + x - 2\) ខ.  \(M = 2x^2 + y + 10\) និង \(N = x^2 - 10y + 20\)
គ.  \(M = \dfrac{1}{2}x^2 - 6x + 7\) និង \(N = \dfrac{3}{2}x^2 + 5x - 4\) ។
មើលចម្លើយ


ក.  \(M + N = 3x^2 - 2x + 3\), \(M - N = -x^2 - 4x + 7\)
ខ.  \(M + N = 3x^2 - 9y + 30\), \(M - N = x^2 + 11y - 10\)
គ.  \(M + N = 2x^2 - x + 3\), \(M - N = -x^2 - 11x + 11\) ។

សម្គាល់ វិធីបូកឬដកខាងលើនេះ គេអាចដោះស្រាយតាមរបៀបដូចខាងក្រោម៖

១១លំហាត់គំរូ ១១

គេឱ្យពហុធា \(A = x^4 - 3x^3 + 5x^2 - 3\) និងកន្សោម \(B = 2x^4 - 3x^2 + 4x + 1\) ។
គណនា \(A + B\) និង \(A - B\) ។

ដំណោះស្រាយ


គណនា \(A + B\)

\(x^4 - 3x^3 + 5x^2 \quad{}\;\;\;\; - 3\)
+ \(2x^4 \quad{}\;\;\;\; - 3x^2 + 4x + 1\)
\(3x^4 - 3x^3 + 2x^2 + 4x - 2\)

គណនា \(A - B\)

\(x^4 - 3x^3 + 5x^2 \quad{}\;\;\;\; - 3\)
\(-\) \(2x^4 \quad{}\;\;\;\; - 3x^2 + 4x + 1\)
\(-x^4 - 3x^3 + 8x^2 - 4x - 4\)
ប្រតិបត្តិ

តាមរបៀបដូចខាងលើ គណនា \(A + B\) និង \(A - B\) ៖

ក.  \(A = x^3 + 2\) និង \(B = x^2 + 3x\) ខ.  \(A = x^4 - 3x^2 + 1\) និង \(B = x^5 + 2x^3 + 3x + 2\)
គ.  \(A = x^3 + 3x^2y + 10xy - 4\) និង \(B = x^3 - 3xy\) ។
មើលចម្លើយ


ក.  \(A + B = x^3 + x^2 + 3x + 2\) ; \(A - B = x^3 - x^2 - 3x + 2\)
ខ.  \(A + B = x^5 + x^4 + 2x^3 - 3x^2 + 3x + 3\) ; \(A - B = -x^5 + x^4 - 2x^3 - 3x^2 - 3x - 1\)
គ.  \(A + B = 2x^3 + 3x^2y + 7xy - 4\) ; \(A - B = 3x^2y + 13xy - 4\) ។

ប្រតិបត្តិ

ត្រីកោណមួយមានប្រវែងជ្រុងគឺ \(2x+y\), \(3x+7y\) និង \(4x-y\) ។
គណនាបរិមាត្រនៃត្រីកោណនេះ។

មើលចម្លើយ


\(9x + 7y\) ។

វិធីគុណលើពហុធា

ឧទាហរណ៍

ផ្ទាំងគំនូរមួយរាងចតុកោណកែងដែលមានវិមាត្រ \(2x + 3\) និង \(x\) គិតជាម៉ែត្រ ដូចរូបខាងស្ដាំ។

រូបភាពនេះកំពុងរៀបចំ

តាង \(A\) ជាផ្ទៃក្រឡានៃផ្ទាំងគំនូរ នោះគេបាន \(A = x(2x + 3)\) ។
ម្យ៉ាងទៀតផ្ទាំងគំនូរនេះផ្ដុំដោយចតុកោណកែងពីរដែលមានផ្ទៃក្រឡា \(A_1\) និង \(A_2\) រៀងគ្នា។
គេបាន \(A = A_1 + A_2 = x(2x + 3) = 2x^2 + 3x\)
គុណគ្រប់តួនៃពហុធាទី 1 និងគ្រប់តួនៃពហុធាទី 2 ហើយបានលទ្ធផលបូកចូលគ្នា។
ដូច្នេះ គេបាន \(A = x(2x + 3) = 2x^2 + 3x\) ។

ឧទាហរណ៍

ទិដ្ឋាភាពសាលារៀនមួយមានរាងជាចតុកោណកែងដែលមានវិមាត្រ \(2x + 1\) និង \(x + 2\) គិតជាម៉ែត្រ។
គេបានផ្ទៃក្រឡានៃចតុកោណកែងគឺ

រូបភាពនេះកំពុងរៀបចំ

\((2x + 1)(x + 2) = 2x^2 + 4x + x + 2\) គុណគ្រប់តួនៃពហុធាទី 1 និងគ្រប់តួនៃពហុធាទី 2
\(2x^2 + 4x + x + 2 = 2x^2 + 5x + 2\) បង្រួមផលលទ្ធផល។

ជាទូទៅ

ដើម្បីគុណពហុធានិងពហុធា គណនាតួនីមួយៗនៃពហុធាទី 1 គុណគ្រប់តួនៃពហុធាទី 2 រួចបង្រួមលទ្ធផល។

១២លំហាត់គំរូ ១២

គណនាផលគុណនៃពហុធា \(4x^2\) និង \(2x^3 + xy - 3y^2\)

ដំណោះស្រាយ


\(4x^2(2x^3 + xy - 3y^2) = 4x^2(2x^3) + 4x^2(xy) - 4x^2(3y^2)\)
\(= 8x^{2+3} + 4x^{2+1}y - 12x^2y^2\)
\(= 8x^5 + 4x^3y - 12x^2y^2\) ។

ប្រតិបត្តិ

គណនា ៖

ក.  \((2ab)(-3a^2b^2)^3\) ខ.  \((-x + 4)(\frac{1}{2}x + 3)\)
គ.  \((x^3 + xy - 4y^2)(x + y)\) ។
មើលចម្លើយ


ក.  \(-54a^7b^7\) ខ.  \(-\dfrac{1}{2}x^2 - x + 12\)
គ.  \(x^4 + x^3y + x^2y - 3xy^2 - 4y^3\) ។

សម្គាល់ គេអាចគណនាផលគុណនៃពហុធានៃពហុធាតាមរបៀបដូចខាងក្រោមបានដែរ។

១៣លំហាត់គំរូ ១៣

គណនាផលគុណនៃពហុធា \(1 + x^3 - 6x\) និង \(2x - 3\)

ដំណោះស្រាយ


ជាដំបូង គេត្រូវរៀបពហុធាតាមលំដាប់ដឺក្រេចុះ ឬកើន

\(\times\) \(x^3 - 6x + 1\)
\(2x - 3\)
\(2x^4 \quad{}\;\;\;\; - 12x^2 + 2x\) \(\longleftarrow\) \((x^3 - 6x + 1)(2x)\)
+ \(-3x^3 \quad{}\quad{}\quad{}\;\; + 18x - 3\) \(\longleftarrow\) \((x^3 - 6x + 1)(-3)\)
\(2x^4 - 3x^3 - 12x^2 + 20x - 3\)
ប្រតិបត្តិ

គណនាប្រមាណវិធីគុណខាងក្រោម ៖

ក.  \((2x^2 - 4x + 1)(3x - 4)\) ខ.  \((a^2 - 3a + 5)(a^2 + 4a - 3)\)
គ.  \((-3x + x^2 - 1)(2 + x - 5x^2)\) ឃ.  \((4x + 3)(2x - x^3 - 1)\) ។
មើលចម្លើយ


ក.  \(6x^3 - 20x^2 + 19x - 4\) ខ.  \(a^4 + a^3 - 10a^2 + 29a - 15\)
គ.  \(-5x^4 + 16x^3 + 4x^2 - 7x - 2\) ឃ.  \(-4x^4 - 3x^3 + 8x^2 + 2x - 3\) ។

រូបមន្តពន្លាត

ពន្លាតការ៉េនៃទ្វេធា

  • ពន្លាត \((a + b)^2\)

បើ \(a\) និង \(b\) វិជ្ជមាន។ តាមរូប \((a + b)^2\) គឺជាផ្ទៃក្រឡាការ៉េដែលមានរង្វាស់ជ្រុង \((a + b)\) ហើយផ្ទៃក្រឡានេះស្មើផលបូកផលបូកផ្ទៃក្រឡាផ្នែកតូចៗខាងក្នុង។

រូបភាពនេះកំពុងរៀបចំ

\[\begin{aligned} (a + b)^2 & = a^2 + ab + ba + b^2 = a^2 + 2ab + b^2 \end{aligned}\]
ជាទូទៅ ដូច្នេះ \((a + b)^2 = a^2 + 2ab + b^2\) (1) ។

១៤លំហាត់គំរូ ១៤

ពន្លាត \((x + 1)^2\)

ដំណោះស្រាយ


\((x + 1)^2 = x^2 + 2 \times x \times 1 + 1^2 = x^2 + 2x + 1\) ។

១៥លំហាត់គំរូ ១៥

ពន្លាត \(\left(2x + \frac{3}{2}y\right)^2\)

ដំណោះស្រាយ


\(\left(2x + \frac{3}{2}y\right)^2 = (2x)^2 + 2(2x)\left(\frac{3}{2}y\right) + \left(\frac{3}{2}y\right)^2 = 4x^2 + 6xy + \frac{9}{4}y^2\) ។

ប្រតិបត្តិ

ពន្លាតកន្សោមខាងក្រោម ៖

ក.  \((x + 5)^2\) ខ.  \(\left(\dfrac{1}{2}x + 3\right)^2\)
គ.  \(\left(\dfrac{4}{5}x + \dfrac{y}{2}\right)^2\) ។
  • ពន្លាត \((a - b)^2\)

បើ \(a\) និង \(b\) វិជ្ជមាន ហើយ \(a > b\) ។ តាមរូប

រូបភាពនេះកំពុងរៀបចំ

\((a - b)^2\) គឺជាផ្ទៃក្រឡាការ៉េដែលមានរង្វាស់ជ្រុង \(a - b\) ។ គេបាន

\[\begin{aligned} (a - b)^2 & = a^2 - b(a - b) - ab = a^2 - ab + b^2 - ab \\ & = a^2 - 2ab + b^2 \\ & = (a - b)(a - b) \end{aligned}\]
ដូច្នេះ \((a - b)^2 = a^2 - 2ab + b^2\) (2) ។

១៦លំហាត់គំរូ ១៦

ពន្លាត \((x - 1)^2\) ។

ដំណោះស្រាយ


\((x - 1)^2 = x^2 - 2 \cdot x \cdot 1 + 1^2 = x^2 - 2x + 1\) ។

១៧លំហាត់គំរូ ១៧

ពន្លាត \((\frac{1}{2}x - y)^2\) ។

ដំណោះស្រាយ


\((\frac{1}{2}x - y)^2 = (\frac{1}{2}x)^2 - 2(\frac{1}{2}x)y + y^2 = \frac{1}{4}x^2 - xy + y^2\) ។

ប្រតិបត្តិ

ពន្លាតកន្សោមខាងក្រោម ៖

ក.  \((x - 5)^2\) ខ.  \(\left(\dfrac{3}{2}x - 2y\right)^2\)
គ.  \(\left(\dfrac{4}{5}x - \dfrac{y}{2}\right)^2\) ។
  • ពន្លាត \((a + b)(a - b)\)

បើ \(a\) និង \(b\) វិជ្ជមាន ហើយ \(a > b\) ។ តាមរូបគេបានផ្ទៃក្រឡាចតុកោណកែងផ្នែកពណ៌ខៀវគឺ \((a + b)(a - b)\) ។ ម្យ៉ាងទៀតផ្ទៃក្រឡាដែលនេះស្មើនឹង \(a(a + b) - ab - b^2 = a^2 + ab - ab - b^2\) ។
\(a(a + b)\) ជាផ្ទៃក្រឡាចតុកោណកែងទាំងមូល \(= a^2 - b^2\)

រូបភាពនេះកំពុងរៀបចំ

តាមពន្លាត \((a + b)(a - b) = a^2 - ab + ba - b^2 = a^2 - b^2\)

ដូច្នេះ \((a + b)(a - b) = a^2 - b^2\) (3) ។

១៨លំហាត់គំរូ ១៨

ពន្លាត \((x + 3)(x - 3)\) ។

ដំណោះស្រាយ

\[\begin{aligned} (x + 3)(x - 3) & = x^2 - 3^2 \\ & = x^2 - 9 \text{~។} \end{aligned}\]

១៩លំហាត់គំរូ ១៩

ពន្លាត \((\frac{1}{2}x + 3y)(\frac{1}{2}x - 3y)\) ។

ដំណោះស្រាយ


\((\frac{1}{2}x + 3y)(\frac{1}{2}x - 3y) = (\frac{1}{2}x)^2 - (3y)^2 = \frac{1}{4}x^2 - 9y^2\) ។

ប្រតិបត្តិ

ពន្លាតកន្សោមខាងក្រោម ៖

ក.  \((x - 5)(x + 5)\) ខ.  \(\left(10x + \dfrac{1}{2}y\right)\left(10x - \dfrac{1}{2}y\right)\)
គ.  \(\left(\dfrac{4}{5}x - \dfrac{y}{2}\right)\left(\dfrac{4}{5}x + \dfrac{y}{2}\right)\) ។
  • ពន្លាត \((a + b + c)^2\)

\[\begin{aligned} (a + b + c)^2 & = ((a + b) + c)^2 \\ (a + b + c)^2 & = (a + b)^2 + 2c(a + b) + c^2 \\ (a + b + c)^2 & = a^2 + 2ab + b^2 + 2ac + 2bc + c^2 \\ (a + b + c)^2 & = a^2 + b^2 + c^2 + 2ab + 2bc + 2ac \end{aligned}\]
ដូច្នេះ \((a + b + c)^2 = a^2 + b^2 + c^2 + 2ab + 2bc + 2ac\) (4) ។

២០លំហាត់គំរូ ២០

ពន្លាតកន្សោម \((x + y + 2)^2\)

ដំណោះស្រាយ


\((x + y + 2)^2 = x^2 + y^2 + 2xy + 4x + 4y + 4\) ។

ប្រតិបត្តិ

ពន្លាតកន្សោមខាងក្រោម ៖

ក.  \((3 + a + 2b)^2\) ខ.  \((x^2 + y + z^2)^2\)
គ.  \(\left(\dfrac{1}{2}x^2 + 3y + \dfrac{3}{4}z\right)^2\) ។

ពន្លាតគូបនៃទ្វេធា

  • ពន្លាត \((a + b)^3\)

\[\begin{aligned} (a + b)^3 & = (a + b)(a + b)^2 = (a + b)(a^2 + 2ab + b^2) \\ & = a^3 + 2a^2b + ab^2 + a^2b + 2ab^2 + b^3 \\ & = a^3 + 3a^2b + 3ab^2 + b^3 \end{aligned}\]
ដូច្នេះ \((a + b)^3 = a^3 + 3a^2b + 3ab^2 + b^3\) (5) ។

២១លំហាត់គំរូ ២១

ពន្លាត \((x + 1)^3\) ។

ដំណោះស្រាយ


\((x + 1)^3 = x^3 + 3x^2 + 3x + 1\) ។

ប្រតិបត្តិ

ពន្លាតកន្សោមខាងក្រោម ៖

ក.  \((x + 5)^2\) ខ.  \((x + 3y)^3\)
គ.  \((2x + 5y)^3\) ឃ.  \(\left(\dfrac{1}{2}x^2 + y\right)^2\) ។
  • ពន្លាត \((a - b)^3\)

\[\begin{aligned} (a - b)^3 & = (a - b)(a - b)^2 = (a - b)(a^2 - 2ab + b^2) \\ & = a^3 - 2a^2b + ab^2 - a^2b + 2ab^2 - b^3 \\ & = a^3 - 3a^2b + 3ab^2 - b^3 \end{aligned}\]
ដូច្នេះ \((a - b)^3 = a^3 - 3a^2b + 3ab^2 - b^3\) (6) ។

២២លំហាត់គំរូ ២២

ចូរពន្លាត \((x - 1)^3\) ។

ដំណោះស្រាយ


\((x - 1)^3 = x^3 - 3x^2 + 3x - 1\) ។

ប្រតិបត្តិ

ពន្លាតកន្សោមខាងក្រោម ៖

ក.  \((x - 5)^3\) ខ.  \((2x - 3y)^3\)
គ.  \(\left(\dfrac{1}{2}x^2 - y\right)^3\) ឃ.  \((ab - 3cd)^3\) ។
  • ពន្លាត \((a - b)(a^2 + ab + b^2)\)

\[\begin{aligned} (a - b)(a^2 + ab + b^2) & = a^3 + a^2b + ab^2 - a^2b - ab^2 - b^3 \end{aligned}\]
ដូច្នេះ \((a - b)(a^2 + ab + b^2) = a^3 - b^3\) (7) ។

២៣លំហាត់គំរូ ២៣

ពន្លាត \((x - 1)(x^2 + x + 1)\) ។

ដំណោះស្រាយ


\((x - 1)(x^2 + x + 1) = x^3 - 1\) ។

ប្រតិបត្តិ

ពន្លាតកន្សោមខាងក្រោម ៖

ក.  \((x - 3)(x^2 + 3x + 9)\) ខ.  \((2x - 1)(4x^2 + 2x + 1)\)
គ.  \((\sqrt{2}x - 3y)(2x^2 + 3\sqrt{2}xy + 9y^2)\) ។
មើលចម្លើយ


ក.  \(x^3 - 27\) ខ.  \(8x^3 - 1\)
គ.  \(2\sqrt{2}x^3 - 27y^3\) ។

\(\bullet\) ពន្លាត \((a + b)(a^2 - ab + b^2) = a^3 - a^2b + ab^2 + a^2b - ab^2 + b^3 = a^3 + b^3\)
ដូច្នេះ \((a + b)(a^2 - ab + b^2) = a^3 + b^3\) (8) ។

២៤លំហាត់គំរូ ២៤

ពន្លាត \((x + 1)(x^2 - x + 1)\) ។

ដំណោះស្រាយ


\((x + 1)(x^2 - x + 1) = x^3 + 1\) ។

ប្រតិបត្តិ

ពន្លាតកន្សោមខាងក្រោម ៖

ក.  \((x + 2)(x^2 - 2x + 4)\) ខ.  \((3x + 5)(9x^2 - 15x + 25)\)
គ.  \(\left(\dfrac{1}{4}x + 4y\right)\left(\dfrac{1}{16}x^2 - xy + 16y^2\right)\) ។
មើលចម្លើយ


ក.  \(x^3 + 8\) ខ.  \(27x^3 + 125\)
គ.  \(\dfrac{x^3}{64} + 64y^3\) ។

ការដាក់កន្សោមជាផលគុណកត្តា

ការដាក់កន្សោមជាកត្តារួម

ឧទាហរណ៍

គេឱ្យកន្សោម \(ab + ac - ad\) ។ គេសង្កេតឃើញថា គ្រប់តួនៃកន្សោមនេះមាន \(a\) ដូចគ្នា។ ដូច្នេះ កន្សោម \(ab + ac - ad\) អាចសរសេរជា \(ab + ac - ad = a(b + c - d)\) គេថា គេបានដាក់ \(a\) ជាកត្តារួម រួចកន្សោម \(a(b + c - d)\) ហៅថា

ផលគុណកត្តា ។

ឧទាហរណ៍

តួនីមួយៗនៃកន្សោម \(x(2y - 3) - 2(2y - 3)\) មាន \((2y - 3)\) ដូចគ្នា។ គេអាចដាក់ \((2y - 3)\) ជាកត្តារួម \(x(2y - 3) - 2(2y - 3) = (2y - 3)(x - 2)\) ។

២៥លំហាត់គំរូ ២៥

ដាក់កន្សោម \((3x + 1)(x - 2) + (2 - x)y\) ជាផលគុណកត្តា

ដំណោះស្រាយ

\[\begin{aligned} (3x + 1)(x - 2) + (2 - x)y & = (3x + 1)(x - 2) - (x - 2)y \\ & = (x - 2)(3x + 1 - y) \\ & = (x - 2)(3x - y + 1) \text{~។} \end{aligned}\]

ប្រតិបត្តិ

១.  ដាក់កន្សោមខាងក្រោមជាផលគុណកត្តា ៖

ក.  \(6kp^2 - 21p^2\) ខ.  \(2p^2q - 4pqr\)
គ.  \(24x^3y + 30x^2y^3\) ឃ.  \(a^2bc - ab^2c + abc^2\) ។

២.  ដាក់កន្សោមខាងក្រោមជាផលគុណកត្តា ៖

ក.  \(5x(x - 3) - 4(3 - x)\) ខ.  \(6x - 3xy - 2 + y\)
គ.  \(5x + 10xy + 4 + 8y\) ។
មើលចម្លើយ


១.  ក.  \(3p^2(2k - 7)\) ខ.  \(2pq(p - 2r)\) គ.  \(6x^2y(4x + 5y^2)\) ឃ.  \(abc(a - b + c)\)
២.  ក.  \((x - 3)(5x + 4)\) ខ.  \((2 - y)(3x - 1)\) គ.  \((5x + 4)(2y + 1)\) ។

ការដាក់កន្សោមដឺក្រេទី 2 ជាផលគុណកត្តា

តាមរូបមន្តពន្លាត និងលក្ខណៈឆ្លុះនៃសមភាព \(A = B \Leftrightarrow B = A\) ។ គេបាន

\[\begin{aligned} a^2 + 2ab + b^2 & = (a + b)^2 \quad{} (1) \\ a^2 - 2ab + b^2 & = (a - b)^2 \quad{} (2) \\ a^2 - b^2 & = (a + b)(a - b) \quad{} (3) \text{~។} \end{aligned}\]

២៦លំហាត់គំរូ ២៦

ដាក់ជាផលគុណកត្តាចំពោះកន្សោមខាងក្រោម៖
ក.  \(x^2 + 6x + 9\) ខ.  \(m^2 - 20m + 100\) គ.  \(4p^2q^2 - 9t^2\) ។

ដំណោះស្រាយ


ដាក់ជាផលគុណកត្តា
ក.  \(x^2 + 6x + 9\) ប្រើរូបមន្ត \(a^2 + 2ab + b^2 = (a + b)^2\)
\(x^2 + 6x + 9 = x^2 + 2 \times 3 \times x + 3^2 = (x + 3)^2\) ។
ខ.  \(m^2 - 20m + 100\) ប្រើរូបមន្ត \(a^2 + 2ab + b^2 = (a - b)^2\)
\(m^2 - 20m + 100 = m^2 - 2 \times 10 \times m + 10^2 = (m - 10)^2\) ។
គ.  \(4p^2q^2 - 9t^2\) ប្រើរូបមន្ត \(a^2 - b^2 = (a + b)(a - b)\)
\(4p^2q^2 - 9t^2 = (2pq)^2 - (3t)^2 = (2pq + 3t)(2pq - 3t)\) ។

ប្រតិបត្តិ

ដាក់កន្សោមខាងក្រោមជាផលគុណកត្តា ៖

ក.  \(x^2 + 10x + 25\) ខ.  \(a^2b^2 + 4abc + 4c^2\)
គ.  \(y^2 - 16y + 64\) ឃ.  \(4m^2 - 20mn + 25n^2\)
ង.  \(81x^2 - 64y^2\) ច.  \(144a^2b^2 - 169c^2\) ។
មើលចម្លើយ


ក.  \((x + 5)^2\) ខ.  \((ab + 2c)^2\)
គ.  \((y - 8)^2\) ឃ.  \((2m - 5n)^2\)
ង.  \((9x - 8y)(9x + 8y)\) ច.  \((12ab - 13c)(12ab + 13c)\) ។
២៧លំហាត់គំរូ ២៧

ដាក់ជាផលគុណកត្តានៃកន្សោមដែលមានរាង \(x^2 + (a + b)x + ab\) ។

ដំណោះស្រាយ

\[\begin{aligned} x^2 + (a + b)x + ab & = x^2 + ax + bx + ab \\ & = (x^2 + ax) + (bx + ab) \\ & = x(x + a) + b(x + a) \\ & = (x + a)(x + b) \text{~។} \end{aligned}\]
ដូច្នេះ \(x^2 + (a + b)x + ab = (x + a)(x + b)\) (4) ។

ប្រតិបត្តិ

ដាក់កន្សោមខាងក្រោមជាផលគុណកត្តា ៖

ក.  \(x^2 + 8x + 12\) ខ.  \(y^2 - 10y + 24\)
គ.  \(m^2 - 12m + 32\) ។
មើលចម្លើយ


ក.  \((x + 6)(x + 2)\) ខ.  \((y - 4)(y - 6)\)
គ.  \((m - 4)(m - 8)\) ។
ប្រតិបត្តិ

បំពេញចំនួនគត់វិជ្ជមានក្នុងចន្លោះ ដើម្បីឱ្យកន្សោមនីមួយៗមានទម្រង់ជាការ៉េនៃទ្វេធាដឺក្រេទី 1 ។

ក.  \(x^2 + 4x + \dots\) ខ.  \(x^2 - 6x + \dots\)
គ.  \(a^2 + \dots a + 1\) ឃ.  \(4a^2 - \dots a + 9\) ។
មើលចម្លើយ


ក.  \(4\) ខ.  \(9\)
គ.  \(2\) ឃ.  \(12\) ។

ការដាក់កន្សោម \(acx^2 + (ad + bc)x + bd\) ជាផលគុណកត្តា

គេអាចសរសេរ

\[\begin{aligned} acx^2 + (ad + bc)x + bd & = acx^2 + adx + bcx + bd \\ & = (acx^2 + adx) + (bcx + bd) \\ & = ax(cx + d) + b(cx + d) \\ & = (cx + d)(ax + b) \end{aligned}\]
ដូច្នេះ គេបានរូបមន្ត \(acx^2 + (ad + bc)x + bd = (ax + b)(cx + d)\) (6) ។

២៨លំហាត់គំរូ ២៨

ដាក់ជាកត្តានូវកន្សោមខាងក្រោម ដោយប្រើរូបមន្ត (6)
ក.  \(6x^2 - 13x - 15\) ខ.  \(12x^2 - 25xy + 12y^2\) ។

ដំណោះស្រាយ


ក.  តាង \(a\), \(b\), \(c\) និង \(d\) ជាបួនចំនួនផ្ទៀងផ្ទាត់សមីការខាងក្រោម៖
គេបាន \(\left.\begin{matrix} ac = 6 \\ bd = -15 \end{matrix}\right\}\) (1)

\(ac\) \(bd\) \(ad+bc\)
\(a\) \(b\) \(\xrightarrow{ }\) \(bc\)
\(\times\)
\(c\) \(d\) \(\xrightarrow{ }\) \(ad\)
\(ad+bc\)

រកតម្លៃដែលផ្ទៀងផ្ទាត់ផងដែរចំពោះសមីការ \(ad + bc = -13\) (2)

ការគណនាដែលបង្ហាញខាងស្ដាំគេថាសមីការ (1) និង (2) គឺផ្ទៀងផ្ទាត់ដោយ \(a = 6\), \(b = 5\), \(c = 1\), \(d = -3\) ។

\(6\) \(-15\) \(-13\)
\(6\) \(5\) \(\xrightarrow{ }\) \(5\)
\(\times\)
\(1\) \(-3\) \(\xrightarrow{ }\) \(-18\)
\(-13\)

ដូច្នេះ \(6x^2 - 13x - 15 = (6x + 5)(x - 3)\) ។

ខ.  គេឱ្យ \(12x^2 - 25xy + 12y^2\) គឺជាកន្សោមដឺក្រេទី 2 នៃ \(x\) ហើយការគណនាដូចបង្ហាញខាងស្ដាំ។

\(12\) \(12y^2\) \(-25y\)
\(3\) \(-4y\) \(\xrightarrow{ }\) \(-16y\)
\(\times\)
\(4\) \(-3y\) \(\xrightarrow{ }\) \(-9y\)
\(-25y\)

ដូច្នេះ \(12x^2 - 25xy + 12y^2 = (3x - 4y)(4x - 3y)\) ។

ប្រតិបត្តិ

ដាក់ផលគុណកត្តានៃកន្សោមខាងក្រោម ៖

ក.  \(2x^2 + 3x + 1\) ខ.  \(2x^2 - 13x + 6\)
គ.  \(-3a^2 + 5a + 2\) ឃ.  \(6p^2 - 4pq - 16q^2\)
ង.  \(8x^2 - 26xy + 15y^2\) ច.  \(-35x^2 - 16xy + 12y^2\) ។
មើលចម្លើយ


ក.  \((2x + 1)(x + 1)\) ខ.  \((2x - 1)(x - 6)\)
គ.  \((3a + 1)(2 - a)\) ឃ.  \((3p + 4q)(2p - 4q)\)
ង.  \((2x - 5y)(4x - 3y)\) ច.  \((7x + 6y)(2y - 5x)\) ។

ការដាក់កន្សោមដឺក្រេទី 3 ជាផលគុណកត្តា

រូបមន្តផលបូកនិងផលដកនៃគូប។ តាមរូបមន្តពន្លាតនិងលក្ខណៈឆ្លុះនៃសមភាព \(A = B \Rightarrow B = A\) ។ គេបាន

\[\begin{aligned} a^3 + b^3 & = (a + b)(a^2 - ab + b^2) \quad{} (7) \\ a^3 - b^3 & = (a - b)(a^2 + ab + b^2) \quad{} (8) \text{~។} \end{aligned}\]

២៩លំហាត់គំរូ ២៩

ដាក់កន្សោមខាងក្រោមជាផលគុណកត្តា
ក.  \(x^3 + 27\) ខ.  \(8a^3 - 1\) ។

ដំណោះស្រាយ


ក.  \(x^3 + 27 = x^3 + 3^3 = (x + 3)(x^2 - 3x + 9)\) ។
ខ.  \(8a^3 - 1 = (2a)^3 - 1^3 = (2a - 1)(4a^2 + 2a + 1)\) ។

ប្រតិបត្តិ

ដាក់កន្សោមខាងក្រោមជាផលគុណកត្តា ៖

ក.  \(a^3 + 27\) ខ.  \(64x^3 + 125\)
គ.  \(8p^3 - 125q^3\) ឃ.  \(1000n^3 - \dfrac{1}{8}p^3\) ។
មើលចម្លើយ


ក.  \((a + 3)(a^2 - 3a + 9)\) ខ.  \((4x + 5)(16x^2 - 20x + 25)\)
គ.  \((2p - 5q)(4p^2 + 10pq + 25q^2)\) ឃ.  \(\left(10n - \dfrac{1}{2}p\right)\left(100n^2 + 5np + \dfrac{1}{4}p^2\right)\) ។

របៀបផ្សេងៗទៀតក្នុងការដាក់កន្សោមជាផលគុណកត្តា

ឧទាហរណ៍

ដាក់ជាកន្សោម \(2x^2 - 5xy - 3y^2 + 3x + 5y - 2\) ជាផលគុណកត្តា។

ដោយរៀបតាមដឺក្រេលំដាប់ចុះនៃ \(x\) គេបាន
\(2x^2 - (5y - 3)x - (3y^2 - 5y + 2) = 2x^2 - (5y - 3)x - (y - 1)(3y - 2)\) ។

\(2\) \(-(y - 1)(3y - 2)\) \(-(5y - 3)\)
\(2\) \(y - 1\) \(\xrightarrow{ }\) \(y - 1\)
\(\times\)
\(1\) \(-(3y - 2)\) \(\xrightarrow{ }\) \(-6y + 4\)
\(-(5y - 3)\)

តាមលទ្ធផលខាងលើនេះ គេបាន \(2x^2 - (5y - 3)x - (3y^2 - 5y + 2) = \{2x + (y - 1)\}\{x - (3y - 2)\} = (2x + y - 1)(x - 3y + 2)\) ។

ប្រតិបត្តិ

ចូរដាក់កន្សោមខាងក្រោមជាផលគុណកត្តា ៖

ក.  \(x^2 + 3xy + 2y^2 + x - y - 6\) ខ.  \(2x^2 - 3xy - 2y^2 + x + 3y - 1\) ។
មើលចម្លើយ


ក.  \((x + y - 2)(x + 2y + 3)\) ខ.  \((x - 2y + 1)(2x + y - 1)\) ។

៣០លំហាត់គំរូ ៣០

ដាក់កន្សោមខាងក្រោមជាផលគុណកត្តា ក.  \(x^4 - 13x^2 + 36\) ខ.  \((x^2 + x + 2)(x^2 + x - 3) - 6\) ។

ដំណោះស្រាយ


ក.  \(x^4 - 13x^2 + 36 = (X - 9)(X - 4) = (x^2 - 9)(x^2 - 4) = (x + 3)(x - 3)(x + 2)(x - 2)\) ។
ខ.  តាង \(X = x^2 + x\) គេបាន \((X + 2)(X - 3) - 6 = X^2 - X - 12 = (x^2 + x + 3)(x^2 + x - 4)\) ។

ប្រតិបត្តិ

ដាក់កន្សោមខាងក្រោមជាផលគុណកត្តា ៖

ក.  \((x - y)^2 - 4(x - y) + 4\) ខ.  \((a + 1)^3 + (a - 1)^3\)
គ.  \(x^4 + x^2y^2 - 2y^4\) ។
មើលចម្លើយ


ក.  \((x - y - 2)^2\) ខ.  \(2a(a^2 + 3)\) គ.  \((x - y)(x + y)(x^2 + 2y^2)\) ។

ប្រតិបត្តិ

ដាក់កន្សោមខាងក្រោមជាផលគុណកត្តា ៖

ក.  \(x^2 + 3y + xy + 3x\) ខ.  \(ab - bc - ac + c^2\)
គ.  \(ax - kx - ah + kh\) ឃ.  \(20ac - 4ad - 15kc + 3kd\)
ង.  \(6a^2 + 3ab - 8ka - 4kb\) ។
មើលចម្លើយ


ក.  \((x + 3)(x + y)\) ខ.  \((a - c)(b - c)\)
គ.  \((a - k)(x - h)\) ឃ.  \((5c - d)(4a - 3k)\)
ង.  \((2a + b)(3a - 4k)\) ។

លំហាត់អនុវត្តន៍

១លំហាត់ទី ១

កំណត់មេគុណ អថេរ និងដឺក្រេនៃឯកធានីមួយៗខាងក្រោម ៖

  1. \(3x^2y^3\)

  2. \(-5a^4b\)

  3. \(\dfrac{2}{3}x^5\)

  4. \(-7xy\)

មើលដំណោះស្រាយ

កំណត់មេគុណ អថេរ និងដឺក្រេនៃឯកធានីមួយៗ ៖

  • \(3x^2y^3\) ៖ មេគុណស្មើ \(3\), អថេរគឺ \(x\) និង \(y\), ដឺក្រេស្មើផលបូកនិទស្សន្ត \(2+3 = 5\)។

  • \(-5a^4b\) ៖ មេគុណស្មើ \(-5\), អថេរគឺ \(a\) និង \(b\), ដឺក្រេស្មើផលបូកនិទស្សន្ត \(4+1 = 5\)។

  • \(\dfrac{2}{3}x^5\) ៖ មេគុណស្មើ \(\dfrac{2}{3}\), អថេរគឺ \(x\), ដឺក្រេស្មើ \(5\)។

  • \(-7xy\) ៖ មេគុណស្មើ \(-7\), អថេរគឺ \(x\) និង \(y\), ដឺក្រេស្មើ \(1+1 = 2\)។

២លំហាត់ទី ២

គណនាផលគុណនៃឯកធាខាងក្រោម ៖

  1. \((2x^2y)(-3xy^3)\)

  2. \((-4a^3b^2)\left(-\dfrac{1}{2}ab^4\right)\)

  3. \((5x^2)(2xy)\left(-\dfrac{1}{10}y^2\right)\)

មើលដំណោះស្រាយ

គណនាផលគុណនៃឯកធាដោយគុណមេគុណនឹងមេគុណ និងផ្នែកអថេរនឹងផ្នែកអថេរ ៖

  • a. \((2x^2y)(-3xy^3) = [2(-3)] \cdot (x^2 \cdot x) \cdot (y \cdot y^3) = -6x^{2+1}y^{1+3} = -6x^3y^4\)

  • b. \((-4a^3b^2)\left(-\dfrac{1}{2}ab^4\right) = \left[(-4)\left(-\dfrac{1}{2}\right)\right] \cdot (a^3 \cdot a) \cdot (b^2 \cdot b^4) = 2a^{3+1}b^{2+4} = 2a^4b^6\)

  • c. \((5x^2)(2xy)\left(-\dfrac{1}{10}y^2\right) = \left[5 \cdot 2 \cdot \left(-\dfrac{1}{10}\right)\right] \cdot (x^2 \cdot x) \cdot (y \cdot y^2) = -1 \cdot x^3y^3 = -x^3y^3\)

៣លំហាត់ទី ៣

គណនាស្វ័យគុណនៃឯកធាខាងក្រោម ៖

  1. \((-3x^2y)^3\)

  2. \((2a^3b^2)^4\)

  3. \(\left(-\dfrac{1}{2}xy^3\right)^2\)

មើលដំណោះស្រាយ

គណនាស្វ័យគុណនៃឯកធាតាមរូបមន្ត \((ab)^n = a^n b^n\) និង \((a^m)^n = a^{mn}\) ៖

  • a. \((-3x^2y)^3 = (-3)^3 \cdot (x^2)^3 \cdot y^3 = -27x^6y^3\)

  • b. \((2a^3b^2)^4 = 2^4 \cdot (a^3)^4 \cdot (b^2)^4 = 16a^{12}b^8\)

  • c. \(\left(-\dfrac{1}{2}xy^3\right)^2 = \left(-\dfrac{1}{2}\right)^2 \cdot x^2 \cdot (y^3)^2 = \dfrac{1}{4}x^2y^6\)

៤លំហាត់ទី ៤

សម្រួលកន្សោមដោយបូក និងដកឯកធាដូចគ្នា ៖

  1. \(7x^2y - 12x^2y + 8x^2y\)

  2. \(5ab^2 - 3ab^2 - 7ab^2 + 4ab^2\)

មើលដំណោះស្រាយ

សម្រួលកន្សោមដោយបូកដកឯកធាដូចគ្នា (រក្សាផ្នែកអថេរទុក រួចគណនាផលបូកមេគុណ) ៖

  • a. \(7x^2y - 12x^2y + 8x^2y = (7 - 12 + 8)x^2y = 3x^2y\)

  • b. \(5ab^2 - 3ab^2 - 7ab^2 + 4ab^2 = (5 - 3 - 7 + 4)ab^2 = -ab^2\)

៥លំហាត់ទី ៥

គណនាតម្លៃនៃឯកធា \(M = -4x^3y^2\) ចំពោះ \(x = -1\) និង \(y = 2\)។

មើលដំណោះស្រាយ

ជំនួស \(x = -1\) និង \(y = 2\) ចូលក្នុងកន្សោម \(M = -4x^3y^2\) ៖

\[\begin{aligned} M &= -4(-1)^3(2)^2 \\ &= -4(-1)(4) \\ &= 4 \times 4 = 16 \end{aligned}\]
ដូចនេះ តម្លៃនៃឯកធាគឺ \(M = 16\)។

៦លំហាត់ទី ៦

កំណត់ដឺក្រេនៃពហុធាខាងក្រោម ៖

  1. \(P(x) = 5x^4 - 3x^2 + 7x - 9\)

  2. \(Q(x,y) = 2x^3y^2 - 5x^2y^4 + 8xy\)

មើលដំណោះស្រាយ

កំណត់ដឺក្រេនៃពហុធា ៖

  • a. \(P(x) = 5x^4 - 3x^2 + 7x - 9\) ៖ ជាពហុធាមួយអថេរ \(x\) ដែលមាននិទស្សន្តធំបំផុតគឺ \(4\) លើតួ \(5x^4\)។ ដូចនេះ ដឺក្រេនៃ \(P(x)\) គឺ \(4\)។

  • b. \(Q(x,y) = 2x^3y^2 - 5x^2y^4 + 8xy\) ៖ ដឺក្រេនៃតួនីមួយៗគឺ ៖ - តួ \(2x^3y^2\) មានដឺក្រេ \(3+2 = 5\) - តួ \(-5x^2y^4\) មានដឺក្រេ \(2+4 = 6\) - តួ \(8xy\) មានដឺក្រេ \(1+1 = 2\) ដោយ \(6\) ធំជាងគេ ដូចនេះ ដឺក្រេនៃពហុធា \(Q(x,y)\) គឺ \(6\)។

៧លំហាត់ទី ៧

រៀបចំតួនៃពហុធាខាងក្រោមតាមលំដាប់ស្វ័យគុណចុះនៃ \(x\) ៖

\[A(x) = 3x - 5x^3 + 7 - 2x^4 + x^2\]

មើលដំណោះស្រាយ

ពហុធា \(A(x) = 3x - 5x^3 + 7 - 2x^4 + x^2\) មានដឺក្រេនៃតួនីមួយៗគឺ \(4, 3, 2, 1, 0\)។ រៀបចំតាមលំដាប់ស្វ័យគុណចុះនៃ \(x\) ៖

\[A(x) = -2x^4 - 5x^3 + x^2 + 3x + 7\]

៨លំហាត់ទី ៨

រៀបចំតួនៃពហុធាខាងក្រោមតាមលំដាប់ស្វ័យគុណឡើងនៃ \(x\) ៖

\[B(x) = 4x^3 - 8 + 2x - x^5\]

មើលដំណោះស្រាយ

ពហុធា \(B(x) = 4x^3 - 8 + 2x - x^5\) មានតួតាមដឺក្រេគឺ \(0, 1, 3, 5\)។ រៀបចំតាមលំដាប់ស្វ័យគុណឡើងនៃ \(x\) ៖

\[B(x) = -8 + 2x + 4x^3 - x^5\]

៩លំហាត់ទី ៩

គណនាតម្លៃនៃពហុធា \(P(x) = 2x^3 - 5x^2 + 3x - 4\) ចំពោះ ៖

  1. \(x = 2\)

  2. \(x = -1\)

មើលដំណោះស្រាយ

គណនាតម្លៃនៃពហុធា \(P(x) = 2x^3 - 5x^2 + 3x - 4\) ៖

  • a. ចំពោះ \(x = 2\) ៖

    \[\begin{aligned} P(2) &= 2(2)^3 - 5(2)^2 + 3(2) - 4 \\ &= 2(8) - 5(4) + 6 - 4 \\ &= 16 - 20 + 6 - 4 = -2 \end{aligned}\]

  • b. ចំពោះ \(x = -1\) ៖

    \[\begin{aligned} P(-1) &= 2(-1)^3 - 5(-1)^2 + 3(-1) - 4 \\ &= 2(-1) - 5(1) - 3 - 4 \\ &= -2 - 5 - 3 - 4 = -14 \end{aligned}\]

១០លំហាត់ទី ១០

រកតម្លៃមេគុណ \(a\) និង \(b\) ដើម្បីឱ្យពហុធា \(P(x) = (a-2)x^3 + (b+1)x^2 + 5x - 7\) ជាពហុធាដឺក្រេទី ១។

មើលដំណោះស្រាយ

ពហុធា \(P(x) = (a-2)x^3 + (b+1)x^2 + 5x - 7\)។ ដើម្បីឱ្យ \(P(x)\) ជាពហុធាដឺក្រេទី ១ លុះត្រាតែមេគុណនៃតួដែលមានដឺក្រេធំជាង ១ ត្រូវស្មើ \(0\) (មេគុណ \(x^3\) និង \(x^2\) ស្មើ \(0\)) ហើយមេគុណនៃ \(x\) គឺ \(5 \neq 0\) (ពិតជានិច្ច) ៖

\[\begin{aligned} \begin{cases} a - 2 = 0 \implies a = 2 \\ b + 1 = 0 \implies b = -1 \end{cases} \end{aligned}\]
ដូចនេះ តម្លៃដែលត្រូវរកគឺ \(a = 2\) និង \(b = -1\)។

១១លំហាត់ទី ១១

គេឱ្យពហុធា \(A = 3x^2 - 4x + 5\) និង \(B = 2x^2 + 5x - 7\)។ គណនា ៖

  1. \(A + B\)

  2. \(A - B\)

មើលដំណោះស្រាយ

គេមាន \(A = 3x^2 - 4x + 5\) និង \(B = 2x^2 + 5x - 7\) ៖

  • a. គណនា \(A + B\) ៖

    \[\begin{aligned} A + B &= (3x^2 - 4x + 5) + (2x^2 + 5x - 7) \\ &= (3 + 2)x^2 + (-4 + 5)x + (5 - 7) \\ &= 5x^2 + x - 2 \end{aligned}\]

  • b. គណនា \(A - B\) ៖

    \[\begin{aligned} A - B &= (3x^2 - 4x + 5) - (2x^2 + 5x - 7) \\ &= 3x^2 - 4x + 5 - 2x^2 - 5x + 7 \\ &= (3 - 2)x^2 + (-4 - 5)x + (5 + 7) \\ &= x^2 - 9x + 12 \end{aligned}\]

១២លំហាត់ទី ១២

គេឱ្យពហុធា \(P = 4x^3 - 2x^2 + x - 3\) និង \(Q = -x^3 + 5x^2 - 4x + 6\)។ គណនា ៖

  1. \(P + Q\)

  2. \(P - Q\)

មើលដំណោះស្រាយ

គេមាន \(P = 4x^3 - 2x^2 + x - 3\) និង \(Q = -x^3 + 5x^2 - 4x + 6\) ៖

  • a. គណនា \(P + Q\) ៖

    \[\begin{aligned} P + Q &= (4x^3 - 2x^2 + x - 3) \\ &\quad{} + (-x^3 + 5x^2 - 4x + 6) \\ &= 3x^3 + 3x^2 - 3x + 3 \end{aligned}\]

  • b. គណនា \(P - Q\) ៖

    \[\begin{aligned} P - Q &= (4x^3 - 2x^2 + x - 3) \\ &\quad{} - (-x^3 + 5x^2 - 4x + 6) \\ &= 4x^3 - 2x^2 + x - 3 + x^3 - 5x^2 + 4x - 6 \\ &= 5x^3 - 7x^2 + 5x - 9 \end{aligned}\]

១៣លំហាត់ទី ១៣

គេឱ្យពហុធា \(A = x^2 + xy - 3y^2\), \(B = 2x^2 - xy + 4y^2\) និង \(C = -3x^2 + 5y^2\)។ គណនា ៖

\[A - B + C\]

មើលដំណោះស្រាយ

ជំនួស \(A = x^2 + xy - 3y^2\), \(B = 2x^2 - xy + 4y^2\), \(C = -3x^2 + 5y^2\) ចូល ៖

\[\begin{aligned} A - B + C &= (x^2 + xy - 3y^2) - (2x^2 - xy + 4y^2) \\ &\quad{} + (-3x^2 + 5y^2) \\ &= x^2 + xy - 3y^2 - 2x^2 \\ &\quad{} + xy - 4y^2 - 3x^2 + 5y^2 \\ &= -4x^2 + 2xy - 2y^2 \end{aligned}\]

១៤លំហាត់ទី ១៤

យោងតាមពហុធាក្នុងលំហាត់ទី ១៣ គណនា ៖

\[A - 2B + 3C\]

មើលដំណោះស្រាយ

គណនា \(A - 2B + 3C\) ៖

\[\begin{aligned} &A - 2B + 3C \\ &= (x^2 + xy - 3y^2) - 2(2x^2 - xy + 4y^2) \\ &\quad{} + 3(-3x^2 + 5y^2) \\ &= x^2 + xy - 3y^2 - 4x^2 \\ &\quad{} + 2xy - 8y^2 - 9x^2 + 15y^2 \\ &= -12x^2 + 3xy + 4y^2 \end{aligned}\]

១៥លំហាត់ទី ១៥

យោងតាមពហុធាក្នុងលំហាត់ទី ១៣ គណនា ៖

\[3(-A + B) + 2C\]

មើលដំណោះស្រាយ

គណនា \(3(-A + B) + 2C\) ៖

\[\begin{aligned} &3(-A + B) + 2C \\ &= 3[-(x^2 + xy - 3y^2) + (2x^2 - xy + 4y^2)] \\ &\quad{} + 2(-3x^2 + 5y^2) \\ &= 3(x^2 - 2xy + 7y^2) - 6x^2 + 10y^2 \\ &= 3x^2 - 6xy + 21y^2 - 6x^2 + 10y^2 \\ &= -3x^2 - 6xy + 31y^2 \end{aligned}\]

១៦លំហាត់ទី ១៦

រកពហុធា \(X\) បើដឹងថា \(X + (2x^2 - 3x + 1) = 5x^2 + 4x - 6\)។

មើលដំណោះស្រាយ

តាមសមភាព \(X + (2x^2 - 3x + 1) = 5x^2 + 4x - 6\) គេទាញបាន ៖

\[\begin{aligned} X &= (5x^2 + 4x - 6) - (2x^2 - 3x + 1) \\ &= 5x^2 + 4x - 6 - 2x^2 + 3x - 1 \\ &= (5 - 2)x^2 + (4 + 3)x + (-6 - 1) \\ &= 3x^2 + 7x - 7 \end{aligned}\]
ដូចនេះ ពហុធាដែលត្រូវរកគឺ \(X = 3x^2 + 7x - 7\)។

១៧លំហាត់ទី ១៧

រកពហុធា \(Y\) បើដឹងថា \((3x^3 - 5x^2 + 7) - Y = x^3 + 2x^2 - 4x + 3\)។

មើលដំណោះស្រាយ

តាមសមភាព \((3x^3 - 5x^2 + 7) - Y = x^3 + 2x^2 - 4x + 3\) គេទាញបាន ៖

\[\begin{aligned} Y &= (3x^3 - 5x^2 + 7) - (x^3 + 2x^2 - 4x + 3) \\ &= 3x^3 - 5x^2 + 7 - x^3 - 2x^2 + 4x - 3 \\ &= (3 - 1)x^3 + (-5 - 2)x^2 + 4x + (7 - 3) \\ &= 2x^3 - 7x^2 + 4x + 4 \end{aligned}\]
ដូចនេះ ពហុធាដែលត្រូវរកគឺ \(Y = 2x^3 - 7x^2 + 4x + 4\)។

១៨លំហាត់ទី ១៨

សម្រួលកន្សោមពហុធាខាងក្រោម ៖

\[(5x^2 - 3xy + y^2) - (2x^2 + 4xy - 3y^2) + (x^2 - xy + 2y^2)\]

មើលដំណោះស្រាយ

បំបាត់វង់ក្រចក រួចផ្គុំតួដូចគ្នា ៖

\[\begin{aligned} &(5x^2 - 3xy + y^2) - (2x^2 + 4xy - 3y^2) \\ &\quad{} + (x^2 - xy + 2y^2) \\ &= 5x^2 - 3xy + y^2 - 2x^2 - 4xy + 3y^2 \\ &\quad{} + x^2 - xy + 2y^2 \\ &= 4x^2 - 8xy + 6y^2 \end{aligned}\]

១៩លំហាត់ទី ១៩

គណនាផលគុណឯកធានឹងពហុធាខាងក្រោម ៖

  1. \(2x(3x^2 - 5x + 4)\)

  2. \(-3ab(2a^2 - 4ab + b^2)\)

មើលដំណោះស្រាយ

គណនាផលគុណឯកធានឹងពហុធា ៖

  • a. គុណពង្រាយ \(2x(3x^2 - 5x + 4)\) ៖

    \[\begin{aligned} 2x(3x^2 - 5x + 4) &= 2x \cdot 3x^2 - 2x \cdot 5x + 2x \cdot 4 \\ &= 6x^3 - 10x^2 + 8x \end{aligned}\]

  • b. គុណពង្រាយ \(-3ab(2a^2 - 4ab + b^2)\) ៖

    \[\begin{aligned} &-3ab(2a^2 - 4ab + b^2) \\ &= -6a^3b + 12a^2b^2 - 3ab^3 \end{aligned}\]

២០លំហាត់ទី ២០

គណនាផលគុណទ្វេធានឹងទ្វេធា ៖

  1. \((2x - 3)(4x + 5)\)

  2. \((3a - 2b)(2a + 5b)\)

មើលដំណោះស្រាយ

គណនាផលគុណទ្វេធានឹងទ្វេធា ៖

  • a. គុណពង្រាយ \((2x - 3)(4x + 5)\) ៖

    \[\begin{aligned} (2x - 3)(4x + 5) &= 2x(4x + 5) - 3(4x + 5) \\ &= 8x^2 + 10x - 12x - 15 \\ &= 8x^2 - 2x - 15 \end{aligned}\]

  • b. គុណពង្រាយ \((3a - 2b)(2a + 5b)\) ៖

    \[\begin{aligned} &(3a - 2b)(2a + 5b) \\ &= 6a^2 + 15ab - 4ab - 10b^2 \\ &= 6a^2 + 11ab - 10b^2 \end{aligned}\]

២១លំហាត់ទី ២១

គណនា \((x^2 - 2x + 3)(2x - 1)\)។

មើលដំណោះស្រាយ

គុណពង្រាយពហុធានឹងទ្វេធា ៖

\[\begin{aligned} &(x^2 - 2x + 3)(2x - 1) \\ &= 2x(x^2 - 2x + 3) - (x^2 - 2x + 3) \\ &= 2x^3 - 4x^2 + 6x - x^2 + 2x - 3 \\ &= 2x^3 - 5x^2 + 8x - 3 \end{aligned}\]

២២លំហាត់ទី ២២

គណនា \((3x - 1)(x^2 + 7x - 5)\)។

មើលដំណោះស្រាយ

គុណពង្រាយទ្វេធានឹងពហុធា ៖

\[\begin{aligned} &(3x - 1)(x^2 + 7x - 5) \\ &= 3x(x^2 + 7x - 5) - (x^2 + 7x - 5) \\ &= 3x^3 + 21x^2 - 15x - x^2 - 7x + 5 \\ &= 3x^3 + 20x^2 - 22x + 5 \end{aligned}\]

២៣លំហាត់ទី ២៣

គណនា \((x^2 - xy + y^2)(x + y)\)។

មើលដំណោះស្រាយ

គុណពង្រាយអង្គនីមួយៗ ៖

\[\begin{aligned} &(x^2 - xy + y^2)(x + y) \\ &= x(x^2 - xy + y^2) + y(x^2 - xy + y^2) \\ &= x^3 - x^2y + xy^2 + x^2y - xy^2 + y^3 \\ &= x^3 + y^3 \end{aligned}\]
សម្គាល់ ៖ នេះជាទម្រង់រូបមន្តផលបូកគូប \((A+B)(A^2-AB+B^2) = A^3+B^3\)។

២៤លំហាត់ទី ២៤

គណនា \((2x^2 + 3x - 1)(x^2 - 2x + 4)\)។

មើលដំណោះស្រាយ

គុណពង្រាយត្រីធានឹងត្រីធា ៖

\[\begin{aligned} &(2x^2 + 3x - 1)(x^2 - 2x + 4) \\ &\quad{} = 2x^2(x^2 - 2x + 4) + 3x(x^2 - 2x + 4) \\ &\quad{}\quad{} - (x^2 - 2x + 4) \\ &\quad{} = 2x^4 - 4x^3 + 8x^2 + 3x^3 \\ &\quad{}\quad{} - 6x^2 + 12x - x^2 + 2x - 4 \\ &\quad{} = 2x^4 - x^3 + x^2 + 14x - 4 \end{aligned}\]

២៥លំហាត់ទី ២៥

គណនា \((x - 1)(x + 2)(x - 3)\)។

មើលដំណោះស្រាយ

គុណជាលំដាប់ពីឆ្វេងទៅស្តាំ ៖

\[\begin{aligned} &(x - 1)(x + 2)(x - 3) \\ &= (x^2 + x - 2)(x - 3) \\ &= x^3 + x^2 - 2x - 3x^2 - 3x + 6 \\ &= x^3 - 2x^2 - 5x + 6 \end{aligned}\]

២៦លំហាត់ទី ២៦

ពន្លាតកន្សោមខាងក្រោមដោយប្រើរូបមន្តទ្វេធាការ៉េ ៖

  1. \((2x + 3)^2\)

  2. \((3a - 4b)^2\)

មើលដំណោះស្រាយ

ប្រើរូបមន្តទ្វេធាការ៉េ \((A \pm B)^2 = A^2 \pm 2AB + B^2\) ៖

  • a. \((2x + 3)^2 = (2x)^2 + 2(2x)(3) + 3^2 = 4x^2 + 12x + 9\)

  • b. \((3a - 4b)^2 = (3a)^2 - 2(3a)(4b) + (4b)^2 = 9a^2 - 24ab + 16b^2\)

២៧លំហាត់ទី ២៧

ពន្លាតកន្សោម \((2a - b + 3c)^2\)។

មើលដំណោះស្រាយ

ប្រើរូបមន្តត្រីធាការ៉េ \((A + B + C)^2 = A^2 + B^2 + C^2 + 2AB + 2BC + 2CA\) ដែល \(A = 2a, B = -b, C = 3c\) ៖

\[\begin{aligned} &(2a - b + 3c)^2 \\ &= (2a)^2 + (-b)^2 + (3c)^2 \\ &\quad{} + 2(2a)(-b) + 2(-b)(3c) + 2(3c)(2a) \\ &= 4a^2 + b^2 + 9c^2 \\ &\quad{} - 4ab - 6bc + 12ac \end{aligned}\]

២៨លំហាត់ទី ២៨

ពន្លាតកន្សោម \((x - y + 2z)^2\)។

មើលដំណោះស្រាយ

ពន្លាតតាមរូបមន្ត \((A + B + C)^2\) ចំពោះ \(A = x, B = -y, C = 2z\) ៖

\[\begin{aligned} (x - y + 2z)^2 &= x^2 + (-y)^2 + (2z)^2 + 2(x)(-y) \\ &\quad{} + 2(-y)(2z) + 2(2z)(x) \\ &= x^2 + y^2 + 4z^2 - 2xy - 4yz + 4xz \end{aligned}\]

២៩លំហាត់ទី ២៩

គណនាផលគុណ \((x + 1)(x - 1)(x^2 + 1)\)។

មើលដំណោះស្រាយ

ប្រើរូបមន្តផលសងការ៉េ \((A - B)(A + B) = A^2 - B^2\) ៖

\[\begin{aligned} (x + 1)(x - 1)(x^2 + 1) &= [(x + 1)(x - 1)](x^2 + 1) \\ &= (x^2 - 1)(x^2 + 1) \\ &= (x^2)^2 - 1^2 = x^4 - 1 \end{aligned}\]

៣០លំហាត់ទី ៣០

គណនាផលគុណ \((x - 2)(x + 2)(x^2 + 4)(x^4 + 16)\)។

មើលដំណោះស្រាយ

ប្រើរូបមន្តផលសងការ៉េជាបន្តបន្ទាប់ ៖

\[\begin{aligned} &(x - 2)(x + 2)(x^2 + 4)(x^4 + 16) \\ &\quad{} = [(x - 2)(x + 2)](x^2 + 4)(x^4 + 16) \\ &\quad{} = (x^2 - 4)(x^2 + 4)(x^4 + 16) \\ &\quad{} = [(x^2)^2 - 4^2](x^4 + 16) \\ &\quad{} = (x^4 - 16)(x^4 + 16) \\ &\quad{} = (x^4)^2 - 16^2 = x^8 - 256 \end{aligned}\]

៣១លំហាត់ទី ៣១

ពន្លាតកន្សោម \((2x + 1)^3\)។

មើលដំណោះស្រាយ

ប្រើរូបមន្តទ្វេធាគូប \((A + B)^3 = A^3 + 3A^2B + 3AB^2 + B^3\) ដែល \(A = 2x, B = 1\) ៖

\[\begin{aligned} (2x + 1)^3 &= (2x)^3 + 3(2x)^2(1) + 3(2x)(1)^2 + 1^3 \\ &= 8x^3 + 3(4x^2)(1) + 3(2x)(1) + 1 \\ &= 8x^3 + 12x^2 + 6x + 1 \end{aligned}\]

៣២លំហាត់ទី ៣២

ពន្លាតកន្សោម \((x - \frac{1}{3})^3\)។

មើលដំណោះស្រាយ

ប្រើរូបមន្ត \((A - B)^3 = A^3 - 3A^2B + 3AB^2 - B^3\) ដែល \(A = x, B = \dfrac{1}{3}\) ៖

\[\begin{aligned} \left(x - \dfrac{1}{3}\right)^3 &= x^3 - 3x^2\left(\dfrac{1}{3}\right) + 3x\left(\dfrac{1}{3}\right)^2 - \left(\dfrac{1}{3}\right)^3 \\ &= x^3 - x^2 + 3x\left(\dfrac{1}{9}\right) - \dfrac{1}{27} \\ &= x^3 - x^2 + \dfrac{1}{3}x - \dfrac{1}{27} \end{aligned}\]

៣៣លំហាត់ទី ៣៣

ពន្លាតកន្សោមខាងក្រោម ៖

  1. \((a - 2)(a^2 + 2a + 4)\)

  2. \((2x + 3)(4x^2 - 6x + 9)\)

មើលដំណោះស្រាយ

ប្រើរូបមន្តផលបូក និងផលសងគូប ៖

  • a. តាម \((A - B)(A^2 + AB + B^2) = A^3 - B^3\) ៖

    \[\begin{aligned} (a - 2)(a^2 + 2a + 4) &= a^3 - 2^3 = a^3 - 8 \end{aligned}\]

  • b. តាម \((A + B)(A^2 - AB + B^2) = A^3 + B^3\) ៖

    \[\begin{aligned} (2x + 3)(4x^2 - 6x + 9) &= (2x)^3 + 3^3 \\ &= 8x^3 + 27 \end{aligned}\]

៣៤លំហាត់ទី ៣៤

ដាក់កន្សោមខាងក្រោមជាផលគុណកត្តាដោយទាញកត្តារួម ៖

  1. \(3a^2b - 18ab^2\)

  2. \(12x^3y^2 - 8x^2y^3 + 4x^2y^2\)

មើលដំណោះស្រាយ

ដាក់ជាផលគុណកត្តាដោយទាញកត្តារួមធំបំផុត ៖

  • a. \(3a^2b - 18ab^2 = 3ab(a) - 3ab(6b) = 3ab(a - 6b)\)

  • b. \(12x^3y^2 - 8x^2y^3 + 4x^2y^2 = 4x^2y^2(3x) - 4x^2y^2(2y) + 4x^2y^2(1) = 4x^2y^2(3x - 2y + 1)\)

៣៥លំហាត់ទី ៣៥

ដាក់កន្សោមខាងក្រោមជាផលគុណកត្តាដោយវិធីផ្គុំតួ ៖

  1. \(ax + ay + bx + by\)

  2. \(x^3 - x^2 + x - 1\)

មើលដំណោះស្រាយ

ដាក់ជាផលគុណកត្តាដោយផ្គុំតួ ៖

  • a. ផ្គុំជាពីរក្រុម ៖

    \[\begin{aligned} ax + ay + bx + by &= (ax + ay) + (bx + by) \\ &= a(x + y) + b(x + y) \\ &= (x + y)(a + b) \end{aligned}\]

  • b. ផ្គុំតួ ៖

    \[\begin{aligned} x^3 - x^2 + x - 1 &= (x^3 - x^2) + (x - 1) \\ &= x^2(x - 1) + 1(x - 1) \\ &= (x - 1)(x^2 + 1) \end{aligned}\]

៣៦លំហាត់ទី ៣៦

ដាក់ជាផលគុណកត្តា ៖ \(x^2 - 11x + 24\)។

មើលដំណោះស្រាយ

ដាក់ជាផលគុណកត្តាត្រីធាដឺក្រេទី ២ \(x^2 - 11x + 24\) ៖ ស្វែងរកពីរចំនួន \(p\) និង \(q\) ដែលមានផលបូក \(p + q = -11\) និងផលគុណ \(p \cdot q = 24\)។ ចំនួនទាំងពីរនោះគឺ \(-3\) និង \(-8\) ព្រោះ \((-3) + (-8) = -11\) និង \((-3)(-8) = 24\)។

\[\begin{aligned} x^2 - 11x + 24 &= x^2 - 3x - 8x + 24 \\ &= x(x - 3) - 8(x - 3) \\ &= (x - 3)(x - 8) \end{aligned}\]

៣៧លំហាត់ទី ៣៧

ដាក់ជាផលគុណកត្តា ៖ \(x(x - 4) - 5\)។

មើលដំណោះស្រាយ

ពង្រាយរួចរៀបជាត្រីធាដឺក្រេទី ២ ៖

\[x(x - 4) - 5 = x^2 - 4x - 5\]
ស្វែងរកពីរចំនួនដែលបូកបាន \(-4\) គុណបាន \(-5\) គឺ \(-5\) និង \(1\) ៖
\[\begin{aligned} x^2 - 4x - 5 &= x^2 - 5x + x - 5 \\ &= x(x - 5) + 1(x - 5) \\ &= (x - 5)(x + 1) \end{aligned}\]

៣៨លំហាត់ទី ៣៨

ដាក់ជាផលគុណកត្តា ៖ \(6x^2 + 13x - 8\)។

មើលដំណោះស្រាយ

ត្រីធា \(6x^2 + 13x - 8\) មាន \(ac = 6(-8) = -48\) និង \(b = 13\)។ ស្វែងរកពីរចំនួនដែលគុណគ្នាបាន \(-48\) ហើយបូកគ្នាបាន \(13\) គឺ \(16\) និង \(-3\)។ បំបែកតួកណ្តាល \(13x = 16x - 3x\) ៖

\[\begin{aligned} 6x^2 + 13x - 8 &= 6x^2 + 16x - 3x - 8 \\ &= 2x(3x + 8) - 1(3x + 8) \\ &= (3x + 8)(2x - 1) \end{aligned}\]

៣៩លំហាត់ទី ៣៩

ដាក់ជាផលគុណកត្តា ៖ \((a - 3)^2 - (a - 3)\)។

មើលដំណោះស្រាយ

កន្សោម \((a - 3)^2 - (a - 3)\) មានកត្តារួមគឺ \((a - 3)\) ៖

\[\begin{aligned} (a - 3)^2 - (a - 3) &= (a - 3)[(a - 3) - 1] \\ &= (a - 3)(a - 4) \end{aligned}\]

៤០លំហាត់ទី ៤០

ដាក់ជាផលគុណកត្តា ៖ \(x^2 - x - y^2 - y\)។

មើលដំណោះស្រាយ

ផ្គុំតួ និងប្រើផលសងការ៉េ ៖

\[\begin{aligned} (x^2 - y^2) - (x + y) &= (x - y)(x + y) - 1(x + y) \\ &= (x + y)[(x - y) - 1] \\ &= (x + y)(x - y - 1) \end{aligned}\]

៤១លំហាត់ទី ៤១

ដាក់ជាផលគុណកត្តា ៖ \((x - y)(x - y + 5) + 6\)។

មើលដំណោះស្រាយ

តាង \(u = x - y\) កន្សោមទៅជា ៖

\[\begin{aligned} u(u + 5) + 6 &= u^2 + 5u + 6 \\ &= (u + 2)(u + 3) \end{aligned}\]
ជំនួស \(u = x - y\) ត្រឡប់មកវិញ គេបាន ៖
\[(x - y + 2)(x - y + 3)\]

៤២លំហាត់ទី ៤២

ដាក់ជាផលគុណកត្តា ៖ \(a^2 - 2ab + b^2 - 9\)។

មើលដំណោះស្រាយ

ផ្គុំតួបីដំបូងជាទ្វេធាការ៉េ រួចប្រើផលសងការ៉េ ៖

\[\begin{aligned} a^2 - 2ab + b^2 - 9 &= (a - b)^2 - 3^2 \\ &= [(a - b) - 3][(a - b) + 3] \\ &= (a - b - 3)(a - b + 3) \end{aligned}\]

៤៣លំហាត់ទី ៤៣

ដាក់ជាផលគុណកត្តា ៖ \(x^4 - 2x^2y^2 + y^4\)។

មើលដំណោះស្រាយ

ប្រើរូបមន្តទ្វេធាការ៉េ \(A^2 - 2AB + B^2 = (A - B)^2\) ចំពោះ \(A = x^2, B = y^2\) ៖

\[\begin{aligned} x^4 - 2x^2y^2 + y^4 &= (x^2)^2 - 2(x^2)(y^2) + (y^2)^2 \\ &= (x^2 - y^2)^2 \\ &= [(x - y)(x + y)]^2 \\ &= (x - y)^2(x + y)^2 \end{aligned}\]

៤៤លំហាត់ទី ៤៤

ចតុកោណកែងមួយមានបណ្តោយស្មើ \((2x + 5)\text{ cm}\) និងទទឹងស្មើ \((x + 2)\text{ cm}\)។

  1. រកពហុធាតំណាងឱ្យបរិមាត្រ

  2. រកពហុធាតំណាងឱ្យផ្ទៃក្រឡា

មើលដំណោះស្រាយ

ចតុកោណកែងមានបណ្តោយ \(L = 2x + 5\) និងទទឹង \(w = x + 2\) ៖

  • a. បរិមាត្រនៃចតុកោណកែង ៖

    \[\begin{aligned} P &= 2(L + w) = 2[(2x + 5) + (x + 2)] \\ &= 2(3x + 7) = 6x + 14\text{ cm} \end{aligned}\]

  • b. ផ្ទៃក្រឡានៃចតុកោណកែង ៖

    \[\begin{aligned} S &= L \times w = (2x + 5)(x + 2) \\ &= 2x(x + 2) + 5(x + 2) \\ &= 2x^2 + 4x + 5x + 10 \\ &= 2x^2 + 9x + 10\text{ cm}^2 \end{aligned}\]

៤៥លំហាត់ទី ៤៥

គូបមួយមានរង្វាស់ទ្រនុងស្មើ \((x + 3)\text{ cm}\)។ សរសេរពហុធាតំណាងឱ្យផ្ទៃក្រឡាសរុប និងមាឌនៃគូបនេះ។

មើលដំណោះស្រាយ

គូបមានប្រវែងទ្រនុង \(a = x + 3\) ៖

  • ផ្ទៃក្រឡាសរុបនៃគូប (មាន ៦ មុខស្មើគ្នា) ៖

    \[\begin{aligned} S_t &= 6a^2 = 6(x + 3)^2 \\ &= 6(x^2 + 6x + 9) \\ &= 6x^2 + 36x + 54\text{ cm}^2 \end{aligned}\]

  • មាឌនៃគូប ៖

    \[\begin{aligned} V &= a^3 = (x + 3)^3 \\ &= x^3 + 3(x^2)(3) + 3(x)(3^2) + 3^3 \\ &= x^3 + 9x^2 + 27x + 27\text{ cm}^3 \end{aligned}\]

៤៦លំហាត់ទី ៤៦

ប្រអប់រាងប្រលេឡូពីប៉ែតកែងមួយមានវិមាត្របាតជា \((x + 1)\text{ cm}\) និង \((x + 2)\text{ cm}\) ហើយកម្ពស់ស្មើ \((x + 3)\text{ cm}\)។ រកពហុធាតំណាងឱ្យមាឌនៃប្រអប់នេះ។

មើលដំណោះស្រាយ

វិមាត្រនៃប្រអប់ប្រលេឡូពីប៉ែតកែងគឺ \(L = x + 3, w = x + 2, h = x + 1\) ៖

\[\begin{aligned} V &= L \times w \times h = (x + 1)(x + 2)(x + 3) \\ &= (x^2 + 3x + 2)(x + 3) \\ &= x(x^2 + 3x + 2) + 3(x^2 + 3x + 2) \\ &= x^3 + 3x^2 + 2x + 3x^2 + 9x + 6 \\ &= x^3 + 6x^2 + 11x + 6\text{ cm}^3 \end{aligned}\]

៤៧លំហាត់ទី ៤៧

លំហាត់ PISA - សួនច្បាររាងចតុកោណកែង ៖ លោកសុខចង់ធ្វើរបងសួនច្បាររាងចតុកោណកែងមួយ ដែលមានទទឹង \(x\text{ m}\) និងបណ្តោយ \((x + 5)\text{ m}\)។

  1. ចូរសរសេរពហុធាតំណាងឱ្យបរិមាត្រនៃសួនច្បារនេះ ជាអនុគមន៍នៃ \(x\)។

  2. ចូរសរសេរពហុធាតំណាងឱ្យផ្ទៃក្រឡានៃសួនច្បារនេះ ជាអនុគមន៍នៃ \(x\)។

  3. ប្រសិនបើ \(x = 10\text{ m}\) ចូរគណនាផ្ទៃក្រឡានៃសួនច្បារនោះ។

មើលដំណោះស្រាយ

លំហាត់ PISA - សួនច្បារ ៖ សួនច្បាររាងចតុកោណកែងមានទទឹង \(x\) ម៉ែត្រ និងបណ្តោយ \(x + 5\) ម៉ែត្រ។

  • a. កន្សោមបរិមាត្រ ៖

    \[P(x) = 2[x + (x + 5)] = 2(2x + 5) = 4x + 10\text{ m}\]

  • b. កន្សោមផ្ទៃក្រឡា ៖

    \[S(x) = x(x + 5) = x^2 + 5x\text{ m}^2\]

  • c. ប្រសិនបើ \(x = 10\text{ m}\) ៖

    \[S(10) = 10^2 + 5(10) = 100 + 50 = 150\text{ m}^2\]

៤៨លំហាត់ទី ៤៨

លំហាត់ PISA - ការធ្វើប្រអប់ក្រដាស ៖ សិស្សម្នាក់មានក្រដាសកាតុងរាងចតុកោណកែងដែលមានវិមាត្រ \(20\text{ cm} \times 30\text{ cm}\)។ គេកាត់ជ្រុងទាំងបួនចេញជារាងការ៉េដែលមានជ្រុង \(x\text{ cm}\) រួចបត់ធ្វើជាប្រអប់គ្មានគម្រប។

  1. ចូរសរសេរពហុធាតំណាងឱ្យមាឌនៃប្រអប់នេះ ជាអនុគមន៍នៃ \(x\)។

  2. ប្រសិនបើ \(x = 3\text{ cm}\) តើប្រអប់នោះមានមាឌស្មើប៉ុន្មាន?

មើលដំណោះស្រាយ

លំហាត់ PISA - ប្រអប់ក្រដាស ៖ បន្ទះក្រដាសមានវិមាត្រ \(30\text{ cm} \times 20\text{ cm}\)។ ពេលកាត់ការ៉េជ្រុង \(x\) នៅគ្រប់ជ្រុងទាំងបួន រួចបត់ឡើង ៖ - វិមាត្របាតប្រអប់ ៖ បណ្តោយ \(30 - 2x\) និងទទឹង \(20 - 2x\) - កម្ពស់ប្រអប់ ៖ \(x\)

  • a. កន្សោមមាឌនៃប្រអប់ ៖

    \[\begin{aligned} V(x) &= x(30 - 2x)(20 - 2x) \\ &= x(600 - 60x - 40x + 4x^2) \\ &= x(4x^2 - 100x + 600) \\ &= 4x^3 - 100x^2 + 600x\text{ cm}^3 \end{aligned}\]

  • b. ចំពោះ \(x = 3\text{ cm}\) ៖

    \[\begin{aligned} V(3) &= 4(3)^3 - 100(3)^2 + 600(3) \\ &= 4(27) - 100(9) + 1800 \\ &= 108 - 900 + 1800 = 1008\text{ cm}^3 \end{aligned}\]

៤៩លំហាត់ទី ៤៩

លំហាត់ PISA - ចំណូល និងប្រាក់ចំណេញ ៖ ហាងលក់សៀវភៅមួយមានចំណូលពីការលក់សៀវភៅចំនួន \(x\) ក្បាល តំណាងដោយ \(R(x) = 120x - 2x^2\) និងថ្លៃដើមសរុបតំណាងដោយ \(C(x) = 40x + 150\)។

  1. តើពហុធាដែលតំណាងឱ្យប្រាក់ចំណេញ \(P(x)\) ស្មើនឹងប៉ុន្មាន? (ដឹងថា \(P(x) = R(x) - C(x)\))

  2. គណនាប្រាក់ចំណេញ ប្រសិនបើហាងលក់បានសៀវភៅចំនួន \(x = 20\) ក្បាល។

មើលដំណោះស្រាយ

លំហាត់ PISA - ប្រាក់ចំណេញ ៖ ចំណូល \(R(x) = 120x - 2x^2\) និងចំណាយ \(C(x) = 40x + 150\)។

  • a. កន្សោមប្រាក់ចំណេញ \(P(x) = R(x) - C(x)\) ៖

    \[\begin{aligned} P(x) &= (120x - 2x^2) - (40x + 150) \\ &= -2x^2 + 120x - 40x - 150 \\ &= -2x^2 + 80x - 150 \end{aligned}\]

  • b. ចំពោះ \(x = 20\) ឯកតា ៖

    \[\begin{aligned} P(20) &= -2(20)^2 + 80(20) - 150 \\ &= -2(400) + 1600 - 150 \\ &= -800 + 1600 - 150 = 650\text{ ពាន់រៀល} \end{aligned}\]
    ដូចនេះ ប្រាក់ចំណេញទទួលបានគឺ \(650\,000\) រៀល។

៥០លំហាត់ទី ៥០

លំហាត់ PISA - ត្រីកោណកែង និងទ្រឹស្តីបទពីតាករ ៖ ត្រីកោណកែងមួយមានជ្រុងមុំកែងមានរង្វាស់ \(x\) និង \(x + 7\) ហើយអ៊ីប៉ូតេនុសមានរង្វាស់ \(x + 8\) (គិតជា \(\text{cm}\))។

  1. ដោយប្រើទ្រឹស្តីបទពីតាករ ចូរបង្ហាញថាតម្លៃ \(x\) ផ្ទៀងផ្ទាត់សមីការ \(x^2 - 2x - 15 = 0\)។

  2. ដោះស្រាយសមីការនេះដើម្បីទាញរករង្វាស់ជ្រុងទាំងបីនៃត្រីកោណកែង។

  3. គណនាផ្ទៃក្រឡានៃត្រីកោណកែងនោះ។

មើលដំណោះស្រាយ

លំហាត់ PISA - ត្រីកោណកែង ៖ ត្រីកោណកែងមានជ្រុងជាប់មុំកែង \(x\) និង \(x + 7\), អ៊ីប៉ូតេនុស \(x + 8\) (\(x > 0\))។

  • a. តាមទ្រឹស្តីបទពីតាករ ៖

    \[\begin{aligned} x^2 + (x + 7)^2 &= (x + 8)^2 \\ 2x^2 + 14x + 49 &= x^2 + 16x + 64 \\ x^2 - 2x - 15 &= 0 \end{aligned}\]

  • b. ដោះស្រាយសមីការ \(x^2 - 2x - 15 = 0\) ៖

    \[(x - 5)(x + 3) = 0 \implies x = 5 \quad{} (\text{ព្រោះ } x > 0)\]
    ប្រវែងជ្រុងទាំងបីគឺ ៖ - ជ្រុងទីមួយ ៖ \(x = 5\text{ cm}\) - ជ្រុងទីពីរ ៖ \(x + 7 = 5 + 7 = 12\text{ cm}\) - អ៊ីប៉ូតេនុស ៖ \(x + 8 = 5 + 8 = 13\text{ cm}\)

  • c. ផ្ទៃក្រឡានៃត្រីកោណកែង ៖

    \[S = \frac{1}{2} \times 5 \times 12 = 30\text{ cm}^2\]

សំណួរពហុជ្រើសរើស

ជ្រើសរើសចម្លើយត្រឹមត្រូវតែមួយ រួចចុច «ពិនិត្យ»។ ចម្លើយរបស់អ្នកត្រូវបានរក្សាទុកក្នុងកុំព្យូទ័រនេះ។

✎ សំណួរទី ១–១០

✎ សំណួរទី ១១–២០

✎ សំណួរទី ២១–៣០

✎ សំណួរទី ៣១–៤០

✎ សំណួរទី ៤១–៥០

តេស្តសមត្ថភាព ៖ ជំពូកទី ១ ពហុធា និងប្រមាណវិធីចែកពហុធា — ៥០ សំណួរ · ៩០ នាទី

ចាប់ផ្ដើមតេស្ត